ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​រយៈពេល​៦​ទៅ​៧​ខែ​កន្លង​មកនេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​មិន​ច្បាស់លាស់ និង​ភាព​ស្មុគស្មាញ​ជា​ខ្លាំង ព្រោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​សើរើ​ជា​ច្រើន​ដង ហើយ​តែងតែ​ទម្លាក់​ចុះ​រហូត ជា​ពិសេស ក្នុង​ខែមករា​កន្លង​មកនេះ ជា​ខែ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ជួប​ប្រទះ​នឹង​ភាព​អួអាប់​យ៉ាង​ខ្លាំង ពិសេស​គឺ​ផ្សារ​ហ៊ុន​តែ​ម្តង ទាំង​នៅ​ប្រទេស​ចិន​ក្ដី និង​នៅ​អឺរ៉ុប​ក្ដី​ដែល​កន្លែង​ខ្លះ​ភាគហ៊ុន​ធ្លាក់​ចុះ​រហូត​ដល់​៣០%​ឯណោះ​ក្នុង​រយៈពេល​១​ខែ ។ ការ​កើត​មាន​បញ្ហា​ទាំងនេះ បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​ថា តើ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ​ឬទេ ហើយ​យើង​អាច​គេច​រួច​ដែរ​ឬទេ ? នេះ​ជា​ការ​លើក​ឡើង​របស់​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ក្នុង​វេទិកាសាធារណៈ​ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ម្សិលមិញ​នេះ ។

លោក​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា ៖ « កន្លង​មក លោក​បាន​តាមដាន​មាន​មតិ​២​ដែល​បាន​លើក​ឡើង ទី​១​ថា មិនសូវ​ភ័យ​ព្រួយ​ទេ ប្រសិនជា​មាន​អ្វី​កើតឡើង ។ ចំណែក​មតិ​ទី​២​ថា អាច​ប៉ះពាល់​ដល់​កម្ពុជា​ធ្ងន់ធ្ងរ ព្រោះថា​សេដ្ឋកិច្ច​កម្ពុជា ជា​សេដ្ឋកិច្ច​បើកចំហ គឺ​លំហូរ​ពាណិជ្ជកម្ម​ធំ​ជាង GDP មាន​ន័យ​ថា កម្ពុជា​ពឹងផ្អែក​លើក​ត្ដា​ខាងក្រៅ​ធំ​ណាស់ ជា​ពិសេស គឺ​លំហូរ​នៃ​ទុន​វិនិយោគ​តែ​ម្ដង ។ ចំណែក​យើង​ក៏​មាន​បញ្ហា​ផ្ទៃក្នុង​ដែរ គឺ​ភាព​ទន់ខ្សោយ​នៃ​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​សេដ្ឋកិច្ច​មួយ​ចំនួន​ដែរ ដូច្នេះ បើសិនជា​មាន​បញ្ហា​នៅ​លើ​ពិភពលោក វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យើង​ដែរ គឺ​ចៀស​មិន​រួច​ទេ ។ ប៉ុន្ដែ​យើង​ក៏​កំពុង​តែ​ពិចារណា​ដែរ​ដើម្បី​ឲ្យ​ប្រាកដ​ថា អ្វី​ដែល​កំពុង​តែ​កើតឡើង​ហ្នឹង​ជា​ស្អី​ឲ្យ​ពិតប្រាកដ » ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​មាន​ក្ដី​កង្វល់​ច្រើន​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយ​បាន​ធ្វើការ​សិក្សា​ច្រើន និង​ចុះ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​តួលេខ ដើម្បី​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ពិតប្រាកដ ។

