គណបក្ស​កាន់​អំណាច​សរសើរ​ដំណើរ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​របស់​លោក ហ៊ុន សែន ទៅ​កាន់អាមេរិក​

អង្គុយ​​​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់ អូបាម៉ា និង​បណ្ដា​មេដឹកនាំ​អាស៊ាន​​នៅ​ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា​កាលពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូច​ជា​​ដឹង​មុន​​នូវ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​​នឹង​គិត​អំពី​ការ​ចូល​រួម​របស់​លោក​​ក្នុង​កិច្ច​ប្រជុំ​កំពូល​​​​អាមេរិក​-អាស៊ាន​នៅ​សប្ដាហ៍​នេះ​។       

​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​​ផ្ទាល់​ខ្លួន​របស់​លោក​ លោក​​បាន​បង្ហោះ​រូប​ថត​ចំនួន​ប្រាំបី​សន្លឹក​​នៃ​​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ទីក្រុង​​រែន​ចូ​ មីរ៉ាច (Rancho Mirage) ​រួម​​ទាំង​រូប​ថត​​ស៊ែលហ្វី​ពីរ​សន្លឹក​​ដែល​បង្ហាញ​ពី​រូប​លោក​ពាក់​ស៊ិញ​​លម្អ​ដោយ​រូប​សញ្ញា​​រមណីយដ្ឋាន​​សាន់នីលែន (Sunnylands) ​ជា​កន្លែង​​រៀបចំ​​កិច្ច​ប្រជុំ​កំពូល​នេះ​ និង​រូប​ថត​​មេដឹកនាំ​ពិភព​លោក​ផ្សេង​ៗ​ទៀត​​ដែល​មាន​​វត្តមាន​ចូល​រួម​ ដែល​ត្រូវ​បាន​​​ថត​ចេញពី​គំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ជុំវិញ​តុមូល​។

លោក ហ៊ុន សែន បាន​សរសេរ​ថា ​”​ខ្ញុំ​មិន​មែន​ជា​អ្នក​កាសែត​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​របស់​យើង​ទទួល​បាន​ដំណឹង​​​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។

​កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ​នេះ បាន​ផ្ដោត​លើ​ពាណិជ្ជកម្ម​​ ដែល​រួម​មាន​ទាំង​​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​អន្តរ​បា៉ស៊ីហ្វិក (TPP) ​ដែល​ទើប​ចុះ​ហត្ថលេខា​ថ្មីៗ​ និង​ភាព​តានតឹង​នៅ​សមុទ្រ​​​ចិន​ខាង​ត្បូង។

​ខណៈ​មិន​ស្ថិត​នៅ​ក្នុង​របៀបវារៈ​​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា​ និង​​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍​​ផ្សេងៗ​ទៀត​ ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​​​នៃ​​​ការ​អត្ថាធិប្បាយ​​ទាក់​ទិន​នឹង​កិច្ច​​ប្រជុំកំពូល​​នេះ​ដែរ​ ដោយ​បណ្ដា​អ្នក​នយោបាយ​​មក​ពី​គណ​បក្ស​ប្រឆាំង អង្គការ​សិទ្ធិ​មនុស្ស និង​សកម្មជន​​អាមេរិក​ដើម​​កំណើត​ខ្មែរ និង​សូម្បី​កាសែត​​ ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) ​រិះ​គន់​​​ការ​សម្រេច​របស់​លោក អូបាម៉ា ​​អញ្ជើញ​លោក ហ៊ុន សែន និង​ក្រុម​ផ្ដាច់​ការ​របស់​លោក​​ទៅ​កាន់​សហរដ្ឋអាមេរិក​។

ប្រឈម​នឹង​ការ​រិះគន់​នេះ​ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​​បាន​​​​មាន​ប្រសាសន៍​នៅ​សប្ដាហ៍​នេះ​ថា ​លោក ហ៊ុន សែន ស័ក្ដិសម​នឹង​ទទួល​បាន​ការ​អញ្ជើញ ហើយ​​ការ​អញ្ជើញ​នេះ​​​បាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​សហរដ្ឋអាមេរិក​​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​។

លោក​​​បាន​គូស​បញ្ជាក់​ថា ”​វា​ជា​កិត្តិយស​​ដ៏​​ធំធេង​​​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​​គណៈ​​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​​​​តេជោ ហ៊ុន​ សែន ​​​ត្រូវ​បាន​​ប្រធានាធិបតី​ អូបាម៉ា ​ដែល​ជា​មេដឹកនាំ​​នៃ​ប្រទេស​មហា​អំណាច​​ដ៏ធំ​ អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​”។

