សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

រាជធានី​ភ្នំពេញ ៖  ពិធី​ការិនី និង​ជា​តារា​សម្តែង​គង់ វង្ស​យ៉ា​ទី ប្រកាន់​ជំហរ​មិន​ស្លៀកពាក់​សិច​ស៊ី​ដូច​ពី​មុន​ទេ ប៉ុន្ដែ​នាង​បាន​រំលេច​សម្រស់​ដើមទ្រូង​ក្នុង​ខ្សែភាពយន្ត​រឿង​«​ខ្មោច​ប្រពន្ធ​ស្តេច​ល្បែង​»​របស់​ផលិតកម្ម​H2O ។ ភាពយន្ដ​នេះ​បាន​សម្ពោធ​ដាក់​បញ្ចាំង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ដ​មេ​ជើ​ស៊ី​ណេ​ផ្លិ​ច​ស្ថិត​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល​រាជធានី​ភ្នំពេញ ។

ទស្សនិកជន​ជា​ច្រើន​ដែល​ចូលរួម​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​រឿង​«​ខ្មោច​ប្រពន្ធ​ស្តេច​ល្បែង​»​របស់​ផលិតកម្ម​H2O និង​បាន​ទស្សនា​ខ្សែ​រឿង​ថ្មី​នេះ ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​តារា​សម្តែង​កញ្ញា​គង់ វង្ស​យ៉ា​ទី​ដែល​ហ៊ាន​សម្តែង​រំលេច​ដើមទ្រូង​សរ​លោង​គួរ​គាប់​ភ្នែក ។ ការ​បង្ហាញ​ភាព​សិច​សី​ុ​នេះ​ធ្វើ​ឲ្យ​យ៉ា​ទី នៅ​តែ​ទទួល​បាន​ងារ​ជាតា​រា​សិច​ស៊ី​ដូច​គ្រា​មុន ។ ក្នុង​ខ្សែ​រឿង​នេះ​យ៉ា​ទី ដើរ​តួឯក​ជា​ប្រពន្ធ​របស់​លោក​ប៉ែន ចំ​រ៉ុ​ង​ដោយ​ត្រូវ​ជនខិលខូច​រំលោភ​សម្លាប់​ក្លាយជា​ខ្មោច​។ តួអង្គ​ខ្មោច​ស្រី​នេះ​ស្លៀក​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​ស្តើង​បញ្ចេញ​សម្រស់​គល់​ទ្រូង ។

កញ្ញា​គង់វង្ស យ៉ា​ទី និយាយ​ថា «​ខណៈ​នាង​ខ្ញុំ​មាន​អាយុ​ច្រើន​ជាង​មុន​ពិតជា​ដឹង​ថា​គួរតែ​រៀបចំ​ខ្លួន​បែប​ណា​ពាក់ព័ន្ធ​ជាមួយ​ការ​ស្លៀកពាក់ ។ ដូច​បងប្អូន​ដឹង​ហើយពី​មុន​នាង​ខ្ញុំ​នៅ​វ័យក្មេង​ចូល​ចិត្ត​ស្លៀកពាក់​សិច​ស៊ី​រហូត​មាន​គេ​ចាប់អារម្មណ៍​ច្រើន ហើយ​ល្បីឈ្មោះ​ជាតា​រា​យេ​ៗ ប៉ុន្តែ​ពេល​នេះ​ការ​គ្រង​សំលៀក​បំពាក់​គឺ​ធ្វើ​តាម​កាលៈទេសៈ និង​តាម​អាយុកាល ដោយ​ភាគច្រើន​គឺ​ស្លៀកពាក់​បិទ​ជិត​កាយ​តែ​ម្តង​ឲ្យ​តែ​ទៅ​ណា​មក​ណា ។ ចំពោះ​រឿង​«​ខ្មោច​ប្រពន្ធ​ស្តេច​ល្បែង​»​ពិតជា​មាន​ឈុត​សម្លៀក​បំពាក់​បែប​រ៉ូ​ប​គេង​យប់​ពណ៌​ក្រហម​បញ្ចេញ​គល់​ទ្រូង​សិច​ស៊ី​មែន ក៏​ព្រោះតែ​យល់​ថា​ខ្មោច​ស្រី​បើ​ស្លាប់​ទៅ​ឈុត​ក្រហម គឺ​សាហាវ​ណាស់ ។ យ៉ាងណា​ក្ដី​នាង​ខ្ញុំ​គ្រាន់តែ​ធ្វើ​តាម់​អ្នកដឹកនាំ​រឿង​ប៉ុណ្ណោះ ហើយ​ខ្លួនឯង​ក៏​យល់​ថា មិនជា​មាន​ភាព​សិច​ស៊ី​ខ្លាំង​ពេក​ទេ បើ​ទស្សនិកជន​គាត់​មើលឃើញ​បែប​នេះ​ក៏​នាង​ខ្ញុំ​សប្បាយចិត្ត​ខ្លះ​ដែរ​គ្រា​ដែល​ពួក​គាត់​នៅ​តែ​ឲ្យ​តម្លៃ​ចំពោះ​នាង​ខ្ញុំ​» ។

