ប៉េអឹម​ឃាត់ខ្លួន​ចោរប្លន់ ២​ក្រុម បន្ទាប់ពី​ធ្វើ​សកម្មភាព ប្លន់​ដ៏​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ: បន្ទាប់ពី​បាន​មើលឃើញថា កន្លងទៅ​ថ្មីៗ​នេះ មាន​ករណី​ប្លន់​ជា​ញឹកញាប់ ទៅលើជនរងគ្រោះ មួយចំនួន​កន្លងមក កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញបានធ្វើការ បង្កើន​ការ​ស្រាវ ជ្រាវ​ស៊ើបអង្កេត រហូត​ឈានដល់​ការឃាត់ ខ្លូនក្រុមចោរប្លន់​បាន ២​ក្រុម ជាក់ស្តែង​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន បាន​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ នៅ​ចំណុចមុខផ្ទះ​លេខ ១៩BE0 ផ្លួ​វ​លេខ​៣០៤ សង្កាត់​បឹង​កេងកង ខណ្ឌចំការមន គឺរយៈពេល​១​ថ្ងៃ ក្រោយពី​ក្រុម​នេះ​បាន ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ ស្កូ​ពី ពណ៌​ស ពាក់​ស្លាកលេខ កណ្តាល 1R-0950 របស់​ជនរងគ្រោះ​ឈ្មោះ អ៊ិន គឹម​ស្រ៊ា​ន រួច​ជិះ​គិច​ខ្លូនបាត់ កាលពី​ថ្ងៃទី​១៤ កុម្ភៈ​។​

 ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា បក្ខពួក​មាន​គ្នា ៤​នាក់ បច្ចុប្បន្ន ៣នាក់​ទៀត បានគេច​ខ្លួន​អស់ហើយ​។ រីឯ​ម៉ូតូ ១​គ្រឿង របស់​ជនរងគ្រោះ​សមត្ថកិច្ចបានប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​។​

​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៧​នាក់​ផ្សេងទៀត ជាបន្តបន្ទាប់ ក្នុងនោះ ៣​នាក់​ឃាត់ខ្លួន​បាន នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ២​នាក់​ឃាត់ខ្លួនបាន នៅ​ខណ្ឌចំការមន និង ២​នាក់​ទៀត​ឃាត់ខ្លួន​បាន នៅ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្តថា បើតាម​ចម្លើយសារភាព របស់​ក្រុម​នេះ ពួកវា​តែងតែធ្វើ​សកម្មភាព ចេញ​ប្លន់​ក្នុង​រាជធានី​ភ្នំពេញ សរុប​មិនតិចជាង ២០​ដងរួចមកហើយ ភាគច្រើន​គឺ​ពួកវា​តែង​ធ្វើ សកម្មភាព​ភ្ជង់​ប្លន់​យក កាបូប​លុយ ទូរស័ព្ទពី​ស្ត្រី​ដែល​ដើរ​ម្នាក់ឯង ឬ​ចុះ​ពី​រថយន្ត​បើកទ្វារ​ចូល​ផ្ទះ ប៉ុន្តែ​គោលដៅ​ដែល​វាចាំបាន​ច្បាស់​តែ ៥​កន្លែង​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ទេ​។​