និយាយពី​អ្នក​រិះគន់​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​ខ្លះ​បាន​រៀបចំ​​ការ​តវ៉ា​មួយ​​ដែល​មាន​អ្នក​ចូលរួម​ប៉ុន្មាន​រយ​នាក់​នៅ​ខាង​ក្រៅ​​រមណីយដ្ឋាន​ សាន់នីលែន កាលពី​ថ្ងៃ​ច័ន្ទ លោក សុខ ឥសាន បាន​លើក​ឡើង​ថា ឆន្ទៈ​របស់​លោក អូបាម៉ា ក្នុង​ការ​អញ្ជើញ​លោក ហ៊ុន សែន ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា​​ នឹង​​​ធ្វើ​ឲ្យ​ពួកគេ​​ភ្ញាក់​ស្មារតី។

​លោក​បាន​បន្ត​ថា “​វា​មាន​ន័យ​ថា ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា មាន​សុទិដ្ឋិនិយម​ចំពោះ​​​ស្ថានភាព​របស់​កម្ពុជា​​តាម​​រយៈ​មិន​ជឿ​​​ការ​ញុះញង់​របស់​​មនុស្ស​មួយ​ក្រុម​តូច​នៅ​ខាង​គណបក្ស​ប្រឆាំង​។ ​វា​ប្រៀប​បាន​នឹង​ដំបង​ឈើ​​មួយ​​ដែល​ធំ​ហើយ​ធ្ងន់ ​វាយ​ក្បាល​​មនុស្ស​​​​របស់​គណបក្ស​ប្រឆាំង​ដែល​​មិន​ដែល​ប្រើ​ប្រាស់​សុភវិនិច្ឆ័យ​ច្បាស់​លាស់​អំពី​ស្ថានភាព​របស់​កម្ពុជា​”។

​លោកស្រី មូរ សុខហួរ ​​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​អាមេរិក​​ មាន​ទស្សនៈ​យល់​ឃើញ​ខុសពី​នេះ​ចំពោះ​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​របស់​លោក ហ៊ុន សែន ទៅ​កាន់​សហរដ្ឋអាមេរិក​។

​លោកស្រី​​​បាន​មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​​​កំពូល​នេះ​ជា​សញ្ញា​យ៉ាង​ច្បាស់​បង្ហាញ​ពី​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​​​​នៅ​អាស៊ី​អាគ្នេយ៍​ និង​បំណង​ប្រាថ្នា​របស់​ខ្លួន​ចង់​ចូល​រួម​ជាមួយ​តំបន់​នេះ​ទាំង​មូល​ ប៉ុន្តែ​បាន​ធ្វើ​ការ​កត់​សម្គាល់​​​ថា មេដឹកនាំ​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​​អញ្ជើញ​​ទំនង​ជា​​ឆ្លៀត​ឱកាស​​នេះ​ដើម្បី​ស្វះស្វែង​រក​​ភាព​ស្រប​​​​ច្បាប់​ប្រសើរ​ជាង​មុន​តាម​រយៈ​ការ​ចូល​ទៅ​កៀក​លោក អូបាម៉ា។ ​​​​​​​​​​​​

លោកស្រី​​​​​​​បាន​​​លើក​ឡើង​តាម​រយៈ​សារ​អេឡិចត្រូនិក​​​​មួយ​ថា ”សហរដ្ឋអាមេរិក​មាន​​របៀប​វារៈ​មួយ​​ដែល​​កំពុង​​​​បង្កើន​​​វិធាន​​​​​​ការ​​​​​​​​​ដើម្បី​​​ពង្រឹង​យុទ្ធសាស្ត្រ​​ស្នូល​របស់​ខ្លួននៅ​អាស៊ី​។ កិច្ច​ប្រជុំកំពូល​អាសា៊ន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​​​​​ដោយ​​​ប្រធានា​ធិបតី​ អូបាម៉ា​ គឺ​ជា​ការ​ទទួល​ស្គាល់​​ដែល​ មេដឹកនាំអាស៊ាន​មួយ​ចំនួន​​​ដែល​​​​ដឹក​នាំ​លទ្ធិប្រជាធិបតេយ្យ​តែ​សម្បក​ក្រៅ ​ព្យាយាម​​​​ស្វែង​រក​។ ​ការ​រៀបចំ​កិច្ច​ប្រជុំកំពូល​នេះ​​​​នៅ​​​​សហរដ្ឋអាមេរិក​មាន​ន័យ​ថា លោក​​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​​​នឹង​​​ទទួល​បាន​ការ​អញ្ជើញ ហើយ​​​​លោក​​​នឹង​ទទួល​យក​”។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​ក៏​បាន​មាន​ប្រសាសន៍​​​ដែរ​ថា ការ​វាយ​តម្លៃ​របស់​លោក សុខ ឥសាន ​មាន​កំហុស​ឆ្គង ហើយ​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​​​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​សាន់នីលែន គឺ​លើស​ពី​មុខ​ងារ​​​របស់​កម្ពុជា​ ក្នុង​ឋានៈ​ជា​សមាជិក​នៅ​ក្នុង​អាស៊ាន​  ជា​សមាគម​​​​តំបន់​​​ដែល​​​​ធ្វើ​សេចក្ដី​សម្រេច​ដោយ​មតិរួម​។

