គ្រួសារ​ក្រីក្រ​សុំ​ជង្រុក​ពោត​អ្នកស្រុក​ជ្រកកោន​

Doliprane TVC

​ឆាកជីវិត​របស់​មនុស្ស​យើង​កើតមកលើ​លោក​នេះ​តែងតែមាន​វាសនា​មិន​ដូចគ្នា​នោះទេ អ្នកខ្លះមិនសូវ​ប្រឹងប្រែង​រកស៊ី​ប៉ុន្មាន​ទេ​តែ​មើលទៅ​ជីវភាព​របស់គេ​ហាក់បីដូចជា​ធូរធារ​ជាង​អ្នកដទៃ ។ដោយឡែក​អ្នកខ្លះ​វិញ​ខំប្រឹងប្រែង​ធ្វើ​ការងារ​លំបាករាល់ថ្ងៃ​ជីវភាព​នៅតែ​ជួប​ភាពខ្វះខាត បើ​និយាយ​តាមបែប​អប្បិយ​ជំនឿ​គឺ​គេ​ច្រើនតែ​និយាយថា​«​មកពី​ផល​បុណ្យឬព្រេងវាសនា​ជា​អ្នកកំណត់​ឱ្យទៅវិញ​» ។​

គ្រួសារ​ក្រីក្រ​សុំ​ជង្រុក​ពោត​អ្នកស្រុក​ជ្រកកោន​

​វា​មិន​ខុស​អ្វី​ឡើយ​ពី​គ្រួសារ​មួយ​ដែលមាន​សមាជិក ៥ នាក់​រស់នៅ​យ៉ាង​លំបាក​វេទនា​ស្ថិតនៅក្នុង​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ពួកគេ​បាន​ចាក​ចេញពី​ស្រុកកំណើត​ទៅ​ប្រកប​របរ​ស៊ីឈ្នួល​គេ​ក្នុង​មួយថ្ងៃៗ​គ្មានពេលទំនេរ​បានរស់នៅ​សុខ​ស្រួល​ដូច​អ្នកផង​ទាំងឡាយ​ឡើយ ស្គាល់​តែ​អ​ម្រែ​កលើ​ស្មា ដៃ​កាន់​រទេះអូស​រុញ​អីវ៉ាន់​ទាំង​រងាក្តៅ​ញើស​ជោកៗ​ខ្លួន​នៅតែ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​គ្រប់ ។ អ្វីដែល​ធ្វើឱ្យ​អ្នកស្រុក​កាន់តែ​រន្ធត់និងអាណិត​ដល់​គ្រួសារ​មួយ​នេះ​ទៀត​នោះគឺ​ទុក្ខ​ជាន់​លើ​ទុក្ខ​ពេល​កូនប្រុស​ស្លាប់​ដោយសារ​ជំងឺរកតែ​អង្ករ និង ប្រាក់ ១.០០០ រៀលធ្វើបុណ្យ​គ្មាន​ផង​ពួកគាត់​ដេក​ឱប​សព​កូន​ទាំង​ប្តី​ប្រពន្ធ​រង់ចាំ​ការជួយឧបត្ថម្ភ​ពី​អ្នក​ធ្វើបុណ្យឱ្យ​កូន ។ ទាំង​តង់​ប្រក់​ដំបូល​រោង ទាំង អង្ករ បន្លែ មីក្រូ គឺ​អ្នកស្រុក​ជួយ​ទាំងអស់ ។

គ្រួសារ​ក្រីក្រ​សុំ​ជង្រុក​ពោត​អ្នកស្រុក​ជ្រកកោន​

​គ្រួសារ​ដែលមាន​ជីវភាព​ក្រខ្សត់​រស់ក្នុង​ជង្រុក​ពោត​អ្នកស្រុក​នេះ​មាន​ប្តី​ឈ្មោះ ហឹ​ង ណុប អាយុ ៣៩ ឆ្នាំ ប្រពន្ធ​ឈ្មោះ នូ ផន អាយុ ២៨ ឆ្នាំ អង្គុយ​នៅក្បែរ​សព​កូនប្រុស​ទាំង​ប្តី​ប្រពន្ធនិងកូន​ពិការ​ពីរ​នាក់​ទៀតបាន​ស្រែក​ទ្រហោយំ​សម្រក់ទឹកភ្នែក​ហូរ​រហាម​ពោរពេញ​ដោយ​ទុក្ខ​កង្វល់ ។ ស្ត្រី​ជា​ប្រពន្ធនិង ជា​ម្តាយ​របស់​សព​ក្មេងប្រុសបាន​រៀប​រាប់ទាំង​អួល​ដើម​-​កថា​«​ខ្ញុំ និង ប្តីមាន​ស្រុកកំណើត​នៅក្នុង​ភូមិ​តា​ខូ​យ ឃុំ​ជើង​កួន ស្រុក​សំរោង ខេត្តតាកែវ ។ ខ្ញុំ​បាន​ចាប់ដៃគ្នាជាមួយ​ប្តី​តាំងពី​អាយុ ១៨ ឆ្នាំ​ម៉្លេះហើយ​បានកូនប្រុស​ម្នាក់​តែ​កើតមក​កូនប្រុស​ដូចជា​មិនធំ​ធាត់​នោះទេគេ​មាន​ជំងឺ​លឿង​ដោយ​ខំប្រឹង មើលថែ​កូនប្រុស​រហូត​ដល់​អស់ប្រាក់​កាស​រលី​ងពី​ខ្លួន​បានត្រឹមតែ​ធូរស្រាល​បន្តិច​ប៉ុណ្ណោះ ។