​មន្ត្រី​កងរាជអាវុធហត្ថ បាន​បន្ថែមថា កន្លែង​ដែល​ក្រុមចោរ​ចាំ​ច្បាស់ ចំនួន​៥​កន្លែង​នោះរួមមាន ទី​១.​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​ម្នាក់​ជិះឡាន​មិន ចាំ​ម៉ាក ដោយ​ភ្ជង់​ទៅលើជនរងគ្រោះ​ខណៈ ពេល​ចុះ​ពី​ឡាន ដោយ​នៅក្នុង​កាបូប​មាន​លុយ ២២០​ដុល្លារនិង​ទូរស័ព្ទ​ម៉ាក Samsung ១​គ្រឿង នៅតាម​ផ្លូវ​ព្រះមុន្នីវង្ស ម្តុំ​ពេទ្យ​ចិន​លក់​បបរសក្នុង​កំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦​។ ទី​២.​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​ម្នាក់ ដោយ​ក្នុងកាបូប​មាន​លុយ ៨០​ដុល្លារ និង​ទូរស័ព្ទ Nokia ១​គ្រឿង នៅក្បែរ​វត្ត​ទួល​ទំពូងក្នុងអំឡុង​ខែមករា ឆ្នាំ​២០១៦​។ ទី​៣.​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​ម្នាក់​កំពុង​ដើរដោយ​ក្នុង​កាបូប​មាន​លុយ ១៦៥​ដុល្លារ នៅក្រោយ​រោងកុន​គីរីរម្យ ខណ្ឌចំការមនក្នុងអំឡុង​ខែមករា ឆ្នាំ​២០១៦​។ ទី​៤.​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​ម្នាក់ដោយ​ក្នុង​កាបូប​មាន​លុយ ២៥​ដុល្លារ និង​ទូរស័ព្ទ Nokia ១​គ្រឿង នៅ​ម្តុំ​ក្រោយរោងកុន​គីរីរម្យ ខណ្ឌចំការមន ក្នុងអំឡុង​ខែមករា ឆ្នាំ​២០១៦​។ ទី​៥.​ប្លន់​ម៉ូតូ​ម៉ាកNex ពី​ស្ត្រី ២​នាក់ នៅ​ចំណុច​ផ្លូវ​៤៦០ ភូមិ​២ ខណ្ឌចំការមន កាលពី​ថ្ងៃទី​១២ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​ក្នុងចំណោម​ជនសង្ស័យ​ទាំង ៧​នាក់ ដែល​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​បាន មានជនសង្ស័យ ៣​នាក់ ជា​មុខសញ្ញា​ចាស់​ទើប ចេញពី​គុក​រួមមាន ទី​១.​ឈ្មោះ វី រស្មី (ហៅ ម៉ី​) អាយុ​២២​ឆ្នាំ ជាប់គុក​ពីបទ​ឆក់​ទូរស័ព្ទ នៅក្រោយ​រោងកុន​បូកគោខណ្ឌចំការមន ចេញពី​គុក​វិញ​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៤, ទី​២.​ឈ្មោះ ហេង ថាអាយុ​២៩​ឆ្នាំ ជាប់គុក​ពីបទ​លួច​ទូរស័ព្ទ ចេញពី​គុក​វិញ​ឆ្នាំ​២០១១, ទី​៣.​ឈ្មោះ ហង្សសំអាត អាយុ​៣៥​ឆ្នាំ ជាប់គុក​ពីបទ​កាច់ក​ម៉ូតូ ចេញពី​គុក​វិញ​ថ្ងៃទី​៣០ ខែឧសភាឆ្នាំ​២០១៥ ។​

​មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់ថា ក្រៅពីនេះ ពួកវា​មាន​បក្សពួក ៧​នាក់​ទៀត​បានគេច​ខ្លួនក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ឈៀន សុជា អាយុ​៣៨​ឆ្នាំ មាន​អាវុធ​ខ្លីម៉ាក រ៉ូ​លូ ១​ដើម ក៏ជា​មុខសញ្ញា​ទើប ចេញពី​គុក​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​ផងដែរ ហើយ​បច្ចុប្បន្នជនសង្ស័យ​ជា ចោរប្លន់​ទាំង ៨​នាក់​ខាងលើ ត្រូវបាន​កម្លាំង​កង​រាជ អាវុធហត្ថរាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន ទៅ​តុលាការ ហើយ​បក្ខពួក​ទាំង ២ក្រុម ដែល​នៅសល់ សរុប ១០​នាក់​ទៀត​កម្លាំង​កងរាជអាវុធហត្ថ កំពុង​តាម​ប្រមាញ់យ៉ាង សកម្ម​បន្តទៀត​៕​

ប៉េអឹម​ឃាត់ខ្លួន​ចោរប្លន់ ២​ក្រុម បន្ទាប់ពី​ធ្វើ​សកម្មភាព ប្លន់​ដ៏​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