​លោក​​​​​​​​​បាន​​​លើកឡើង​ទៀត​ថា “​អ្នក​ស្វែង​រក​​​​សារ​​​​​ដ៏​សំខាន់​​មួយ​ថា តើ​រដ្ឋការ​ អូបាម៉ា ផ្ដល់​​​សារ​​ដ៏សំខាន់​​​ណាមួយ​បែប​នេះ​ដែរ​ឬ​ទេ ហើយ​​​​គ្មាន​រឿង​បែប​នេះ​ឡើយ ពីព្រោះ​ជា​​មូល​ដ្ឋាន​លោក ហ៊ុន សែន ​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​អាស៊ាន ហើយ​លោក អូបាម៉ា ចង់​ចូល​រួម​ជាមួយ​អាស៊ាន​។ ​ខ្ញុំ​មិន​​បក​ស្រាយ​ច្រើន​ពេក​ទេ​លើ​អត្ថន័យ​នេះ​ លើក​លែង​តែ​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ថា សហរដ្ឋអាមេរិក​​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​​​ចំពោះ​អាស៊ាន​​ជា​​​តំបន់​​​​​​មួយ​​​”។

លោក ខាល សេយ័រ (Carl Thayer) ដែល​​ជា​​អ្នក​ជំនាញ​ខាង​អាស៊ីអាគ្នេយ៍​នៅ​​រាជបណ្ឌិត្យ​​​សភា​​កង​កម្លាំង​ការ​ពារ​ជាតិ​អូស្ត្រាលី​ (Australian Defense Force Academy) ​បាន​មាន​ប្រសាសន៍​ថា ការ​ព្យាយាម​ណាមួយ​​របស់​លោក ហ៊ុន សែន ​​ប្រើ​ប្រាស់​វត្តមាន​នៅ​​សហរដ្ឋអាមេរិក​​ដើម្បី​កេង​ចំណេញនយោបាយ ទំនង​ជា​​​ទទួល​​​រង​ការ​តប​ត​​។

លោក​ថ្លែង​ថា “​លោក ហ៊ុន សែន អាច​ប៉ុន​​​​​​ប៉ង​ធ្វើ​បែប​នោះ​បាន ប៉ុន្តែ​ខ្ញុំ​គិត​ថា សហរដ្ឋ​​​អាមេរិក​​នឹង​ប្រញាប់​​​​​​​​​ធ្វើ​​​ឲ្យ​​​ខូច​​​​ការ​ព្យាយាម​នោះ។ ​និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ​ប្រទេស​​​​ថៃ និង​កម្ពុជា ​​​កំពុង​​​មាន​​​​​​ឈ្មោះ​​​​​​មិន​​​​​​ល្អ”។

​​លោក​បាន​បន្ត​ថា ហើយ​​​ដោយ​​​​សហរដ្ឋ​អាមេរិក​ ​កំណត់​​​ទស្សន​​​វិស័យ​​​​​​​លើ​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ​ការ​រាប់​បញ្ចូល​កម្ពុជា ក្នុង​បញ្ជី​ឈ្មោះ​​​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ទៅ​កាន់​សាន់នីលែន ​គឺ​ជា​រឿង​ចាំបាច់ត្រូវ​ធ្វើ​ ដោយ​​លើក​ឡើង​​ពី​​កិច្ច​ប្រជុំ​កំពូល​​អាមេរិក​-អាស៊ាន​​ដែល​ត្រូវ​បាន​គ្រោង​​​​ទុក​ក្នុង​ឆ្នាំ​២០០៧ នៅ​រដ្ឋតិច​សាស ​ដែល​​​​ជាស្រុក​កំណើត​របស់​​ប្រធានាធិបតី​សហរដ្ឋ​​អាមេរិក ចច ដាប់ប៊ឹលយូ ប៊ូស នៅ​ពេល​នោះ​ដែល​ត្រូវ​បានលុប​ចោល ​​បន្ទាប់​ពី​អ្នក​រៀបចំ​ព្យាយាម​​​​ផាត់​​​ប្រទេស​ភូមា​​​ចេញ។

