ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

សារព័ត៌មាន​បរទេស​បាន​បង្ហាញ​រូបភាព​គួរ​ឱ្យ​រន្ធត់​មួយ គឺ​កុមារ​អាយុ​២​ឆ្នាំ មាន​រាង​កាយ​ស្គមស្គាំង​ស្ទើរ​ស្លាប់​បាត់បង់​ជីវិត ថែម​ទាំង​គ្មាន​សម្លៀក​បំពាក់​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ព្រោះ​ឪពុក​ម្ដាយ​បោះបង់​ចោល​លែង​ចិញ្ចឹម ដោយ​យល់​ថា​រូបគេ​ជា «​ធ្មប់​» ។

«The Mirror» របស់​អង់គ្លេស​ផ្សាយ​ថា លោកស្រី Anja Ringgren Loven ជនជាតិ​ដា​ណឺ​ម៉ាក​នៅ​អង្គការ​សប្បុរសធម៌​ជួយ​កុមារ​ក្រីក្រ​នៅ​ទ្វីបអាហ្វ្រិក បាន​ប្រទះ​ឃើញ​កុមារ​ម្នាក់​នោះ ស្ថិត​ក្នុង​សភាព​ស្គមកំព្រឹង ដងខ្លួន​ត្រូវ​សត្វល្អិត​ខាំ​ស្ទើរ​គ្រប់កន្លែង ។ ក្មេង​នោះ​ស្ទើរតែ​បាត់បង់​ជីវិត​ទៅ​ហើយ ព្រោះតែ​ខ្វះ​អាហារ និង​ទឹក ។

នៅ​ពេល​លោកស្រី​Anjor Ringgren Loven ឃើញ​សភាព​ដូច្នោះ ក៏​សង្គ្រោះ​បន្ទាន់ និង​យក​ក្រណាត់​ជូត​ខ្លួន​រុំ​លើ​រាង​កាយ​កុមារ រួម​ទាំង​នាំ​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ ។
លោក​ស្ដ្រី​Loven ដែល​បង្កើត​មូលនិធិ​ជួយ​ដល់​ផ្នែក​សិក្សាអប់រំ និង​អភិវឌ្ឍ​កុមារ​អាហ្វ្រិក ដាក់​ឈ្មោះ​ក្មេង​ប្រុស​រូប​នោះ​ថា «Hope» ឬ​«​ក្ដី​សង្ឃឹម​» ។ លោក​ស្ដ្រី​និយាយ​ប្រកបដោយ​ការ​សោកស្ដាយ​ថា មាន​កុមារ​នៅ​ទ្វីបអាហ្វ្រិក​ជា​ច្រើន​ពាន់​នាក់ បាន​រង​ការ​ចោទប្រកាន់​ថា​ជា «​ធ្មប់​» ពី​ឪពុក​ម្ដាយ មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួសារ ឬ​អ្នក​ជិតខាង ហើយ​ក៏​បោះបង់​ចោល រហូត​មាន​ក្មេង​ខ្លះ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ។

លោកស្រី​Loven អំពាវនាវ​ដល់​មនុស្ស​នៅ​ទូ​ទាំង​ពិភពលោក​គួរ​ជួយ​សង្គ្រោះ​កុមារ​ដែល​ជួបនឹង​រឿង​អ​កុស​បែប​នោះ ៕