សាំ​យ៉ុង​ពន្លះ​ជាមួយ​ម៉ូតូ របួសធ្ងន់​២​នាក់ នៅ​ស្រុក​កណ្តាលស្ទឹង​

កណ្តាល:  ប្រុស​ស្រី​២​នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​បង្កឡើង​រវាងរ​ថ​យន្ត​និង​ម៉ូតូកាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​លើផ្លូវ​ជាតិ​លេខ២ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៦-២៧ ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុកកណ្ដាលស្ទឹង​។​

​ជនរងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ ថុល កក្កដា ប្រុស​អាយុ ២០​ឆ្នាំមាន​ទីលំនៅ​ភូមិចំបក់​ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះថា ផល្លា ភេទ​ស្រី​អាយុ​១៩ ឆ្នាំ​ទីលំនៅ​ភូមិ​ជ្រៃរ​យោ ឃុំ​ក​ណ្តោ​ក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។ រីឯ​អ្នក​បើកបរ​រថយន្ត​បង្ក​មានឈ្មោះ​ជ័យ ប៊ុន​សុងភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

​មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​១​គ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2U-4496 បើក​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុចកើតហេតុ បានបុក​ជាមួយ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល1L-1170 ឌុប​គ្នា​២​នាក់ ពេ​ញ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើក​និង​អ្នករួមដំណើររងរបួស​ធ្ងន់​ទាំងអស់គ្នា​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​អន្តរាគមន៍​និង​បញ្ជូន​អ្នករបួសទៅកាន់ មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ ត្រូវ​​បាន​សមត្ថកិច្ច​យកមករក្សា​ទុក្ខ នៅ​ការិយាល័យ​ចរាចរ ស្រុក​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាមផ្លូវច្បាប់​៕