ខណៈ​ខ្សែភាពយន្ដ​ថ្មី​រឿង​«​ខ្មោច​ប្រ​ព​ន្ឋ​ស្តេច​ល្បែង​»​ចាក់​បញ្ចាំង​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ តទៅ គង់ វង្ស​យ៉ា​ទី រំពឹង​ថា​ទស្សនិកជន​ច្រើន​នឹង​ចូល​ទស្សនា​រឿង​កំប្លែង​សើច​សប្បាយ​នេះ ។ ម្យ៉ាង​ផលិតករ​ខិតខំ​សម្រិតសម្រាំង​ខ្សែភាពយន្ដ​នេះ​ឱ្យ​មានគុណ​ភាព ។ យា​ទី យល់​ថា កុន​ខ្មែរ​ឥឡូវ​ប្រសើ​ជាង​មុន ហើយ​មាន​តែ​ខ្មែរ​ដូច​គ្នា​ទេ​ឲ្យ​តម្លៃ​ដើម្បី​ឲ្យ​អ្នក​ពាក់​ព័​ន្ឋ​ផ្នែក​កុន​ទាំងអស់​មាន​ទឹកចិត្ត​ផលិត ។

ចាងហ្វាង​ផលិតកម្ម​លោក យិ​ន សុខ​ហេង បញ្ជាក់​ថា ខ្សែភាពយន្ដ​រឿង​«​ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង​» ជា​ស្នាដៃ​ទី​១​របស់​ផលិតកម្ម​H2O ដែល​ប្រជុំ​ដោយ​អ្នក​មាន​បទ​ពិសោធន៍​រាប់​ទាំង​តារា​សម្តែង​ផង​ដែរ ។ រឿង​នេះ​ចំណាយ​ដើមទុន​ច្រើន​គួរសម​ដោយ​ចេញ​ទៅ​ថត​ដល់​ក្រុង​ហុងកុង ។ ម្យ៉ាងទៀត​ចង់​ឲ្យ​ប្លែក​ជាង​រឿង​មួយ​ចំនួន​ទើប​លោក​សុខ ហេង នាំ​ក្រុមការងារ​ថត​ដល់​ក្រុង​ហុងកុង ក្នុង​ន័យ​បញ្ជាក់​ថា​កុន​ខ្មែរ​ក៏​មានឱកាស​ថត​ដល់​ស្រុក​គេ​ដែរ ។

ចាងហ្វាង​វ័យក្មេង​រូប​នេះ​ឱ្យ​ដឹង​ថា រឿង «​ខ្មោច​ប្រពន្ធ​ស្ដេច​ល្បែង​»​និ​ព​ន្ឋ​និង​ដឹកនាំ​រឿង​ដោយ​លោក​ឃុន ចាន់​ឌី ។ ចំពោះ​តារា​សម្តែង​មាន​ដូច​ជា​លោក​ប៉ែន ចំ​រ៉ុ​ង កញ្ញា​គង់ វង្ស​យ៉ា​ទី លោក​ភី ម៉ៃ លោក​មក​រា ឃូ​ល នាយ​គ្រ​លីង​គ្រ​លោង និង​កញ្ញា​ហេង ស្រី​ពេជ្រ ជាដើម ។ លោក​ចាងហ្វាង​មាន​ជំនឿ​ថា ភាពយន្ដ​នេះ ទាក់ទាញ​ការ​ចាប់អារម្មណ៍​ព្រោះ​បាន​យកចិត្តទុកដាក់​គ្រប់​ផ្នែក​ឯការ​ចំណាយ​ក៏​ច្រើន ៕