ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក នូ សុវណ្ណ មន្ត្រី​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន​ហៅ​កាត់​ថា PSK’s condom បាន​បែងចែក​ស្រោមអនាម័យ​តាមផ្ទះសំណាក់ សណ្ឋាគារ គ្លីនិក ហាង​តូច​ធំ ទីប្រជុំ​ជន និង​តាម​សហគមន៍​បណ្តា​ខេត្ត ក្រុង​ទូ​ទាំង​ប្រទេស​អស់​ជាង​១៩​លាន​៦​សែន​ស្រោម ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​ចូលរួម​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​រាលដាល​មេរោគ​អេ​ដស៍​នៅ​កម្ពុជា និង​អាច​ជួយ​ពន្យារកំណើត​ចំពោះ​អ្នក​ដែល​មិន​ចង់បាន​កូន​ផង​ដែរ ។

លោក នូ សុវណ្ណ បន្ត​ថា ក្រៅពី​នេះ​នៅ​មាន​ក្រុម​ចុះ​ផ្សព្វផ្សាយ​អប់រំ​តាម​ទីប្រជុំជន បណ្តា​ខេត្ត​-​ក្រុង ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​បាន​យល់​ពី​វិធី និង​ចុះ​ដល់​កន្លែង​ដែល​ប្រឈម​ដូច​ជា ផ្ទះសំណាក់ សណ្ឋាគារ ដែល​ជា​កន្លែង​អាទិភាព​មាន​ហានិភ័យ​ខ្ពស់ និង​តាម​ហាង បៀរហ្គាឌិន ទី​កម្សាន្ត​នានា ពិសេស​ខារ៉ាអូខេ ដែល​ជា​កន្លែង​ណាត់ជួប​គ្នា និង​អាច​ឈាន​ទៅ​រក​សេវា​ផ្លូវភេទ​ជាដើម ។

លោក នូ សុវណ្ណ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​យុវជន​អង្គការ​របស់​លោក នឹង​បន្ត​ចេញ​ទៅ​អប់រំ​ផ្សព្វផ្សាយ​នៅ​ខេត្តបាត់ដំបង  ខេត្ត​ព្រះ​សីហ​នុ សៀមរាប ប៉ៃលិន រាជធានី​ភ្នំពេញ កំពង់ចាម កំពត ស្វាយ​រៀង និង​ខេត្តសៀមរាប ជាដើម ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​កាន់តែ​យល់​និង​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រាលដាល​មេរោគ​អេ​ដស៍ ។

លោក​បញ្ជាក់​ថា ស្រោមអនាម័យ​លក់​ចេញ​បាន​ច្រើន​ជាងគេ​គឺ​រាជធានី​ភ្នំពេញ អាច​ស្រូប​យក​ស្រោម​ពី PSK’s ៥០% សម្រាប់​បែងចែក​ស្រោម​នៅ​ក្នុង​ប្រទេស មាន​ន័យ​ថា ភ្នំពេញ​មាន​សេវា​រកស៊ី​ផ្លូវភេទ​ច្រើន​ជាងគេ​។ ការ​លក់​ស្រោម​នៅ​ទីផ្សារ​គឺ​ក្នុង​តម្លៃ​ធូរ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ដើម្បី​បង្ការ​ការពារ​ខ្លួន បញ្ចៀស​នូវ​ជំងឺ​កាមរោគ​ផ្សេង​ៗ​។ ដូច្នេះ​និន្នាការ​របស់​អង្គការ គឺ​ធ្វើ​ម៉េច​ឲ្យ​អ្នក​ប្រើប្រាស់​ស្រោម​ជាមួយ​ដៃគូ​ក្នុង​ការ​រួម​ភេទ​របស់​ខ្លួន​មាន​ទំនុកចិត្ត ។ បច្ចុប្បន្ន​ស្រោមអនាម័យ​មាន​ច្រើន​ប្រភេទ​គឺ OK  ,Number1 និង Number1​ថ្មី មាន​ក្លិន​ស្ត្រូ​បឺ​រី ក្លិន​ចេក និង​OK ហ្លា​ស់ ហើយ​តាម​រយៈ​ការ​ប្រើ​ស្រោម​នេះ បាន​ធ្វើ​ឲ្យ​អត្រា​ឆ្លង​រាលដាល​មេរោគ​អេ​ដស៍​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង ។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ធ្លាប់​លើក​ឡើង​ថា ស្រោមអនាម័យ​ពិតជា​បាន ចូលរួម​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ និង​ជំងឺអេដស៍​មាន​ប្រសិទ្ធភាព​ខ្ពស់​មែន ។ ពិសេស​ចូលរួម​តម្រង់​ទិស​នៃ​ការ​ឆ្លើយ​តប ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ និង​ពហុវិស័យ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ឈាន​ឆ្ពោះទៅ​កាត់​ផ្តាច់​ទាំងស្រុង​ការ​ចម្លង​មេរោគ​អេ​ដស៍​ពី​ម្តាយ​ទៅ​កូន ។

បុគ្គលិក​អង្គការ​ខ្មែរ​បម្រើ​សុខភាព​ប្រជាជន ( PSK’s condom) បាន​ឲ្យ​ដឹង​ថា អង្គការ​នេះ​អាច​បង្ការ​ឬ​ជួយ​ទប់ស្កាត់​ជំងឺអេដស៍ និង​ការ​រីក​រាលដាល​ឆ្លង​ជំងឺអេដស៍ ជំងឺ​កាមរោគ និង​ការពារ​មាន​ផ្ទៃពោះ តាម​រយៈ​ការ​ប្រើ​ស្រោមអនាម័យ ។ អង្គការ​នេះ​បម្រើ​សុខភាព​ប្រជាជន​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ដែល​ក្នុង​មួយ​ឆ្នាំ​ៗ អង្គការ​ត្រូវ​ចំណាយ​ថវិកា​ជាង​២​លាន​ដុល្លារ​សម្រាប់​បង្ការ​ជួយ​ទប់ស្កាត់​ជំងឺអេដស៍ និង​ការ​រីក​រាលដាល​ឆ្លង​ជំងឺអេដស៍ និង​ជំងឺ​កាមរោគ​ផ្សេង​ៗ​ទៀត ៕