ដោយរស់នៅក្នុង​ស្ថានភាព​គ្រួសារ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗគ្រួសារ​ខ្ញុំ​ក៏​នាំគ្នា​លក់​ដីស្រែ​ដែលមាន​បន្តិចបន្តួច​ធ្វើដំណើរ​មកកាន់​ខេត្តបាត់ដំបង​ដើម្បី​រកការងារ​ផ្សេងៗ​ធ្វើ​ដោយ​មិន​គិតពី​ការងារ​អ្វី​នោះទេ​ឱ្យតែ​ការងារ​សមស្រប ។ លុះ​ពេល​មកដល់​ក៏​ធ្វើជា​កម្មករ​ដក​ដំឡូង​មីចិញ្ច្រាំនិង​កាច់​ពោត​ឱ្យ​ថៅកែ​ដែល​គេ​មាន​ចម្ការ​ស្ថិតនៅក្នុងភូមិ​ពោធិ៍​ជ្រៃ​នេះដោយ​សុំ​ជង្រុក​ដាក់​ពោតរបស់​អ្នកស្រុក​ស្នាក់នៅ​ធ្វើជា​ផ្ទះសម្បែង​បណ្តោះអាសន្ន​មកដល់ពេលនេះ​ជាង ១០ ឆ្នាំ​ហើយ ។

ក្រោយមក​ខ្ញុំ​ក៏បាន​បង្កើត​កូនស្រី​ពីរ​នាក់​ទៀត តែអនិច្ចា​ណាស់​មិនដឹង​ជា​កម្ម​ពៀរ​អ្វី​នោះទេកូនស្រីទី​ពីរ​ខ្ញុំ​កើតមក​ក្លាយជា​មនុស្ស​ខ្វិន​ដើរទៅ​ណា​មកណា​មិនបាន​ឆ្ងាយនិងធ្វើ​ការងារ​ធ្ងន់​មិនកើត​នោះទេ ។ ដូច្នេះ​គ្រួសារ​ខ្ញុំ​មានកូន​ពិការ​ដល់​ទៅ​ពីរ​នាក់គឺ​កូនប្រុស​ច្បងនិងកូនស្រី​ទី​ពីរដោយឡែក​កូនស្រី​ទី​បី​មាន​កាយសម្បទា​គ្រប់គ្រាន់​»​។​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​បន្តទៀតថា​«​ដោយសារ​សម្ពាធ​គ្រួសារ​មានកូន​សុទ្ធតែជា​មនុស្សពិការ​ដូច្នេះ ហើយ​មិន​មានកូន​ណា​ម្នាក់​អាចជួយ​ដោះ​បន្ទុកគ្រួសារ​បាន​នោះ​គឺមាន​តែ​ពីរ​នាក់ប្តី​ប្រពន្ធ​ប្រឹង​ដើរ​ស៊ីឈ្នួល​គ្រប់​ទីកន្លែង​នៅ​ជាយដែន​ខ្មែរ​-​ថៃ​នេះ ។ម្យ៉ាង​ពួក​ខ្ញុំ​ជា​មនុស្ស​ល្ងង់​ងងឹត​មិនចេះ​អក្សរ​ទៀតមិនមាន​ការងារ​អ្វី​ក្រៅពី​ប្រើកម្លាំងបាយគឺ​កម្មករ​នោះទេ ។

