អ្នក​លក់ដូរ​ និងម្ចាស់អាជីវកម្ម​នៅ​ក្រុង​ព្រះ​សីហនុ​លើក​គ្នាមក​តវ៉ានៅ​រាជធានី​

ក្រោយ​​​ពេល​​​មាន​​​បទបញ្ជាពីរដ្ឋាភិបាល​​​នៅ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ឲ្យ​​​អាជីវកម្ម​​​នានា​​​នៅ​​​លើ​​​ឆ្នេរ​​​អូរត្រេះ និង​​​ឆ្នេរ​​​អូរ​​​ឈើទាល​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​បិទ​​​ការរក​ស៊ី​ ម្ចាស់​​​អាជីវកម្ម​​​ និ​​ង​​​អ្នក​​​លក់​​​ដូរ​​​ប្រហែល​​​១០០នាក់​​​បាន​​​​​​​​​នាំ​​​គ្នា​​​មក​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីម្សិល​​​មិញ​​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​​​មាន​​​ការ​​​លុប​ចោល​សេចក្តី​​​សម្រេច​​​នេះ​​​វិញ​​​។      

កាល​​​ពីថ្ងៃអង្គារ មន្ត្រី​​​សាលា​​​ខេត្ត​​​បាន​​​ប្រកាស​​​ថា បារ ភោជនីយដ្ឋាន​​​ និង​​​ផ្ទះ​​​សំណាក់​​​ ទាំង​​​អស់​​​នៅតាមបណ្តោយ​ឆ្នេរអូរ​ត្រេះ​ព្រមទាំង​​​​អាជីវកម្ម​​​មួយ​​​ចំនួន​​​ទៀត​​​នៅ​​​ចុង​​​ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ឆ្នេរ​​​អូរឈើទាល​​​ក្បែរខាង​ មាន​​​ពេល​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​១៣ ខែ​​​មីនា​​​​​​ ដើម្បី​​​រើ​​​ចេញ​​​មុន​​​ពេល​​​អាជ្ញាធរ​​​ចុះ​​​រុះ​​​រើ​​​ដោយ​​​ផ្ទាល់​​ ដោយ​​​លើក​​​ឡើង​​​​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​បរិស្ថាន​​​នៅ​ក្នុង​​​ការ​​​សម្រេច​​​របស់​​​ខ​​​្លួន​​​។

​លោក​​​ស្រី ឡោ ខេង តំណាងរាស្ត្រ​​​គណបក្ស​​​ប្រជាជនកម្ពុជា (ស្តាំ) និងលោក ជា​​​ ប៉ូច តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ (ទី៣រាប់​​​ពី​​​ស្តាំ) ទទួលញត្តិពី​​​ម្ចាស់​​​អាជីវកម្ម​​​តាម​​​បណ្តោយ​​​ឆ្នេរ​​​ក្រុង​​​​​​ព្រះសីហនុ នៅ​​​ខាងក្រៅ​​​រដ្ឋសភា កាល​​​ពី​​​ម្សិល​​​មិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

​លោក​​​ស្រី ឡោ ខេង តំណាងរាស្ត្រ​​​គណបក្ស​​​ប្រជាជនកម្ពុជា (ស្តាំ) និងលោក ជា​​​ ប៉ូច តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ (ទី៣រាប់​​​ពី​​​ស្តាំ) ទទួលញត្តិពី​​​ម្ចាស់​​​អាជីវកម្ម​​​តាម​​​បណ្តោយ​​​ឆ្នេរ​​​ក្រុង​​​​​​ព្រះសីហនុ នៅ​​​ខាងក្រៅ​​​រដ្ឋសភា កាល​​​ពី​​​ម្សិល​​​មិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

