សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​នូវ​ទម្លាប់​ល្អ​៥​យ៉ាង​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​គាំងបេះដូង​បាន​ចំពោះ​បុរស​៤​នាក់​ក្នុង​ចំណោម​៥​នាក់ ។

ការ​សិក្សា​បាន​រក​ឃើញ​ថា បុរស​វ័យ​កណ្តាល​និង​វ័យចាស់​ទំនងជា​ជួប​ហានិភ័យ​គាំងបេះដូង​តិចតួច​អំឡុង​រយៈពេល​១១​ឆ្នាំ ប្រសិនជា​ពួក​គេ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម មិន​ជក់បារី បរិភោគ​អាហារ​ទាំងឡាយ​ណា​ដែល​ផ្តល់​សារ​ប្រយោជន៍​ចំពោះ​សុខភាព ហាត់ប្រាណ​ទៀងទាត់ និង​រក្សា​ទម្ងន់​ខ្លួន​មិន​ឱ្យ​ធាត់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា បុរស​ប្រហែលជា​១​ភាគរយ​ដែល​បាន​ចូលរួម​ការ​ពិសោធ​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់​ពី​អនុវត្ត​តាម​ទម្លាប់​រស់នៅ​ទាំង​៥​ចំណុច​ខាងលើ ។ ប៉ុន្តែ ពួក​គេ​៨០​ភាគរយ​ប្រឈម​តិចតួច​បំផុត​នឹង​ហានិភ័យ​គាំងបេះដូង​ធៀប​ទៅ​នឹង​ក្រុម​ដែល​ទទួលទាន​អាហារ​មិន​រើស ធាត់​លើស​ទម្ងន់ ហាត់ប្រាណ​បន្តិចបន្តួច ជក់បារី និង​ផឹកស្រា​ច្រើន ។

លោក Agneta Akesson សាស្ត្រាចារ្យ​ដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ Karolinska Institute ប្រទេស​ស៊ុ​យ​អែ​ត​បាន​ថ្លែង​ថា គេ​នឹង​សន្សំ​សំចៃ​ប្រាក់​បាន​ច្រើន ប្រសិនជា​មនុស្ស​ម្នា​ទាំងអស់​អនុវត្ត​របៀបរបប​រស់នៅ​ល្អ ។

ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ American College of Cardiology លើក​នេះ​គឺ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្លេ​៉ះ​ដោយ​ពាក់ព័ន្ធ​លើ​បុរស​ជនជាតិ​ស៊ុ​យ​អែ​ត​វ័យ​ពី​៤៥​ឆ្នាំ​-៧៩​ឆ្នាំ​ចំនួន​២​ម៉ឺន​៧​រយ​នាក់ ។ នៅ​ពេល​នោះ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​កើត​មហារីក ទឹកនោមផ្អែម លើសឈាម លើស​ខ្លាញ់ ឬ​កើត​ជំងឺ​បេះដូង​នោះ​ទេ ។ ប៉ុន្តែ​រហូត​ដល់​២០០៩​ដែល​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​សិក្សា ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ពី​ការ​ប្រែប្រួល​មួយ​ចំនួន ។ ៨​ភាគរយ​ក្នុង​ចំណោម​ពួក​គេ​ឬ​ប្រហែលជា ១​ពាន់​៧២៤​នាក់​-​ជា​ក្រុម​មិន​អនុវត្ត​ទម្លាប់​ទាំង​៥​ចំណុច​-​គឺ​មាន​១៦៦​នាក់​រង​គ្រោះ​ដោយ​បញ្ហា​គាំងបេះដូង ខណៈ​១​ភាគរយ​ឬ​២១២​នាក់ ជា​ក្រុម​អនុវត្ត​ខ្ជាប់ខ្ជួន​មាន​អ្នក​រង​គ្រោះ​ត្រឹម​៣​នាក់​ប៉ុណ្ណោះ ។

សាស្ត្រាចារ្យ Akesson បាន​បញ្ជាក់​ថា បណ្តា​បុរស​គួរ​ផ្លស់​ប្តូរ​ទ​ង្វើ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​ការ​បង្ហាញ​នៃ​ការ​សិក្សា​លើក​នេះ ។ ពួក​គេ​គួរ​បរិភោគ​ឱ្យ​បាន​ប្រសើរ​ជាង​មុន រក្សា​ទម្ងន់​ខ្លួន​កុំឱ្យ​ធាត់ ហាត់ប្រាណ​ដោយ​ជិះ​កង់ ឬ​ដើរ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ បោះបង់​ចោល​បារី និង​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ (​ស្រា​ប្រហែលជា​១​កូន​ពែង​ក្នុង​មួយ​ថ្ងៃ ខណៈ​ស្រា​បៀ​ត្រឹម​១​កែវ ) ។

ដោយឡែក ចំពោះ​ស្ត្រី​វិញ សាស្ត្រាចារ្យ​រូប​នេះ​បាន​បញ្ជាក់​ថា អនុវត្ត​ទម្លាប់​ល្អ​៥​ចំណុច​ខាងលើ​គឺ​មាន​ប្រសិទ្ធភាព​ប្រហាក់ប្រហែល​គ្នា​ផង​ដែរ ៕