ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ផាក​កាហ្វេ គឺជា​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​របស់​ខ្មែរ​ដំបូង​គេ កំពុង​រៀបចំ​ដំណើរការ​លក់​សិទ្ធិ​អាជីវកម្ម (Franchise) ទៅ​ឱ្យ​អាជីវករ​ដទៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ។ ដំណើរការ​លក់​សិទ្ធិ​អាជីវកម្ម​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០១៦ ដោយ​ប្រកាស​ដល់​អាជីវករ​ណា​ដែល​មាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​អាជីវកម្ម​កាហ្វេ និង​ភោជនីយដ្ឋាន ។ មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ផាក​កាហ្វេ​សម្រេចចិត្ត​លក់​សិទ្ធិ​អាជីវកម្ម​ទៅ​ដល់​ដៃគូ​នានា ។
ខាងក្រោម​នេះ ជា​កិច្ច​សម្ភាសន៍​មួយ​រវាង អ្នក​សារព័ត៌មាន​កោះសន្តិភាព និង​លោក ហេង សេង​លី អ្នកគ្រប់គ្រង​ទូទៅ នៃ​ភោជនីយដ្ឋាន និង​ភេសជ្ជៈ ផាក​កាហ្វេ ៖

១-​តើ​សិទ្ធិ​អាជីវកម្ម (Franchise) របស់​ផាក​កាហ្វេ​មានដំណើរ​ការ​ដល់​ណា​ហើយ ? ហើយនឹង​ត្រូវ​ប្រកាស​លក់​នៅ​ពេល​ណា​ដែរ ?

ការ​លក់​សិទ្ធិ​អាជីវកម្ម​របស់​ផាក​កាហ្វេ នឹង​ដាក់​ឱ្យ​ដំណើរ​នៅ​ចុងឆ្នាំ​២០១៦ នេះ​ហើយ​។ ការ​លក់​សិទ្ធិ​អាជីវកម្ម​នេះ​ដែរ គឺ​ត្រូវ​តែ​មាន​ស្តង់ដា​បំផុត ដែល​ធានា​បាន​នូវ​គុណភាព​ទាំង​ផលិតផល និង​គុណភាព​មនុស្ស ដែល​យើង​ធ្វើការ​ដាក់​នៅ​ផ្នែក​លក់​សិទ្ធិ​ហ្នឹង​ដែរ ។ ជា​ធម្មតា ការ​លក់​សិទ្ធិ​នេះ គឺ​ត្រូវ​យក​គំរូ​តាម​ទាំង​ការ​សាងសង់​ហាង ទាំង​ការ​ជ្រើសរើស​បុគ្គលិក ផ្នែក​ទីផ្សារ និង​ផ្នែក​ប្រតិបត្តិ ជាដើម ។

២-​តើ​បាន​កសាង​កេរ្តិ៍ឈ្មោះ​ធ្វើ​យ៉ាងម៉េច ទើប​រហូត​ដល់​អាច​លក់​សិទ្ធិ​អាជីវកម្ម​ទៅ​ដៃគូ​ផ្សេង​ៗ​បាន​ដូចនេះ ?

ផាក​កាហ្វេ​មាន​អាយុកាល​១២​ឆ្នាំ​មក​ហើយ ចាប់តាំងពី​បើក​ក្នុង​ឆ្នាំ​២០០៤ មក ។ បើ​យើង​មើល​ពី​ហាង​កាហ្វេ​មួយ​ចំនួន មិន​ចាំបាច់​ដល់​១២​ឆ្នាំ​ទេ តែ​២-៣​ឆ្នាំ​ប៉ុណ្ណោះ​អាច​ដួល​ទៅ​វិញ​បាត់​ទៅ​ហើយ គឺ​ភាគតិច​ណាស់​ដែល​គាត់​អាច​ឈរជើង​នៅ​លើ​ទីផ្សារ​បាន​មាំ តែ​ផាក​កាហ្វេ​អាច​រក្សា​កេរ្តិ៍ឈ្មោះ​បាន​រហូត​ដល់​១២​ឆ្នាំ ហើយ​នៅ​តែ​មានដំណើរ​ការ​ល្អ និង​កាន់តែ​ល្អ​បន្ត​ទៀត​។ ម្យ៉ាងទៀត បើ​មើល​ពី Brand និង​ការ​ផ្សព្វផ្សាយ​វិញ ផាក​កាហ្វេ​ស្ថិត​ក្នុង​លំដាប់​កំពូល​ទី​៣ នៅ​ប្រទេស​កម្ពុជា ។ មិនតែប៉ុណ្ណោះ សព្វ​ថ្ងៃនេះ អតិថិជន​ដែល​គាំទ្រ​ផាក​កាហ្វេ ក៏​មាន​ច្រើន គឺ​ជាង​១.៥០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​ក្នុង​ថ្ងៃ​សៅរ៍ និង​អាទិត្យ​វិញ​អាច​មាន​ដល់​១.៨០០​នាក់​ឯណោះ ។