​​​អ្នក​​​លក់​​​ដូរ​​​ម្ហូបអាហារ​​​ និង​​ម្ចាស់​​​អាជីវកម្ម​​​នៅតាម​​​បណ្តោយ​ឆ្នេរ​​​ ព្រមទាំង​បុគ្គលិក​​​របស់​​​ពួក​​​គាត់​មួយក្រុម​ បាន​​​មក​​​ដល់​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​ នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​ព្រឹក​​​ ហើយ​​​​បាន​​​ជួប​​​ជាមួយ​​​លោក ជា ប៉ូច តំណាង​​​រាស្ត្រ​​​គណបក្សស​​​ង្គ្រោះ​​​ជាតិ​​​ និង​​​លោកស្រី​ ឡោ ​​​ខេង តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ មុន​ពេល​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​អគារ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់​​​បាន​បន្ត​​​ការ​​​រក​​​ស៊ី​​​នៅ​​​លើ​​​ឆ្នេរ​​​ទាំង​​​ពីរ​នេះ​​​ត​ទៅមុខ​ទៀត​​​។

អ្នក​​​តវ៉ា​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​គិត​​​ថា ​​​ពួក​គាត់​​​ត្រូវ​​​បាន​​​​បណ្តេញ​​​ចេញ​​​ ព្រោះ​​​រដ្ឋាភិ​​​បាល​​​មាន​​​គម្រោង​​​អភិវឌ្ឍ​សួន​​​ច្បារ​​​សាធារណៈ​​​​​​នៅ​​​តំបន់​​​នេះ​​​។

​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​សរសេរ​​​ក្នុង​​​ញត​​​្តិ​របស់​​​ខ្លួន​​​ថា “អ្នក​​​លក់​​​ដូរ​​របស់​​​យើង​​​គាំទ្រ​​​​​​​​​រដ្ឋា​​​ភិបាល​​​​​​​​​ដែល​​​មាន​​​គម្រោង​​អភិវឌ្ឍ​សួន​​​ច្បារ​​​ប៉ុន្តែ​​​សូម​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​រក្សា​​​ការ​​​រក​​​ស៊ី​​​របស់​​​ យើង​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ដដែល​​​ ឬ​​​ក៏​​​រក​​​កន្លែង​​​ផ្សេង​​​ដែល​​​អាច​​​ឲ្យ​​​យើង​​​បន្ត​​​ការ​​​រក​​​ស៊ី​​​បាន​​​”។

អ្នក​​​តវ៉ា​​​ម្នាក់​​​ឈ្មោះ ឈិត យឿន ដែល​​​ជា​​​អ្នក​​​លក់​​នំ​​​ និង​​​ភេសជ្ជ​​​ៈតាម​​​បណ្តោយ​​​​​​ឆ្នេរ​​​អូរ​​​ឈើ​​​ទាល​បាន​និយាយថា​​​​ “​​​ខ្ញុំ​​​មាន​​​កូន​​​៧​​​នាក់ ​​​ខ្ញុំ​​​​​​ត្រូវ​​​​ការ​ប្រាក់​​​​ចិញ្ចឹម​​​ពួកគេ​។​ ខ្ញុំ​​​ត្រូវ​​​ការ​​​លក់​​​ដូរ​​​នៅ​​​ឆ្នេរ​​​នេះ​​​​​បន្ត​​​ទៅ​​​ទៀត​​​ ព្រោះ​វា​​​ជា​​​កន្លែង​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​ប្រាក់​​​កម្រៃ​​​ប្រចាំ​​​ថ្ងៃ​​​ ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​អាច​​​រៀន​​​សូត្រ​​​បាន​​​”។

អ្នក​​​លក់​​​ម្ហូប​​​អាហារ​​​ម្នាក់​​​ទៀត​​​ឈ្មោះ​​​ អៀម មឿន ដែល​​​ក៏លក់​​​ដូរ​​​នៅ​​​ឆ្នេរ​​​អូរ​​​ឈើ​​​ទាល​​​ដែរ​​​នោះ​​​បាន​​​ជំទាស់​​​ថា ការ​​​បណ្តេញ​​​អ្នក​​​លក់​​​ដូរ​​​ និ​​​​​ងអាជីវកម្ម​​​នានា​​​មិន​​​អាច​​​ជួយ​​​ឲ្យ​​​បរិស្ថាន​​​ឆ្នេរ​​​បាន​ប្រសើរ​​​ឡើង​​​ឡើយ​​​។