បើទោះបីជា​គ្រួសារ​របស់ខ្ញុំ​ខំប្រឹង​ដើរ​ស៊ីឈ្នួល​គេ​ទាំង​ក្តៅទាំង​ភ្លៀង​រងាយ៉ាងណាក៏​មិនអាច​ធ្វើឱ្យ​ជីវភាព​គ្រួ​សារបាន​ធូរ​​ស្រាល​ដែរ មិនដឹង​ជាមាន​កម្ម​ពៀរ​អ្វី​នោះទេ គឺផ្ទុយស្រឡះ​ពី​គ្រួសារ​អ្នកដទៃ​ដែល​គេ​ធ្វើ​តែ​បន្តិចបន្តួច​សោះតែ​ជីវភាព​គ្រួសារ​របស់​ពួកគេ​ដូច​ជាមាន​ហូបចុក​គ្រប់គ្រាន់ ។​​ជា​រៀងរាល់ថ្ងៃ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​តែងតែនាំគ្នា​ទៅ​ស៊ីឈ្នួល​អូស​រទេះ​អីវ៉ាន់​តាម​ច្រកព្រំដែនថៃដោយ​ទុក​កូន​ឱ្យ​នៅចាំ​ជង្រុក​ពោត ។ ក្នុង​មួយថ្ងៃ​គាត់​អាច​រកប្រាក់​បាន​ចាប់ពី ១០.០០០ រៀលទៅ ២០.០០០ រៀល​ដែរ តែ​ប្រាក់​ដែល​បាន​ពីកម្លាំង​ញើស​ឈាម​នេះ​ត្រូវ​បែងចែក​ច្រើនដូចជាថ្នាំសង្កូវ​សម្រាប់​កូនប្រុស​ដែល​ឈឺ​ដេក​នៅ​នឹង​កន្ទេលហើយ​លៃ​ទុក​ខ្លះ​សម្រាប់​ទិញ​អង្ករ​ម្ហូបអាហារ​ប្រចាំថ្ងៃ ។

ដោយសារតែ​ភាពលំបាក​វេទនា នេះហើយ​ធ្វើឱ្យ​កូនប្រុស​ច្បង​របស់ខ្ញុំ​បាន​ស្លាប់​ដោយ​ជំងឺ និង កង្វះ​អាហារ ។ ពេលដែល​កូនស្លាប់ទៅ​គ្រួសារ​ខ្ញុំ​ពុំមាន​ប្រាក់​សម្រាប់ធ្វើ​បុណ្យសព​ឱ្យ​កូន​ទេ​នាំគ្នា​អង្គុយ​ជុំវិញ​សព​កូនបាន​ត្រឹមតែ​ស្រែកយំ​ដង្ហោយហៅ​សុំឱ្យ​អ្នកស្រុក​ជិតខាងជួយ​តែប៉ុណ្ណោះ ។​ ​ក្នុង​ពិធីបុណ្យសព​ដែលមាន​អ្នកចូលរួម​តែ ៤ ទៅ ១០ នាក់​ប៉ុណ្ណោះ​ហើយក៏​គ្មាន​ដាំ​ស្ល​អ្វីដែរដោយសារតែ​គ្មាន​ប្រាក់​បើ​កុំ​តែ​បាន​អ្នកជិតខាងនិងបងៗ​កងទ័ព​ដែល​នៅ​ជាយដែន​នៅ​ស្រុកសំឡូតបាន​នាំយក​អង្ករ​មួយ​បាវ និង ថវិកា​ខ្លះ​មកជួយ​ដោយ​ក្តី​អាណិតទុក​សម្រាប់​ចាត់ចែង​ដាំបាយស្ល​ធ្វើបុណ្យ​បញ្ជូន​កុសល​ដល់​សព​កូនប្រុស​» ។

​នៅមុខ​ជង្រុក​ពោត​របស់​អ្នកស្រុក​ដែលជា​កន្លែង​ផ្ញើប្រាណ​របស់​គ្រួសារ​ក្រីក្រ​មួយ​នេះអ្នកជិតខាង​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យសព​នោះដែរ​បានឱ្យដឹងថាគ្រួសារ​មួយ​នេះ​ពិតជា​ក្រីក្រ​ខ្លាំងណាស់​បើទោះជា​គេ​ប្រឹង​យ៉ាងណា​ក៏​មិនអាច​ធូរធារ​ដែរ មិនដឹង​ជាមាន​កម្មផល​អ្វី​ទេ​សម្រាប់​គ្រួសារ​នេះ ។ បើ​និយាយ​ពី​កូន​វិញបីនាក់​ពិការ​ពីរ​នាក់​ហើយ ។ ក្នុងនោះ​ពួកគាត់​សុំអំពាវនាវ​ដល់​សប្បុរ​ជន​នានា​មេត្តាជួយ​ស្រោចស្រង់​ដល់​ជីវិត​គ្រួសារ​មួយ​នេះ​ផង ដែល​កំពុងតែ​ជួប​ការលំបាកនិងទុក្ខ​កង្វល់​ដើម្បី​បាន​ថវិកា​ខ្លះជួយ​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​គ្រួសារ​នេះ​ពិតជា​វេទនា​ខ្លាំងណាស់ ៕ លី​លី​