តាម​រយៈ​ការ​គាំទ្រ​នេះ បើសិនជា​យើង​លក់​សិទ្ធិ​អាជីវកម្ម​ហ្នឹង នឹង​អាច​ធ្វើ​ឱ្យ​វិសាលភាព​របស់​ផាក​កាហ្វេ​កាន់តែ​ទូលំទូលាយ ។ ជាក់ស្ដែង អ្នក​នៅ​តាម​បណ្ដា​ខេត្ត​ដែល​ពិបាកធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​ញ៉ាំ​នៅ​ភ្នំពេញ គឺ​អាច​ញ៉ាំ​នៅ​តាម​បណ្ដា​ខេត្ត​ណា​ដែល​មាន​អាជីវករ​ទិញ​សិទ្ធិ​ទៅ​លក់​បន្ត​បាន​ស្រួល ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏​នៅ​តែ​ពង្រឹង​ទៅ​លើ​សេវាកម្ម ទីតាំង​ល្អ​ៗ ម្ហូប​មានគុណ​ភាព ។ អ្វី​ដែល​ធ្វើ​ឱ្យ​ផាក​កាហ្វេ​មានការ​ល្បីល្បាញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​ផាក​កាហ្វេ ជា​ហាង​អត់​ប្រើ​ប៊ី​ចេ​ង​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ តាំងពី​បើក​ដំបូង​មក ។

៣-​ហេតុ​អ្វី​បានជា​ផាក​កាហ្វេ​មិន​ពង្រីក​សាខា​ដោយ​ខ្លួនឯង ចាំបាច់​លក់​សិទ្ធិ​អាជីវកម្ម​បន្ត​ទៅ​អ្នក​ផ្សេង​ធ្វើ​អី ?

នេះ​គ្រាន់តែ​ជា​ជម្រើស និង​ជា​យុទ្ធសាស្ត្រ​មួយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ដើម្បី​ឱ្យ​ផាក​កាហ្វេ​មានការ​រីក​ចម្រើន យើង​មាន​ជម្រើស​ច្រើន​ប្រភេទ​ដូច​ជា ធ្វើ​ប្រតិបត្តិការ​ខ្លួនឯង ដូចដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃនេះ និង​មួយទៀត​យើង​អាច​ចាប់​ដៃគូ​ជាមួយ​អ្នក​នៅ​តាម​ខេត្ត ពីព្រោះ​គាត់​ជា​ម្ចាស់​ទឹកដី​នៅ​ទីនោះ ។ អុ​ី​ចឹ​ង​ហើយ​គាត់​ដឹង​ពី​ទីផ្សារ​នៅ​ទីនោះ​ច្បាស់​ថា វា​មាន​តម្រូវការ​ប៉ុណ្ណា និង​តម្រូវការ​យ៉ាងម៉េច ។ ម្យ៉ាងទៀត អ្វី​ដែល​យើង​ឃើញ គឺ​អាជីវកម្ម​លក់​សិទ្ធិ វា​ងាយស្រួល​គ្រប់គ្រង​ជាង​ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង និង​ឆាប់​រីក​ចម្រើន​ផង​ដែរ ។ សព្វ​ថ្ងៃនេះ យើង​ឃើញ​ថា មាន​ម៉ាក​ច្រើន​នៅ​ស្រុក​ខ្មែរ ចុះ​ហេតុ​អី​បានជា​គេ​មិន​បើក​ដោយ​ខ្លួន​គេ ចាំបាច់​លក់​សិទ្ធិ​ឱ្យ​ស្រុក​ខ្មែរ ។ សូម​បញ្ជាក់​ថា សម្រាប់​ផាក​កាហ្វេ បើក​ខ្លួនឯង​ក៏​បើក លក់​សិទ្ធិ​ក៏​លក់ ព្រោះ​ការ​លក់​សិទ្ធិ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​របស់​យើង​តែ​បុ​៉​ណ្ណោះ ។

