អាជ្ញាធរ​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់ជំរិត​ក្មេងប្រុស​អាយុ​១០ឆ្នាំ​​

អាជ្ញាធរ​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា អ្នក​រត់​ម៉ូតូឌុប​ម្នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃពុធ ពីបទ​ចាប់​ជំរិតក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ដើម​សប្ដាហ៍​នេះ​។

យោង​តាម​​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​នេះ​បាន​បាត់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​​ជិះកង់​​​ចេញពី​សាលា​រៀននៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាលពី​រសៀល​ថ្ងៃច័ន្ទ។ ជន​ចាប់​ជំរិត​ឈ្មោះ សួស វ៉ានូ អាយុ​២២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ក្រុម​គ្រួសារ​ក្មេង​ប្រុស​រង​គ្រោះ​បាន​​រាយការណ៍​ទៅ​អាជ្ញាធរ​អំពី​ការ​ចាប់​ជំរិត​នេះ​បន្ទាប់ពី​ព្យាយាម​​ចរចា​ជាមួយ​ជន​សង្ស័យ។

លោក តាំង សង្គម ​​អាយុ​៣៩​ឆ្នាំ ត្រូវ​ជា​ឪពុក​របស់​ក្មេង​ប្រុស​នេះ​បាន​និយាយ​ថា មួយ ​ថ្ងៃ​បន្ទាប់​ពី​កូន​ប្រុស​របស់​គាត់​ឈ្មោះ តាំង សុខាតី ​បាន​បាត់​ខ្លួន​ លោក​ទទួល​បាន​ការ​ហៅ​​ ទូរស័ព្ទ​ពី​បុរស​ម្នាក់​ដែល​អះអាង​​ថា បាន​ប្រទះ​ ឃើញ​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​រូប​នេះ។

លោក សង្គម បាន​និយាយ​​​ថា ​”​នៅ​ម៉ោង​ប្រហែល​១រសៀល​ បុរស​ម្នាក់​ដែល​ខ្ញុំមិន​​ស្គាល់​​បាន​ទូរស័ព្ទ​មក​ខ្ញុំ ហើយ​បាន​សួរ​ថា ‘​តើ​លោក​​​បាត់​កូន​ប្រុស​ឬ​?’ ហើយ​ខ្ញុំ​បាន​​អះអាង​ ថា ខ្ញុំ​បាត់​”។ លោក​បាន​បន្ថែម​ថា បុរស​រូប​នោះ​ដែល​បដិសេធ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​ប្រាប់​លោក​​ថា ​គេ​បាន​ប្រទះឃើញ​ក្មេង​ប្រុស​ម្នាក់​​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម។

ដោយ​សំដៅ​ដល់​សេវាកម្ម​​​​ផ្ទេរ​ប្រាក់​ លោក​​បាននិយាយ​ថា “​ជន​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ’ ប្រសិន​បើ​​​ចង់​បាន​កូន​ប្រុស​​វិញ សូម​វេរ​លុយ​ឲ្យ​ខ្ញុំ​​តាម​វីង​ចំនួន​២ លាន​រៀល​”។ លោក​​បាន​បន្ថែម​ថា ”​ខ្ញុំ​បាន​​ឮកូន​ប្រុស​របស់​ខ្ញុំ​ស្រែក​យំ​តាម​ទូរស័ព្ទ។ យើង​ពិត​ជាបារម្ភ​ថា បុរស​នោះ​​អាច​សម្លាប់​កូន​ប្រុស​របស់​យើង ដូច្នេះ​យើង​បាន​សម្រេច​​​ ​​វេរ​លុយ​ចំនួន​​២​លានរៀល​នៅ​ថ្ងៃ​ដដែល​នោះ”។

​លោក សង្គម បាន​និយាយ​ថា បន្ទាប់ពី​​​ចំនួន​​​​ទឹកប្រាក់​ដំបូង​​ត្រូវ​បាន​វេររួច​​ បុរស​រូប​នោះ​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ម្ដង​ទៀត ដោយ​សុំ​ឲ្យ​វេរ​លុយ​​ចំនួន​៣លាន​រៀល​ទៀត ហើយ​បាន​និយាយ​ថា ជីវិត​របស់​ក្មេង​ប្រុស​នេះកំពុង​ជួប​គ្រោះ​ថ្នាក់​​​។

