អភិបាល ខណ្ឌមានជ័យ ចុះពិនិត្យ ផ្លូវបេតុង មួយខ្សែ នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ: នៅម៉ោង១៧ និង៣០នាទីថ្ងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ព្រមទាំងមន្ត្រីជំនាញ មេភូមិ បានអញ្ជើញចុះពិនិត្យ ផ្លូវបេតុង មួយខ្សែ មានប្រវែង ៣៧៥ ម៉ែត្រ និងទទឹង៥ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ដែលជាគំរោងមូលនិធិរបស់សាលាខណ្ឌ ដែលទើបនិង ស្ថាបនារួច ។

ក្នុងដំណើរចុះពិនិត្យពីគុណភាពផ្លូវបេតុង នេះដែរ លោកអភិបាលខណ្ឌ បានសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានស្វែងយល់ជ្រួតជ្រាបអំពីបញ្ហានានាដែលពួកគាត់ប្រឈម ហើយអាជ្ញាធរមិនបានដឹងឮ ដើម្បីដោះស្រាយជូនពួកគាត់ ។

នៅតាមផ្ទះនីមួយៗ ដែលលោកអភិបាលខណ្ឌមានជ័យ បានជួបសំណេះ សំណាលនោះ លោកបានប្រាប់ដល់បងប្អូនប្រជាពលរដ្ឋថា ខណ្ឌមានជ័យ មានការិយាល័យច្រកចេញចូលតែមួយហើយ ដូច្នេះបើបងប្អូនត្រូវការបញ្ជាក់ ឬបំពេញសំណុំឯកសារផ្សេងៗ សូមបងប្អូនអញ្ជើញទៅទទួលសេវារដ្ឋបាលខណ្ឌ តានរយៈការិយាល័យច្រកចេញចូលតែមួយ ដោយខ្លួនឯងផ្ទាល់ ចៀសវាងពឹងពាក់អ្នករត់ការ ដែលអាចនាំអោយមានបញ្ហា ក្នុងការបង់តម្លៃសេវារដ្ឋបាលលើសការកំណត់របស់រដ្ឋ បានកំណត់ ។ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ខណ្ឌមានជ័យបានបង្កើតការិយាល័យនេះ មានគោលដៅ លើកកម្ពស់ប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ឲ្យបានឆាប់រហ័ស តាមនីតិវិធីសាមញ្ញ ប្រកបដោយតម្លាភាព គុណភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ អាចជួបលោកផ្ទាល់បាន ប្រសិនបើមានបញ្ហាប្រឈម ឬ រឿងអសន្តិសុខអ្វីមួយចង់អោយលោកអភិបាលដេាះស្រាយ ក្នុងករណីបើបងប្អូនបានប្តឹងទៅកាន់មន្ត្រីក្រោមៗរបស់លោកហើយ មានភាពយឺតយ៉ាវនោះ ។ លោកបន្ថែមថា បងប្អូនអាចទៅជួបលោកដល់ក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់លោកបានគ្រប់ពេលវេលា ប្រសិនបើលោកនៅកន្លែងធ្វើការ ប៉ុន្តែប្រសិនបើលោកមិនបាននៅបងប្អូនអាចទំនាក់ទំនងតាមរយះទូរស័ព្ទ ឬ តាមរយះ Account Facebook ផ្ទាល់ខ្លួនរបស់លោក ឈ្មេាះ ( ពេជ្រ កែវមុនី អភិបាល នៃគណះអភិបាលខណ្ឌមានជ័យ ) លោកនឹងរងចាំការរិះគន់ ក៏ដូចជាបញ្ហារបស់ប្រជាពលរដ្ឋគ្រប់ពេល ៕