៤-​តើ​ការ​លក់​សិទ្ធិ​អាជីវកម្ម​របស់​ផាក​កាហ្វេ​នេះ​លក់​តែ​នៅ​ក្នុង​ប្រទេស ឬ​មាន​លក់​នៅ​ខាងក្រៅ​ប្រទេស​ដែរ ?

ជា​យុទ្ធសាស្ត្រ​របស់​ផាក​កាហ្វេ គឺ​យើង​ចង់​នាំ​ម៉ាក​នៅ​ក្នុងស្រុក​ខ្មែរ ឱ្យ​ដល់​ក្រៅប្រទេស​ដែរ តែ​យើង​មាន​ជា​ដំណាក់កាល ។ ជាដំបូង យើង​ពង្រីក​តែ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក​ទៀត យើង​នឹង​ពង្រីក​នៅ​តាម​បណ្ដា​ខេត្ត រួច​ហើយនឹង​ឈាន​ដល់​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ទៀត ។

៥-​តើ​ដំណើរការ​នៃ​ការ​លក់​សិទ្ធិ​អាជីវកម្ម របស់​ផាក​កាហ្វេ​អាច​នឹង​មាន​បញ្ហា​ប្រឈម​ដែរ​ទេ ?

បើ​យើង​មើល​ពី​ឧបសគ្គ ឬ​បញ្ហា វា​ហាក់ដូចជា​មិន​អី​ប៉ុន្មាន​ទេ តែ​ដល់​ពេល​ជាក់ស្ដែង អាច​នឹង​មាន​ខ្លះ​ៗ​ដែរ ។ សម្រាប់​សព្វថ្ងៃ​នេះ​វិញ អ្វី​ដែល​ជា​បញ្ហា​ប្រឈម គឺថា​ទីតាំង​មួយ​ចំនួន​ត្រូវ​បាន​ឡើងថ្លៃ ដោយសារ​មាន​ម៉ាក​ផ្សេង​ៗ​ជា​ច្រើន​ចូល​មក ហើយ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ក៏​មាន​ច្រើន ។ កាលពីមុន​មាន​ម៉ាក​តែ​ប៉ុន្មាន​ម៉ាក​ទេ ដែល​ត្រូវ​ប្រកួតប្រជែង តែ​ឥឡូវនេះ​មាន​ច្រើន​ដែល​ទើប​ចូល​ថ្មី​ៗ​នេះ និង​ធ្វើ​ឱ្យ​ធនធានមនុស្ស​នៅ​មាន​កម្រិត គឺ​មាន​ន័យ​ថា គេ​មក​ច្រើន គេ​ត្រូវការ​ធនធានមនុស្ស​ច្រើន ដែល​តម្រូវ​ឱ្យ​មានការ​ប្រកួតប្រជែង​ខាង​ផ្នែក​បុគ្គលិក​ទៀត​ផង ។

គួរ​បញ្ជាក់​ថា អ្វី​ដែល​ជា​ចំណុច​ពិសេស​នោះ ក្រៅពី​គុណភាព ផាក​កាហ្វេ ក៏​បាន​ជ្រើសរើស​បុគ្គលិក​តាំងពី​ថ្នាក់ទាប​បំផុត​រហូត​ដល់​ថ្នាក់ខ្ពស់ គឺជា​ជនជាតិ​ខ្មែរ ដែល​ជា​ការ​ចូលរួម​ជាមួយ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ផ្ដល់​ការងារ​ជូន​ពួក​គាត់​។ ផាក​កាហ្វេ ក៏​ជា​ហាង​មួយ​កំពុង​មានការ​ប្រកួតប្រជែង​ជាមួយ​ម៉ាក​យីហោ​ល្បី​ៗ ដែល​នាំ​ចូល​មក​ពី​ខាងក្រៅ​ប្រទេស​ផង​ដែរ ៕