សាលា​រាជធានី​កំពុង​សិក្សា​ពី​បញ្ហា មុន​សម្រេច​ឲ្យ​សង់​អគារ​ភ្លោះ​តម្លៃ​១ ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាងថា គម្រោង​អគារ​ភ្លោះ​កម្ពស់ ១៣៣​ជាន់ ឈ្មោះ «​អគារ​ភ្លោះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ ប៊ុន​រ៉ុង​»  សាលា​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​ផលប៉ះពាល់​មួយចំនួន មុននឹង​សម្រេច​ចុងក្រោយ​ឲ្យ​ក្រុមហ៊ុន​សាងសង់​។​

​លោក ឡុង ឌី​ម៉​ង់ និយាយថា សាលា​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​ពី​បញ្ហា​អគ្គិសនី ប្រព័ន្ធ​លូ និង​ការបង្ការ​ហានិភ័យ​ជាយថាហេតុ​នានា មុននឹង​សាលា​រាជធានី​អនុម័ត​ឲ្យ​ក្រុមហ៊ុន សាងសង់​ដំណើរការ​សាង់សង់​។ តែ​យ៉ាងណា​លោក ឌី​ម៉​ង់ បញ្ជាក់ថា គម្រោង​នេះ អាច​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ ២០១៦ នេះ លើ​ផ្ទៃដី​ទំហំ ៥ ហិកតា​។​

​គម្រោង​សាងសង់​អគារ​ភ្លោះ​កម្ពស់ ១៣៣​ជាន់ ឬ​ស្មើនឹង​ជាង ៥០០​ម៉ែត្រ ដែល​ចំណាយ​ថវិកា​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត ឌ្រី​ម លែ​ន ជា​គម្រោង​ស្ថិតក្រោម​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង ខូ​អិ​ល​ធី​ឌី និង​ក្រុមហ៊ុន​សាងសង់​របស់​ចិន​។ តាម​គម្រោង អគារ​នេះ នឹង​ចំណាយពេល​សាងសង់​រយៈ ពេល ៣​ឆ្នាំ ដោយ​បញ្ចប់​ក្នុង​ឆ្នាំ ២០១៩ ។ អគារ​ខ្ពស់កប់ពពក​នេះ គេ​រំពឹងថា​ជា​អគារ​ខ្នាត​យក្ស​ក្នុង​តំបន់​អាស៊ី ដែល​វា​នឹង​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទល់មុខ ណាហ្គា​វើ​ល​។​

​លោក ឡុង ឌី​ម៉​ង និយាយថា គម្រោង​នេះ ជា​គម្រោង​ដ៏​ធំ​បំផុត​មួយ នៅ​អាស៊ី ហើយ​វា​នឹង​បង្ហាញ​ពីមុខ​មាត់ នឹង​លំនឹង​សេដ្ឋកិច្ចកម្ពុជា​លើ​វិស័យ​សំណង់ ដែល​កំពុងមាន​ការរីក​ចម្រើន និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ កាន់តែច្រើន​បន្ថែមទៀត​។​

​បើតាម​លោក ឡុង ឌី​ម៉​ង់ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ រាជធានី​ភ្នំពេញ​មាន​សំណង់​អគារ​ខ្ពស់ៗ ចាប់ពី​កម្ពស់ ៥​ជាន់ ដល់​លើសពី ៤០​ជាន់​ឡើងទៅ មាន​ចំនួន ៦២៨​អគារ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​