ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​​​បត់​ចូល​ក្នុង​មន្ទីរពេទ្យ​​​អត់​ស៊ី​ញ៉ូ​ បណ្ដាលឱ្យ​ម៉ូតូ​២គ្រឿង​ជិះ​បញ្ច្រាស​ទិស​គ្នា​បុក​ចូល​ក្រោម​រថយន្ត​រង​ការ​ខូចខាត​​ តែ​មនុស្ស​រង​របួសស្រាល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៨​ កុម្ភៈ ​២០១៦ នៅ​ចំណុច​​មុខ​ខ្លោង​​ទ្វារ​មន្ទីរពេទ្យ​កុមារ​ជាតិ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកល្អក់​១ ខណ្ឌ ទួលគោក ។

រថយន្ត​បង្ក​ម៉ាក​កូរ៉េ ពណ៌​ខៀវ ​ជិះ​គ្នា​៣​នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ រួច​បត់​ឆ្វេង​អត់​ស៊ី​ញ៉ូ ​ចំណែក​ឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ​មួយ​គ្រឿង​ ជិះ​គ្នា​២នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​បណ្តាល​ឱ្យ​​អ្នកបើកបរ​រង​របួស​ស្រាល​ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាកស៊ុ​យ​ស៊ូ​គី​ស្មាស​វី ពណ៌​ខ្មៅ ​​ជិះ​គ្នា​២​នាក់​ដូច​គ្នា បើក​ស្រប​ទិស​គ្នា មិន​មាន​រង​របួស​អ្វី​ទេ គ្រាន់តែ​ខូចខាត​ម៉ូតូ​​ ។

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​​ចំណុច​​កើតហេតុ​បត់​ឆ្វេង​ភ្លាម​ៗ​ដោយ​មិន​​បើក​ស៊ី​ញ៉ូ ​​ធ្វើ​ឱ្យ​​​ម៉ូតូ​​ទាំង​២​គ្រឿង​ខាង​លើ​ ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៍​ជ្រុល​ទៅ​បុក​ចូល​ក្រោម​រថយន្ត​​តែ​ម្តង​ បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស និង​ខូច​ខាត​ម៉ូតូ​ ។

ក្រោយ​ពេល​កើតហេតុ​ ​​ភាគី​ទាំង​សងខាង​និយាយ​យកឈ្នះ​រៀងៗខ្លួន​​ ​ចចរ​មិន​ត្រូវ​គ្នា​ ​ក៏​​ប្រគល់​រថយន្ត​និង​ម៉ូតូ​ឱ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​ផ្នែក​ចរាចរណ៍​​​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​​ទៅ​​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌទួលគោក​​​ដោះ​ស្រាយ​​គ្នា​ជា​​​ក្រោយ ​ដើម្បី​កុំ​ឱ្យ​កក​ស្ទះ​ចរាចរណ៍ ​៕