ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

មណ្ឌលគិរី​៖ សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី ជា​ពិសេស​អភិបាលខេត្ត​ដែល​ទើប​ឡើង​កើន​តំណែង​ថ្មី​ត្រូវ​អនុវត្ត ។ ដោយ​សម្ដេច​ក្រឡាហោម​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​បញ្ហា​បទល្មើស​ព្រៃឈើ និង​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ក្ដៅ​គគុក​ក្នុង​ខេត្តមណ្ឌលគិរី​ដែល​មិន​អាច​ដោះស្រាយ​បាន ដូច្នេះ​សម្ដេច​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ទាំងនេះ​ត្រូវ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ ទើប​អាច​បង្ក្រាប​បទល្មើស​ទាំងនេះ​បាន​។

​សម្ដេច​ក្រឡាហោម ស ខេ​ង ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​តំណែង​អភិបាល​នៃ​គណៈ អភិបាលខេត្ត​មណ្ឌលគិរី​ដោយ​អតីត​អភិបាលខេត្ត​មណ្ឌលគិរី លោក អេ​ង ប៊ុ​ន​ហ៊ា​ង​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​ផ្សេង​នៅ​ក្រសួងមហាផ្ទៃ ជំនួស​វិញ​ដោយ​លោក ស្វាយ សំ​អ៊ា​ង អតីត​អភិបាលរង​ខេត្តមណ្ឌលគិរី​ដោយ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦
ក្រោម​អធិបតី​សម្តេច​ក្រឡាហោម ស ខេ​ង​។​សម្ដេច​ក្រឡាហោម បាន​លើក​ឡើង​ទៀត​ថា​បញ្ហា​ជា​ច្រើន​ចំណុច​ទៀត​ដែល​អាជ្ញាធរ​ជា​ពិសេស​អភិបាលខេត្ត​មណ្ឌលគិរី​ត្រូវ​រួម​គ្នា​ដោះស្រាយ​នោះ​ដូច​ជា បញ្ហា​សន្តិសុខ​សង្គម គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​សម្ដេច​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បង្ក្រាប​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ប្លន់​កើតឡើង​ខណៈ​ដែល​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើត​មាន​អំពើ​ប្លន់​ជា​បន្តបន្ទាប់​ចំពោះ​បញ្ហា​គ្រឿងញៀន​សម្ដេច​ក្រឡាហោម​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ត្រូវ​រួម​គ្នា​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាពចំណែក​បញ្ហា​ចុង​ក្រោយ​គឺ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​សម្ដេច​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យ​បាន​ទូលំទូលាយ​គ្រប់​ទីកន្លែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​ក្រុម​យុវជន​បាន​យល់​ដឹង​។

​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ថ្មីបាន​ធ្វើការ​ប្ដេជ្ញា​ថា​នឹង ពង្រឹង​ការ​ដឹកនាំ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុម​ការ​រងា​គណៈកម្មការ​អន្តរក្រសួង​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ពិនិត្យ​ផ្ទៀងផ្ទាត់ វាស់​ឈើ​នៅ​តាម​បណ្តា​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធ​ប្រមូល​ឈើ​នៅ​តាម​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​រាយការណ៍​ជូនគណៈកម្មការ ​អន្តរក្រសួង ពិនិត្យ​សម្រេច​និង​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ព្រមទាំង​ជម្រុញ​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នានា និង​ការ​ចូល​កាន់កាប់​ទន្ទ្រាន​ហ៊ុំ​ព័ទ្ធ​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ឲ្យ​ទាល់តែ​បាន​៕