លោក​រដ្ឋមន្ត្រី​ស្ដីទី វ​ង្សី វិស្សុត បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « យើង​បាន​ចុះ​ស្រង់​ទិន្នន័យ និង​ធ្វើការ​វាយតម្លៃ​ដើម្បី​ចង់​ដឹង​ថា វា​ឆ្លុះ​បញ្ចាំង​ការ​ពិត​ដែរ​ឬទេ ។ បន្ទាប់​ពី​ធ្វើ​កិច្ចការ​នេះ យើង​បាន​ទទួលលទ្ធផល​ជា​រួម គិត​មក​ទល់​នឹង​ពេល​នេះ និង​រយៈពេល​មធ្យម​ពី​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​ទៀត ប្រទេស​កម្ពុជា​នឹង​បន្ដ​កំណើន​ខ្ពស់​ដដែល​ក្នុង​រង្វង់​៧% ហើយ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​នឹង​បន្ដ​មាន​ស្ថិរភាព​បន្ដ​ទៀត ដែល​នេះ​ជា​សារ​ដ៏​សំខាន់​ដែល​ខ្ញុំ​ចង់​គូសបញ្ជាក់​នា​ពេល​នេះ » ។

ទោះបីជា​យ៉ាងណា លោក​ថា ៖ « វា​មិន​ស្វ័យប្រវត្តិ​ទេ តែ​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ គឺ​មាន​លក្ខខណ្ឌ ។ ទី​១-​យើង​ត្រូវ​បន្ដ​ប្រឹងប្រែង​តទៅ​ទៀត​ក្នុង​ការ​កែទម្រង់​សំខាន់​ៗ ក្នុង​គោលដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ។ ទី​២-​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ និង​ប្រយ័ត្នប្រយែង​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ ។ ទី​៣-​យើង​ត្រូវ​ត្រៀមខ្លួន​ឆ្លើយ​តប​ឲ្យ​ទាន់​ពេលវេលា​ទៅ​នឹង​ឥទ្ធិពល​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​ជះ​ពី​ខាងក្រៅ​មក​ជាយថាហេតុ » ។

ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​បញ្ជាក់​ថា តួលេខ​នៃ​កំណើនសេដ្ឋកិច្ច​៦,៩%​ជា​កំណើន​ដែល​យើង​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៥​យ៉ាង​ពិតប្រាកដ គ្រាន់តែ​កម្លាំង​នៃ​ច​លករ​មានការ​ផ្លាស់​ប្ដូរ​បន្ដិច ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « កាលពី​ឆ្នាំ​២០១៤ យើង​ឃើញ​វិស័យ​សំណង់​មានការ​រីក​ដុះដាល​ខ្លាំង ហើយ​ឧស្សាហកម្ម​កាត់ដេរ​ធ្លាក់​ចុះ ផ្នែក​ទេសចរណ៍​នៅ​ល្អ កសិកម្ម​ធ្លាក់​ចុះ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥ ឃើញ​ថា មានការ​ប្រែប្រួល​រចនាសម្ព័ន្ធ​បន្ដិច គឺ​វិស័យ​កាត់ដេរ​ល្អ​វិញ ជា​ពិសេស​៦​ខែ​ចុង​ក្រោយ​នេះ បាន​បង្ហាញ​តួលេខ​មួយ​ថា វិស័យ​កាត់ដេរ​កើនឡើង​ខ្លាំង ដោយសារ​តែ​បរិយាកាស​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប​ចាប់ផ្ដើម​ប្រសើរ​ជាង​មុន គឺ​យើង​នាំ​ចេញ​បាន​ច្រើន​ជាង​មុន​ទាំង​បរិមាណ ទាំង​តម្លៃ » ។