លោក​​បាន​និយាយ​ថា   “​ជន​នោះ​បាន​និយាយ ​ថា កូន​ប្រុស​របស់​ខ្ញុំ​ឈឺ​ធ្ងន់…។ ជន​នេះ​បាន​និយាយ​ថា ‘កូន​ប្រុស​របស់​អ្នក​អាច​ស្លាប់’”​​​ប្រសិន​បើ​យើង​​មិន​វេរ​លុយ​បន្ថែម​។ លោក​​បាន​បន្ថែម​ថា​​​ ក្រុម​គ្រួសារ​លោក​​បាន​​វេរ​លុយ​២លាន​រៀល​ទៀត​មុន​ពេល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កង​រាជអាវុធ​ហត្ថ​ខេត្ត​។

លោក​​​ ប៉ុក សាង មេបញ្ជាការ​រង​កង​រាជ​​​អាវុធ​ហត្ថ​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ទទួល​បាន​ពាក្យ​បណ្ដឹង​ អាជ្ញាធរ​​អាច​កំណត់​ទីកន្លែងទូទៅ​​របស់​ជន​សង្ស័យ​ដោយ​​ការ​​ប្រើ​ប្រាស់​​សញ្ញា​ទូរស័ព្ទ​របស់​​​​ជន​​​នេះ​​​។​​​លោក​​​​​​​បាន​ថ្លែង​ថា ពួកគេ​បាន​តាម​ដាន​ជន​នេះ​ទៅ ដល់​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទីដែល​នគរ​បាល​បានស្វែង​រក​​កន្លែង​ផ្ទេរ​ប្រាក់​វីង​នៅ​តំបន់​​នោះ។

លោក​បាន​និយាយ​ថា “​យើង​បាន​បញ្ជា​ឲ្យ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​ល្បាត​តាម​ផ្លូវ និង​ពិនិត្យ​មើល​កន្លែង​ផ្ទេរ​ប្រាក់​វីង​។ នៅ​ពេល​ជន​នេះ​មក​ដល់​​តាម​ម៉ូតូ​ជាមួយ​ក្មេង​ប្រុស​​​នេះ​​ដើម្បី​ដក​លុយ​នោះ យើង​បាន​ដេញ​តាម​តែ​ម្ដង​”។

លោក ជឹម ស៊ីថា ​អធិការ​នគរ​បាល​ខណ្ឌ​​​ដង្កោ បាន​មាន​ប្រសាសន៍​ថា ការ​ដេញ​តាម​​បាន​​បញ្ឈប់​បន្ទាប់ពី​ជន​សង្ស័យ​បាន​​បោះបង់​ចោល​ម៉ូតូ ហើយ​ព្យាយាម​​​រត់​គេច​ខ្លួន។

លោក ស៊ីថា បាន​ថ្លែង​ថា “​នៅ​ពេល​យើង​ កំពុង​ដេញ​​ប្រកៀក​ប្រកិត​​ ជន​នេះ​បាន​ទុក​​ម៉ូតូ និង​ក្មេង​ប្រុស​ចោលនៅលើ​ផ្លូវ​ ហើយ​បាន​រត់​​ចូលទៅ​ក្នុង​វាល​ស្រែ​​”។ លោក​បាន​បន្ថែម​ថា បុរស​រូប​នេះ​ដែល​ក្រោយ​មក​ត្រូវ​បាន​កំណត់​អត្តសញ្ញាណថា ឈ្មោះ វ៉ានូ ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​វាល​ស្រែ​។

លោក សំ តុលា មេបញ្ជាការ​កង​រាជអាវុធ​​​ ហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​រូប​នេះ​កំពុង​ត្រូវ​ឃុំខ្លួន​នៅទីបញ្ជាការដ្ឋាន​ខេត្ត​។ លោក​បាន​ថ្លែង​ថា “​ឥឡូវ​នេះ​យើង​កំពុង​កសាង​សំណុំរឿង​​ ហើយ​នៅពេល​យើង​​​​​ធ្វើ​រួច​រាល់ យើង​នឹង​បញ្ជូន​ជន​នេះទៅ​ឲ្យ​ព្រះ​​​រាជអាជ្ញា”៕ សារុន​

The post អាជ្ញាធរ​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ចាប់ជំរិត​ក្មេងប្រុស​អាយុ​១០ឆ្នាំ​​ appeared first on ខេមបូឌា ដេលី.