ចោរ​ស្រី​ល្បី​រន្ទឺ​នៅ​បាត់ដំបង​ត្រូវ​បាន​វែកមុខ

ចោរ​ស្រី​ល្បី​រន្ទឺ​នៅ​បាត់ដំបង​ត្រូវ​បាន​វែកមុខ

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត​មុខសញ្ញា​ចោរ​ស្រី​បន្លំ​លួច​យ៉ាង​សកម្ម​ចំនួន​២​នាក់​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ណ្ដា​ល​ក្រុង​បាត់ដំបង កាលពី​ដើមខែ​នេះ ត្រូវ​អស់លក្ខណ៍ ដោយ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តបាត់ដំបង​ចាប់ខ្លួន​កាលពី​ថ្ងៃ​១៧ កុម្ភៈ នៅ​ឯ​ខេត្តបាត់ដំបង និង​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចាប់​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​១៨ កុម្ភៈ នេះ នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី ម៉ុ​ល សុ​ភេទ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា​៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ថា មានមុខ​សញ្ញា​ក្រុម​ចោរលួច​ម្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ក្រុង​សិរី​សោភ័ណ ។ លោក​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មានការ​បញ្ជា​ផ្ទាល់​ពី លោក​វរសេនីយ៍ឯក​សិទ្ធ ឡោះ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ បាន​ចាត់​ឱ្យ​កម្លាំង​ការិយាល័យ ជំនាញ​របស់​លោក​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តបាត់ដំបង ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ​យ៉ាង​ដុតដៃដុតជើង ។

ដោយ​មានការ​សម្របសម្រួល​ពី លោក​ផា​ន់ វណ្ណ​រ័​ត្ន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ ចេ​ង វ៉ា​ន់ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​យក​មក​ធ្វើការ​សាកសួរ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ជាមួយ​និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​លី  ធី​ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ជាមួយ​ប្តី​ធ្វើការ​ជា មន្ត្រី​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ។

តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹ​ង លាក់ ភេទ​ស្រី អាយុ​៧៨​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​និយាយ​ថា នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ខណៈ​ពេល​ដែល​គាត់​នៅ​ចាំផ្ទះ​ម្នាក់ឯង​អង្គុយ​នៅផ្ទះ​បាយ ក៏​មាន​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​សួរ​រក​ផ្ទះ​ជួល​នៅ​ម្តុំ​នេះ​ហើយ​មាន​ម្នាក់​អង្គុយ​លេង​ជាមួយ​គាត់​និយាយ​ពី​នេះ​ពី​នោះ និង​ធ្វើ​ជា​ច្របាច់​ដៃជើង​ឱ្យ​គាត់​ធ្វើ​ដូច​ជា​ស្គាល់​រាប់អាន​គ្នា​យូរ​ឆ្នាំ​ហើយ ចំណែក​ម្នាក់​ទៀត​សួរ​រក​បន្ទប់ទឹក និង បានឱ្យ​លុយ​គាត់​ចំនួន​៥​ពាន់​រៀល តែ​បានឱ្យ​ក្រដាសប្រាក់​នោះ​៥​ម៉ឺន​រៀល​ឱ្យ​គាត់​អាប់ ។ មួយសន្ទុះ​ក្រោយ​ពួក​គេ​ក៏​ចេញ​ទៅ​បាត់ ប្រហែល​កន្លះ​ម៉ោង​ក្រោយ​ទើប​គាត់​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​នោះ​ប្រើ​ល្បិច​ចូល​ទៅ​ក្នុង​បន្ទប់​លួច​យក​លុយ និង​គ្រឿងអលង្ការ​ដែល​ទុក​ក្នុង​ទូ អស់​លុយ​ចំនួន​៤៩​លាន​រៀល​,​ខ្សែ​.​ក​មាស​៣​ខ្សែ សរុប​ចំនួន​៦​តម្លឹង ។

មន្ត្រី​នគរបាល​ខេត្តបាត់ដំបង​រូប​នោះ​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​និង​ពិនិត្យ​មើល​សកម្មភាព​តាម​កា​មេ​រា​សុវត្ថិភាព​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ លី ធី ជា​បក្សពួក​នៅ​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​ចំណុច​ផ្សា​របឹង​ឈូក ភូមិ​ព្រែក​មហាទេព​ឃុំ​ព្រែក​មហាទេព​ខេត្ត​បាត់ដំបង ។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ទើប​ដឹង​ថា​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ចេ​ង វ៉ា​ន់ នៅ​ក្រុង​សិរី​សោភ័ណ​ទើប ផ្ដើម​ធ្វើការ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ថា​៖ ក្នុង​ករណី​បង្ក្រាប​ជនសង្ស័យ​ឈ្មោះ ចេ​ង វ៉ា​ន់​នេះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង ម៉ាក​ហុងដា​ធុន​ស៊េរី​១២៥ សេរី​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1I-4825  ដោយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ជា​ម្ចាស់​ករណី ។ ជនសង្ស័យ​ឈ្មោះ ចេ​ង វ៉ា​ន់ និង​ម៉ូតូ​ត្រូវ​បាន​ប្រគល់​ជូន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

គួរ​រំលឹក​ថា ក្រោយ​ពេល​កើត​ហ​តុ​មានការ​បន្លំ​លួច​របស់​ស្ត្រី​ទាំង​២​នោះ សមត្ថកិច្ច​ដែល​ចុះ​សួរនាំ និង​បាន​ពិនិត្យ​រូបភាព​នៅ​ក្នុង​កា​មេ​រា​សុ​វត្តិភាព ហាក់​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បាន​នៅឡើយ​ទេ អំពី​មុខសញ្ញា​ចោរ​ស្ត្រី​ទាំង​២​នាក់​ខាងលើ​នេះ ។ ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​ប្រាប់​ថា  ចោរ​ស្រី​ទាំង​២​នាក់​នោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចំណាំ​ស្លាក​លេខ ។ ពួក​គេ​ពាក់មួក​សុវត្ថិភាព ម្នាក់​ជិះ​ក្រោយ​ពាក់អាវ​ការ៉ូ​ដៃ​វែង ដែល​មាន​វ័យ​ប្រហែល​គ្នា ៕