លោក​ក៏​បង្ហាញ​ពី​សញ្ញា​ដែល​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ថា ៖ « ក្នុង​ឆ្នាំ​២០១៥​កន្លង​មក មាន​រោងចក្រ​តូច​ៗ​ជាង​១០០​បាន​បិទ ប៉ុន្តែ​ក៏​មាន​ជាង​១០០​បាន​បើក​ដំណើរការ​ដែរ ហើយ​សុទ្ធតែ​ជា​កម្រិត​ខ្ពស់ ដូច្នេះ បើ​ប្រៀបធៀប​ឃើញ​ថា ក្នុង​វិស័យ​កាត់ដេរ​ជា​សញ្ញា​ល្អ​។ ដោយឡែក វិស័យ​កសិកម្ម​កំពុង​មាន​បញ្ហា ដោយសារ​កត្តា​អាកាសធាតុ តែ​យើង​កំពុង​សិក្សា​ពី​បញ្ហា​នេះ​ដែរ​ថា ក្រៅពី​បញ្ហា​អាកាសធាតុ និង​រដូវ​កាល យើង​ក៏​មាន​បញ្ហា​ខាង​រចនាសម្ព័ន្ធ​ដែរ ។ រីឯ​វិស័យ​ទេសចរណ៍​ក៏​ធ្លាក់​ចុះ​ដែរ ដោយសារ​តែ​កត្ដា​រដូវ​កាល ឬ​ស្ថានភាព​ប្រទេស​ដែល​នៅ​ជុំវិញ​យើង​ផង​ដែរ ។ ប៉ុន្តែ​វិស័យ​ទូរគមនាគមន៍​មានការ​កើនឡើង​ខ្លាំង ដោយសារ​តែ​ការ​នាំ​ចេញ​កើនឡើង ។ ដូច្នេះ​ឃើញ​ថា កម្លាំង​ច​លករ​របស់​យើង​មានការ​ប្រែប្រួល​ខ្លះ ប៉ុន្តែ​ជា​រួម​កំណើនសេដ្ឋកិច្ច​របស់​យើង​នៅ​រឹង​មាំ​ដដែល » ។

ទោះបីជា​យ៉ាងណា កម្ពុជា​ក៏​មាន​បញ្ហា​ហានិភ័យ​ខ្លះ​ដែរ ដែល​កំពុង​តែ​ជជែក​ពិភាក្សា​គ្នា គឺ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ។ ទី​១ គឺ​ធនាគារ​បាន​ដើរតួ​នាទី​ធំ​ណាស់​ក្នុង​ការ​រួមចំណែក កែប្រែ​រចនាសម្ព័ន្ធ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏​បង្កើត​ឲ្យ​មាន​ហានិភ័យ​មួយ​ចំនួន​ដែរ គឺ​ទំហំ​នៃ​ការ​ឲ្យ​ខ្ចី​ធំ​ចង់​ស្មើនឹង GDP ទៅ​ហើយ ។ ទី​២ កំណើន​នៃ​ការ​ខ្ចី​កើនឡើង​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់ ហើយ​ចំណុច​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺ​ខ្ចី​ទៅ​ប្រើប្រាស់​មិន​ចំ​គោលដៅ ដែល​ជា​បញ្ហា​ធំ​បំផុត​នាំ​ឲ្យ​បង្ក​ហានិភ័យ​ធំ​សម្រាប់​សេដ្ឋកិច្ច ។

ទន្ទឹម​នឹង​នោះ ក៏​មាន​ហានិភ័យ​ចម្បង​ៗ​មួយ​ចំនួន​ដូច​ជា ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​អចលនទ្រព្យ ។ ការ​រីកសាយ​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ៗ​ដែល​មិន​មានការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ ។ កម្រិត​ខ្ពស់​នៃ​ឥណទាន​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប ។ កម្រិត​ខ្ពស់​នៃ​អនុ​បាត​ឥណទាន​ធៀប​នឹង​ប្រាក់​បញ្ញើ ។ កម្រិត​ដុល្លា​រូប​នី​យ​កម្ម​ខ្ពស់ និង​អ​ស្ថិរភាព​នៃ​ទីផ្សារ​អន្តរ​ធនាគារ និង​កំណើន​យ៉ាង​ឆាប់រហ័ស​នៃ​ឥណទាន ។

ម្យ៉ាងទៀត ការ​ប្រែប្រួល​អាកាសធាតុ ការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​កសិផល ការ​រឹត​បន្ដឹង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​អា​មេ​រិ​ក ដូច​ជា ការ​ឡើងថ្លៃ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋអាមេរិក ព្រមទាំង​ការ​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​ចិន ក៏​អាច​ប៉ះពាល់​ផ្ទាល់​ដល់​កម្ពុជា​ផង​ដែរ តាម​រយៈ​ទេសចរណ៍ ពាណិជ្ជកម្ម ការ​វិនិយោគ​ផ្ទាល់ លំហូរ​មូលធន​ផ្សេង​ៗ ព្រមទាំង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ផ្សេង​ៗ ៕