លោក​​​​​បាន​​បន្ថែម​ថា ”​ពេល​​​ខ្ញុំ​និយាយ​​អំពី​​ប្រធានាធិបតី ប៊ូស អញ្ជើញ​អាស៊ាន​​មក​កាន់​​​​​ក្រហ្វដ រែនជ៍ (Crawford Ranch) ​និង​ការ​​​​​​មិន​​​រាប់​​​​​បញ្ចូល​​​​​​មីយ៉ាន់ម៉ា ហើយ​​​​អាស៊ាន​​នឹង​មិន​ចូល​រួម​​ នោះ​ជា​ចំណុច​សំខាន់។ ​​​អ្នក​មិន​អាច​រៀបចំ​កិច្ច​ប្រជុំ​កំពូល​នៅ​​សាន់នីលែន ​​​ហើយ​​​មិន​រាប់​បញ្ចូល​កម្ពុជា​​​​បាន​​​ឡើយ។ លោក អូបាម៉ា មាន​ទស្សនវិស័យជា​យុទ្ធសាស្ត្រ​​​​​​ទូលំ​​​ទូលាយ​​ជាង ហើយ​កិច្ច​ប្រជុំ​កំពូលនេះ​មិន​មែន​និយាយ​​អំពី​​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ វា​មិន​​ត្រឹម​តែ​និយាយ​​អំពី TPP ប៉ុណ្ណោះ​​​​ទេ វាក៏​និយាយ​អំពី​ផែន​ការ​សកម្មភាព​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​​​​​​​ផង​​​ដែរ។ ប្រទេស​ចិន ដើរ​ទៅ​​​​មុន​សហរដ្ឋអាមេរិក​ប្រហែល​១០​ឆ្នាំ ឬ​ច្រើន​​ជាង​នេះ​​​​លើ​​​ចំណុច​​​នោះ ពីព្រោះ​​រដ្ឋា​ភិបាល​​​​​​មុនៗ​​​របស់​​​​អាមេរិក​​​មិន​បាន​លេង​ហ្គេម​នោះ​​​​ដូច​​​​​​​​ដែល​​​​​លោក អូបាម៉ា ​​​កំពុង​​​លេង​”។

លោក ចេ រ៉េមែន (Jay Raman) អ្នក​នាំពាក្យ​​​​​ស្ថានទូត​អាមេរិក ​បាន​បដិសេធ​មិន​​​​ធ្វើ​​​អត្ថា​​​​​​ធិប្បាយ​​​​​​​​​​​ថា ​តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​​ហ៊ុន សែន ទៅ​កាន់​អាមេរិក​តំណាង​ឲ្យ​​​​ការ​គាំទ្រ​​​កំណត់​​​ត្រា​​​​សិទ្ធិ​មនុស្ស​​​​របស់​រដ្ឋាភ​​​ិបាល​​​​ឡើយ ប៉ុន្តែ​​​ពេល​​​ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​​ផ្សព្វ​​​ផ្សាយ​​​​​​​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃ​ច័ន្ទ លោក ស្រី ស៊ូសែន រ៉ាយស៍ (Susan Rice) ​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ បាន​ច្រាន​ចោល​​ទស្សនៈ​យល់​ឃើញ​នេះ។

លោក​​​ស្រី​​​បាន​ថ្លែង​​​​ថា “​យើង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​នានា​​ជុំវិញ​ពិភព​លោក​រួម​ទាំង​​​នៅ​អាស៊ី​ផង​ ជាមួយ​អ្នក​ដែល​យើង​​​​មាន​​​គំនិត​​​​​​ខ្វែង​គ្នា​ខ្លាំង​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ អំពើ​​​ពុក​រលួយ​ ហើយ​យើង​ពិត​ជា​និយាយ​​ជាមួយ​ពួកគេ។ ដូច្នេះ​​​​​​​​​ដោយ​​​​​​​​​​​​​​​សារ​​​តែ​​​នៅ​អាស៊ី ឬ​​​កន្លែង​ផ្សេង​ទៀត​ យើង​ត្រូវ​បាន​​​​តម្រូវ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​​​បណ្តា​​​​រដ្ឋាភិបាល​ រួម​ទាំង​​​ក្នុង​​​​​​​ករណី​​​​ខ្លះ​​​​​​ជា​​​មួយ​​​​​​អ្នក​ដែល​យើង​​​​មាន​​​គំនិត​​​​​​ខ្វែង​​គ្នា​ធំៗ​​​​លើ​បញ្ហា​​​​​នានា​​​​ដូច​ជា ការ​រំលោភ​សិទ្ធិមនុស្ស​​​​ជា​​​​​​​​​​​​ដើម មិន​មាន​ន័យ​ថា យើង​កំពុង​ធ្វើ​ឲ្យ​ពួកគេ​ ឬ​ឥរិយាបថ​របស់​ពួកគេ​ស្រប​ច្បាប់​​​​​​​នោះ​​​ឡើយ”៕ សុខុម​​​​​

 

The post គណបក្ស​កាន់​អំណាច​សរសើរ​ដំណើរ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​របស់​លោក ហ៊ុន សែន ទៅ​កាន់អាមេរិក​ appeared first on ខេមបូឌា ដេលី.