ចិន​មាន​មហិច្ឆតា​ច្បាម​យក​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ធ្វើ​ជា​យុទ្ធសាស្ត្រ​អំណាច​យោធា​ ដោយ​មិន​ខ្វល់​នឹង​ប្រតិកម្ម​ប្រទេស​ជិតខាង​

​សកម្មភាព​សាងសង់​កោះ​ប៉ប្រះ​ទឹក​សិប្បនិម្មិត​ និង​ទីតាំង​យោធា​ដោយ​បើកចំហ​របស់​ចិន​ នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ គឺ​បាន​បង្ហាញ​អំពី​មហិច្ឆតា​របស់​ចិន​ឈាន​ទៅ​ច្បាម​យក​តំបន់​ទឹក​ជ្រៅ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ធ្វើ​ជាទី​តាំង​សម្រាប់​កម្លាំង​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ និង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ បម្រើ​ឲ្យ​យុទ្ធសាស្ត្រ​អំណាច​យោធា​របស់​ខ្លួន​ ដោយ​មិន​ខ្វល់​ទៅ​នឹង​ប្រតិកម្ម​ព្រោងព្រាត​របស់​បណ្តា​ប្រទេស​ជិតខាង​មួយ​ចំនួន​ឡើយ​ ខណៈ​អ្នកឯកទេស​យោធា​ និង​សន្តិសុខ​អន្តរជាតិ​ បញ្ជាក់​ និង​វិភាគ​ថា​ តំបន់​សមុទ្រ​ចិន​ភាគ​ខាងត្បូង​មាន​ជម្រៅ​ទឹក​រាប់​ពាន់​ម៉ែត្រ​ ហើយ​មាន​រូងភ្នំ​ជ្រៅ​នៅ​បាតសមុទ្រ​ ងាយស្រួល​ឲ្យ​នាវាមុជទឹក​លាក់ខ្លួន​ដោយ​គ្មាន​ឧបករណ៍​អ្វី​រក​ឃើញ​ ឬ​អាច​និយាយ​បាន​ថា​ ជា​តំបន់​អំណោយផល​ដល់​ជម្រក​នាវាមុជទឹក​ គេច​ផុត​ពី​ការ​ចាប់​របស់​ប្រព័ន្ធ​រ៉ា​ដា​ផ្សេងៗ​ ហើយ​ក៏​ជា​ចំណុច​ចាប់អារម្មណ៍​បំផុត​របស់​ចិន​ផង​ដែរ​ ។​

​លោក​សាស្ត្រាចារ្យ​ Carl​ Thayer​ បង្រៀន​នៅ​សាកលវិទ្យាល័យ​ New​ South​ Wales​ នៃ​ប្រទេស​អូស្ត្រាលី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ជា​តំបន់​យុ​ទ្ទ​សាស្ត្រ​អំណាច​យោធា​របស់​ខ្លួន​ ក្នុង​ន័យ​គំរាមកំហែង​ដល់​បណ្តា​មាន​ប្រទេស​មាន​វិវាទ​ដែន​អធិបតេយ្យភាព​ជាមួយ​ខ្លួន​ រួម​មាន​ វៀតណាម​ និង​ហ្វី​លី​ពី​ន​ជាដើម​ និង​ក៏​ក្នុង​ន័យ​ទប់ទល់​នឹង​ការ​វាយប្រហារ​ជាយថាហេតុ​ណាមួយ​ពី​សំណាក់​មហាអំណាច​អា​មេ​រិ​ក​ ។​

​លោក​ Bernard​ D.Code​ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​យោធា​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា​ ចិន​កំពុង​តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​នាវាមុជទឹក​ ដូចដែល​អតីត​សហភាព​សូ​វៀត​ធ្លាប់​បាន​ប្រើប្រាស់​កាលពី​សម័យ​សង្គ្រាមត្រជាក់​ ខណៈ​នាវាមុជទឹក​អា​មេ​រិ​ក​នា​ពេល​នោះ​ ងាយស្រួល​ក្នុង​ការ​រក​ឃើញ​ដោយ​នាវាមុជទឹក​សូ​វៀត​ ។​ ដូច្នេះ​ ទើប​សូ​វៀត​បង្កើត​ទីតាំង​នាវាមុជទឹក​ដ៏​រឹង​មាំ​ និង​មាន​ប្រព័ន្ធ​ការពារ​យ៉ាង​តឹងតែង​ ព្រមទាំង​ឋិត​នៅ​ក្បែរ​អា​មេ​រិ​ក​ ដែល​អាច​វាយប្រហារ​អា​មេ​រិ​កបាន​គ្រប់ពេល​ ។​

​របាយការណ៍​របស់​មន្ទីរ​ Pentagon​ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ចិន​មាន​នាវាមុជទឹក​យ៉ាងតិច​៥៦​គ្រឿង​ ក្នុង​នោះ​០៥​គ្រឿង​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​,​ ០៣​គ្រឿង​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ និង​មាន​គម្រោង​ផលិត​បន្ថែម​០៥​គ្រឿង​ទៀត​ ។​ បច្ចុប្បន្ន​ វា​នា​មុជទឹក​ JL2​ របស់​ចិន​ មិន​ទាន់​មាន​សមត្ថភាព​បាញ់​កាំជ្រួច​មី​ស៊ី​ល​ដល់​ទឹកដី​អា​មេ​រិ​ក​នៅឡើយ​ ។​ នាវាមុជទឹក​របស់​ចិន​មាន​សំឡេង​លាន់ឮ​ខ្លាំង​ជាង​នាវាមុជទឹក​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ ជា​ហេតុ​ធ្វើ​ឲ្យ​នាវាមុជទឹក​ចិន​ពិបាក​ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កដោយ​អា​មេ​រិ​ក​មិនដឹង​ ។​

​អ្នកឯកទេស​យោធា​និង​សន្តិសុខ​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ នាវាមុជទឹក​ពិបាក​ក្នុង​ការ​វាយប្រហារ​កម្ទេច​ពី​សត្រូវ​ មិន​ដូច​កាំជ្រួច​មី​ស៊ី​ល​នៅ​លើគោក​នោះ​ទេ​ ។​ ដូច្នេះ​ ប្រសិនបើ​ចិន​បង្កើត​ទីតាំង​ជម្រក​នាវាមុជទឹក​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​បាន​សម្រេច​ គឺ​ចិន​ក៏​អាច​មាន​សមត្ថភាព​ និង​លទ្ធភាព​វាយប្រហារ​តបត​ទៅ​លើ​អា​មេ​រិ​កបាន​គ្រប់ពេល​ ដោយ​កាំជ្រួច​មី​ស៊ី​ល​បំពាក់​ក្បាល​បរមាណូ​ឆ្លង​ទ្វីប​ បាញ់​ចេញពី​នាវាមុជទឹក​ ៕​

ចិន​មាន​មហិច្ឆតា​ច្បាម​យក​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ធ្វើ​ជា​យុទ្ធសាស្ត្រ​អំណាច​យោធា​ ដោយ​មិន​ខ្វល់​នឹង​ប្រតិកម្ម​ប្រទេស​ជិតខាង​ចិន​មាន​មហិច្ឆតា​ច្បាម​យក​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ធ្វើ​ជា​យុទ្ធសាស្ត្រ​អំណាច​យោធា​ ដោយ​មិន​ខ្វល់​នឹង​ប្រតិកម្ម​ប្រទេស​ជិតខាង​

Related