លោក Wenger ស្វែង​រក​​ជ័យជំនះក្នុង FA Cup សិនមុន​ពេលទៅ​ជួប Barcelona ក្នុង Champion League

ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ដ៏​ស្វិត​ស្វាញ​ជា​មួយ​នឹងក្រុម Barcelona នឹង​ត្រូវកើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពីការ​ប្រកួត​ពាន FA Cup​ ជុំ​ទី​៥​របស់​ក្រុម Arsenal ជាមួយនឹង​ក្រុម Hull City ប៉ុន្តែ លោក Arsene Wenger ប្រហែល​ជា​មិន​ធ្វើការផ្លាស់ប្តូរ​សមា​ជិក​ច្រើន​ពីក្រុម​ជម្រើស​ដំបូង​ឡើយ​នៅ​ថ្ងៃ​​សៅរ៍នេះ​។

arsenalក្រុមរ​បស់​លោក Wenger គឺ​ជា​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក FA Cup ក្រោយពី​​ការ​ពារ​ពានរ​ង្វាន់​នេះ​យ៉ាង​ជោគ​ជ័យ​កាល​ពី​​​រដូវ​កាល​មុន​តាម​រយៈ​ការផ្តួល​ក្រុម Aston Villa ក្នុង​លទ្ធផល ៤-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ ក្នុង​រដូវកាលនេះ​ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​ដែលក្រុម Hull បច្ចុប្បន្ន លេង​ក្នុង​ក្រប​ខ័ណ្ឌ Championship នឹង​មាន​បំណង​ទម្លាក់​ក្រុម​កាំភ្លើង​ធំ​។ ក្រុម​កាំភ្លើង​ធំមួយនេះ បាន​ធ្វើការ​វាយ​បក​ពីការ​ដេញ​តាម​ពី​ក្រោយ​ក្នុង​​លទ្ធផល ២-០ ដើម្បី​ផ្តួលក្រុម Hull ៣-២ ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រកាលពីឆ្នាំ​២០១៤ នៅ​កីឡ​ដ្ឋាន Wembley ហើយ​បន្ទាប់​មក​បាន​ទទួល​ជ័យ​ជម្នះ ២-០ ក្នុង​ការ​ប្រកួត​ជុំ​ទី​៣កាល​ពី​ឆ្នាំ​មុន​។ ស្រប​ពេលក្រុម​យក្ស​អេ​ស្ប៉ាញ Barcelona នឹង​ត្រូវ​ជួបក្រុម Arsenal ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​របស់​​ពួកគេ​​នៅថ្ងៃ​អង្គារនេះ វា​នឹងក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល ប្រសិន​បើ​លោក Wenger មាន​ផែន​ការ​មិនប្រើ​ប្រាស់​កីឡាករ​ភាគ​ច្រើន​ក្នុង​ជម្រើស​​ដំបូង​របស់​លោក​នៅពេល​ក្រុម Hull ធ្វើ​ដំណើរ​ទៅកាន់​កីឡ​ដ្ឋាន Emirates នៅ​ចុង​សប្តាហ៍នេះ​។ ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal រូប​នេះ​បានប​ញ្ជាក់​ថា លោក​នឹង​​ដាក់ក្រុម​ខ្លាំង​​មួយ​ឲ្យ​ចូលលេង​ដើម្បី​​ដណ្តើមការ​ជឿ​ជាក់​នៅមុន​ពេល​​ខ្សែ​ប្រយុទ្ធ Lionel Messi និងមិត្ត​រួម​ក្រុម​របស់​​គេ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំនឹង​ដាក់​ក្រុម​មួយ​ដែល​​មាន​ឱកាស​ល្អក្នុងការ​ឈាន​ទៅ​វគ្គ​បន្ត​។ ក្រុម​ធម្ម​តា​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​​សៅរ៍នេះ​។ វា​ជា​ក្រុម​ធម្ម​តា​មួយ ហើយ​យើង​លេង​​ក្រុម​ដ៏​ខ្លាំង​ជា​ធម្មតា​មួយ​»​​។ ការ​ប្រកួត​នេះ នឹង​ចាប់​ផ្តើម​នៅម៉ោង​៧:៤៥​យប់​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post