អាជីវករ​លក់ដូរ​តាម​ឆ្នេរសមុទ្រ​សុំ​សភា​ជួយ

អាជីវករ​លក់ដូរ​តាម​ឆ្នេរសមុទ្រ​សុំ​សភា​ជួយ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ក្រុម​អាជីវករ​លក់ដូរ​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ក្នុង​ក្រុងព្រះសីហនុ ចំនួន​ជាង​១០០​នាក់​ដែល​អះអាង​ថា តំណាង​ឱ្យ​ចំនួន​១៥១​នាក់ បាន​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​រដ្ឋសភា ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ ។ ដោយ​ជំទាស់​ទៅ​នឹង​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត ដែល​តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើការ​រុះរើ​តូប​លក់ដូរ​ចេញ​ឱ្យ​អស់​ចាប់ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ដល់​ថ្ងៃ​ទី​១៣ មីនា ដោយ​លើក​ហេតុផល​ថា ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ។

យោង​តាម​ខ្លឹមសារ​លិខិត​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​បាន​បញ្ជាក់​ថា យើងខ្ញុំ​ទាំងអស់​គ្នា​ជា​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អា​រី​ស្តុ​ន ឆ្នេរ​មុខ​ព្រះរាជ​ដំណាក់ និង​ឆ្នេរ​អូ​ត្រេះ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ សូម​គោរព​ចូល​មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សូម​សម្តេច​មេត្តា​ជួយ​អន្តរាគមន៍ ដោះស្រាយ​ឱ្យ​យើងខ្ញុំ​ជា​អាជីវករ​ចំនួន​១៥១​នាក់ ដែល​បាន​ធ្វើ​អាជីវកម្ម​លក់ដូរ​បំរើ​វិស័យ​ទេសចរណ៍ ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹមជីវិត​គ្រួសារ​ប្រចាំ​ថ្ងៃ ។ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ  ដែល​តម្រូវ​ឱ្យ​អាជីវករ​យើងខ្ញុំ រុះរើ​សំណង់​អាជីវកម្ម​ចេញ​ពីលើ​ដី​ចំណី​ឆ្នេរ ក្នុង​រយៈពេល​១​ខែ​ចាប់​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៣ ខែមីនា ដោយ​គ្មាន​ការ​ប្រជុំ​ពិគ្រោះ​យោបល់ ដោះស្រាយ​ជាមួយ​យើងខ្ញុំ​ជា​អាជីវករ​លក់ដូរ​ទាំង​១៥១​តូប​ឡើយ​ធ្វើ​ឱ្យ​យើងខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។

អ្នកស្រី យឹ​ម ចិន្តា អាយុ​៣៤​ឆ្នាំ ជា​តំណាង​អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូ​ត្រេះ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានការ​ជូនដំណឹង​អំពី​សំណាក់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើការ​រុះរើ​តូប​លក់ដូរ​រួច​មក ពួក​គាត់​មានការ​ព្រួយបារម្ភ​ចំពោះ​រឿង​នេះ​យ៉ាង​ខ្លាំង ។ ដោយសារ​តែ​ពួក​គាត់​សុទ្ធតែ​ជា​អាជីវករ​តូចតាច រកស៊ី​បន្តិច​ប​ន្ទួ​ច មិនតែប៉ុណ្ណោះ​រាល់​ប្រាក់​ចំណាយ​ទៅ​លើ​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួក​គាត់​ទាំងនេះ គឺ​សុទ្ធតែ​បាន​មក​ពី​ការ​ខ្ចីប្រាក់​ធនាគារ​ទាំងអស់ ។

ទោះបី​បែប​ណា​អ្នកស្រី​បាន​អះអាង​ពី​ជំហរ​ថា ពួក​គាត់​មិន​មាន​បំណង​ណាមួយ​ប្រឆាំង​ទៅ​នឹង​គោលការណ៍​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​របស់​អាជ្ញាធរ​ឡើយ តែ​អ្នកស្រី​សុំ​ឱ្យ​អាជ្ញា​ធរមាន​ដំណោះស្រាយ​ដោយ​ផ្តល់​ទីតាំង​ណាមួយ​ដែល​មាន​លក្ខណៈ​សម​ស្រប​ដើម្បី​ងាយស្រួល ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​របស់​ពួក​គាត់​ផង ។ ជា​ចុង​ក្រោយ​អ្នក​ក​ស្រី​ក៏​សង្ឃឹមថា រាជរដ្ឋាភិបាល​នឹង​ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ដល់​ពួក​គាត់​ជា​មិន​ខាន ប្រសិនបើ​មិន​ដូច្នោះ​ទេ កម្រិតជីវភាព​របស់​ក្រុម​គ្រួសារ​ពិតជា​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង ។

ក្រោយ​ពី​ការ​ដាក់​ញត្តិ​សុំ​ការ​ធ្វើ​អន្តរាគមន៍​នៅ​រដ្ឋសភា​រួច​ហើយ ដោយ​មាន​តំណាង​រដ្ឋសភា​ចេញ​មក​ទទួល ពួក​គាត់​ក៏​បាន​បន្តដំណើរ​រថយន្ត​ទួ​រី​ស​ចំនួន​៣​គ្រឿង ធ្វើការ​ដាក់​ញត្តិ​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​នគរូបនីយ៍កម្ម និង​សំណង់ និង​ខុទ្ទកាល័យ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​វិញ ដោយ​មិន​បាន​បង្ក​បញ្ហា​អាក្រក់​ណាមួយ​ឡើយ ៕