កូនប្រុស​ក្លាយជា​ចោរប្លន់ ឪពុក​ខ្មាស​ញាតិ​ប្រុស​ស្រី​លេបថ្នាំ​បំពុល​ធ្វើ​អត្តឃាត

កូនប្រុស​ក្លាយជា​ចោរប្លន់ ឪពុក​ខ្មាស​ញាតិ​ប្រុស​ស្រី​លេបថ្នាំ​បំពុល​ធ្វើ​អត្តឃាត

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​យោធា​មួយ​រូប​ឈ្មោះ ចេ​ង មាន បាន​លេបថ្នាំ​ធ្វើ​អត្តឃាត ក្រោយ​ពី​ទទួល​រង​នូវ​ការ​អាម៉ាស់មុខ ខ្មាស​អស់​ញាតិ​មិត្ត​ប្រុស​ស្រី​និង​អ្នក​ភូមិ ដោយសារ​តែ​កូន​របស់​ខ្លួន​ដែល​ជា​មន្ត្រី​យោធា​បែរជា​ធ្វើ​មេខ្លោង​ចោរប្លន់​កក្រើក​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ចុង​ខែមករា កន្លង​មកនេះ ។

លោក ចេ​ង មាន  អាយុ​៥៣​ឆ្នាំ ជា​យោធា​ចា​រ្យ​ប្រចាំ​យោធភូមិ​ភាគ​ទី​៣ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី បាន​លេបថ្នាំ​សម្លាប់​ខ្លួន​នៅ​ក្នុង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៣ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃ​ទី​១៨​ខែកុម្ភៈ​។ ក្រោយ​ពី​ដឹង​ថា​លោក​លេបថ្នាំ​សម្លាប់​ខ្លួន​នោះ មន្ត្រី​យោធា​នៅ​ទីនោះ​ក៏​ដឹក​រូប​លោក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត តែ​ជា​អកុសល​លោក​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​តែ​ម្តង ។

មន្ត្រី​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ការ​លេបថ្នាំ​សម្លាប់​ខ្លួន​នេះ ដោយសារ​តែ​លោក ចេ​ង មាន ក្នុង​នាម​ជា​ឪពុក ជា​មេ​គ្រួសារ បាន​ទទួល​រង​នូវ​ការ​អាម៉ាស់​ជា​ពន់ពេក ខណៈ​ដែល​កូនប្រុស​របស់​លោក​ជា​មន្ត្រី​យោធា​ម្នាក់​ដែរ​នោះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​យោធភូមិ​ភាគ​ទី​៣ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​ដ៏​កក្រើក​នៅ​ខេត្ត​កណ្តាល ។ ក្រោយ​ពី​កូន​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន រូប​លោក​ខ្មាស​គេ​យ៉ាង​ខ្លាំង ហើយ​ពេល​ទៅ​ណា​មក​ណា​ក៏​ដូច​ទៅ​ហាង​កាហ្វេ តែងតែ​ឮ​គេ​សួរ និង​និយាយ​ពី​ករណី​កូន​របស់​លោក​ដែល​ជា​មន្ត្រី​យោធា​បែរជា​ទៅ​ធ្វើ​ចោរប្លន់​ទៅ​វិញ ។

ពិត​ណាស់ កិត្តិយស​គ្រួសារ​ត្រូវ​បានកូន​ជាន់ឈ្លី​ធ្លាក់​ដល់​បាតដី ក្នុង​នាម​ជា​ឪពុក​ពិតជា​និយាយ​លែង​ចេញ និង​មាន​តែ​ចាកចេញ​ពីលើ​លោក​នេះ​ទេ​ទើប​គេច​ផុត​ពី​ការ​អាប់ឱន​កិត្តិយស​។

គួរ​រំឭក​ថា ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់ ក្នុង​នោះ​មាន​ទាហាន​ស័ក្តិ​២​ម្នាក់​ផង​ជា​មេខ្លោង បាន​ត្រូវ​នគរបាល​ខេត្តកណ្ដាល ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​មួយ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា កន្លង​ទៅ នៅ​ភូមិ​តា​គោក ឃុំឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​ប្រមូល​យក​លុយ និង​គ្រឿងអលង្ការ សរុប​គិត​ជា​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ ។

មន្ត្រី​នគរបាល​ខេត្តកណ្ដាល​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ជា​ចោរប្លន់​ដែល​បាន​ចាប់ខ្លួន​មាន ១-​ឈ្មោះ សេង ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ​សំណង់ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១០  ខែកុម្ភៈ ២-​ឈ្មោះ ទ្រី សុ​ឃី​ម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ព្រូឡាន ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ៣-​ឈ្មោះ មាន វាសនា ហៅ​ជៀស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ទាហាន​បម្រើ​ការងារ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ស្ពឺ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២   ខែកុម្ភៈ ។ ឈ្មោះ​នេះឯង​ដែល​ធ្វើ​ឱ្យ​បុរស​ជា​ឪពុក​ខ្មាស​គេ​រហូត​ធ្វើ​អត្តឃាត ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​សារភាព​ថា ពេល​ប្លន់​បាន​ហើយ​ក៏​នាំ​គ្នា​បើក​មើល​សម្ភារ​ឃើញ​មាន​លុយ​៩០០​ដុល្លារ និង​៤០​មឺ​ុ​ន​រៀល ចិញ្ចៀន​៤​វង់ ខ្សែ​ក​២​ខ្សែ ខ្សែដៃ​២​ខ្សែ ហើយ​បាន​ចែក​គ្នា ដោយ​ឲ្យ​ឈ្មោះ សេង ដា ចំនួន​៥០០​ដុល្លារ ចែក​ឲ្យ​ឈ្មោះ ទ្រី សុ​ឃី​ម ចំនួន​១០​ម៉ឺន​រៀល ។ ឈ្មោះ សេង ដា បាន​សួរ​ឈ្មោះ មាន វាសនា ថា ចំណែក​ខ្ញុំ​បាន​តិច​ម្ល៉េះ? ពេល​នោះ​ឈ្មោះ មាន វាសនា គំរាម​ថា ឲ្យ​ប៉ុណ្ណឹង​ហើយ​ចង់បាន​ប៉ុន្មាន​ទៀត ប្រយ័ត្ន​អញ​បាញ់​ចោល បន្ទាប់​មក​ក៏​នាំ​គ្នា​ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​នៅ​ភូមិ​ព្រៃ​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ កន្លែង​ចែក​លុយ​គ្នា​នោះ ៕