អ្នក​​​លក់​​​ម្ហូប​​​អាហារ​​​រូប​​​នេះ​​​និយាយ​​​បន្ថែម​​​​​​ ថា ” ទោះជាយ៉ាងណា ភ្ញៀវ​​​ទេសចរនឹង​​​​​​​​នៅ​​​តែ​​​បន្ត​​​បោះ​​​ចោល​​​សំរាម​​​ចូល​ក្នុង​សមុទ្រ​​​​”។

បន្ទាប់​​​ពី​​​ចាក​​​ចេញ​​​ពី​​​រដ្ឋ​​​សភា​​​ អ្នក​​​តវ៉ា​​​បាន​​​យក​​​ញត្តិ​​​របស់​​​ខ្លួន​​​ទៅ​​​ដាក់​​​ជូន​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ នគរូបនីយកម្ម​​​ និង​​​សំណង់ និង​​​ខុទ្ទ​​​កា​​​ល័យ​​​របស់​​​លោក​​​នាយករដ្ឋ​​​មន្ត្រី ​​​ហ៊ុន ​​​សែន ​​​​​​មុន​​​ពេល​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​វិញ​​​។

លោក សេង ឡូត​ ​​​អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​រៀប ​​​ចំ​​​ដែន​​​ដី នគរូបនីយកម្ម និង​​​សំណង់​​​បាន​​​បញ្ជាក់​​​ថា ក្រសួង​​​របស់​​​លោក​​​ទទួល​​​បាន​​​ញត្តិ​​​នេះ​​​ហើយ ប៉ុន្តែ​​​ថា លោក​​​ជឿ​​​ថា អាជីវកម្ម​​​នានា​​​​​​ គឺ​​​ប្រកប​ការ​រកស៊ី​​​​ដោយ​​​ខុស​​​ច​​​្បាប់​​​លើ​​​ដី​​​របស់​​​រដ្ឋ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​នាំ​​​យក​​​ក្តី​​​កង្វល់​​​របស់​​​ពួក​​​គាត់​​​ជម្រាប​​​ជូន​​​រដ្ឋា​​​ភិបាល…ប៉ុន្តែ ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​កំពុង​​​ព្យាយាម​​​យក​​​ឆ្នេរ​​​របស់​​​រដ្ឋ​​​មួយ​​​ចំនួន​​​ដើម្បី​​​​​​​​​​​​សាង​​​សង់​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​”។

នៅ​​​ពេល​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​ពាក្យ​​​ចចាម​​​អារ៉ាមដែល​​​​ថា នឹង​​​មាន​​​ការ​​​អភិវឌ្ឍ​សួន​​​ច្បារ​​​តាម​​​បណ្តោយ​​​ឆ្នេរ​​​នោះ​​​ លោក អីុ សុខឡេង​​​អភិបាល​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា គ្មាន​​​គម្រោង​​​ច្បាស់​​​លាស់​​​ដើម្បី​​​ធ្វើ​​​ដូច្នោះ​​​ទេ ​​​ប៉ុន្តែ លោក​​​មិន​​​បាន​​​ច្រាន​​​ចោល​​​លទ្ធភាព​​​នេះឡើយ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​គ្មាន​​​គម្រោង​​​ច្បាស់​​​លាស់​​​ដើម្បី​​​ធ្វើ​សួន​​​ច្បារ​​​ឡើយ ប៉ុន្តែ យើង​​​គិត​​​ថា យើង​​​អាច​​​អភិវឌ្ឍ​​ទៅ​​​ជា​​​សួន​​​ច្បារ ឬ​​​ផ្លូវ​​​”៕ស៊ុយឈាង​

The post អ្នក​លក់ដូរ​ និងម្ចាស់អាជីវកម្ម​នៅ​ក្រុង​ព្រះ​សីហនុ​លើក​គ្នាមក​តវ៉ានៅ​រាជធានី​ appeared first on ខេមបូឌា ដេលី.