ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ប៉ៃលិន ៖ ពលរដ្ឋ​​​​​​​​ច្រើន​នាក់​ បាន​និយាយ​​ថា ស្ទើរតែ​ជា​ប្រពៃណី​ទៅ​ហើយ ដែល​អ្នកស្រុក​ប៉ៃលិ​ន​មួយ​ចំនួន ពេល​មាន​ពិធីបុណ្យ​ទាន ឬ​រៀប​​ចំ​​​​​ការ​កូន​របស់​ខ្លួន​ម្តង​ៗ តែងតែ​យក​ផ្លូវ​សាធារណៈ​សាងសង់​រោង​យ៉ាង​រំភើយ ​​ដោយ​អ្នក​ខ្លះ​សង់​អស់​១​ចំហៀង​ផ្លូវ ​​ខ្លះ​ទៀត​សង់​​បិទផ្លូវ​ជិតឈឹង​តែ​ម្តង បណ្តាល​ឱ្យកក​​ស្ទះចរាចរណ៍​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ផង​ដែរ​ ។

ជាក់ស្តែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​២០១៦ ​គេ​​​ឃើញ​មាន​រោងការ​មួយ​យ៉ាង​ធំ​មួយ ​​បណ្តោយ​ប្រវែង​១០០​ម៉ែត្រ​ ត្រូវ​គេ​សង់​បិទផ្លូវ​អស់រលីង ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​ណាមួយ​បញ្ជាក់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ជាយថាហេតុ​នោះ​ឡើយ  ​​ស្ថិត​នៅ​ទល់មុខ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់ដូចជា​មិន​អើពើ​ និង​យកចិត្តទុកដាក់​ណែនាំ​ម្ចាស់​ពិធី​នោះ​ឡើយ ។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ធ្លាប់​លេចឮ​ករណី​រថយន្ត​ជ្រុល​ចង្កូត​បុក​ចូល​ក្នុង​រោងការ​នៅ​ខេត្ត​ដទៃ បណ្តាល​ឱ្យ​រង​របួសស្រាល​ធ្ងន់​មួយ​ចំនួន​រួច​មក​ហើយ ។ តែ​ប្រជាពលរដ្ឋមួយ​ចំនួន​​នៅ​តែ​​មិន​​ខ្លាចញញើត​ចំពោះ​បញ្ហា​​​គ្រោះ​ថ្នាក់​នេះ​​ឡើយ ។

​ប្រជាពលរដ្ឋ​បាន​និយាយ​រិះ​គន់​​ចំ​ៗថា ផ្លូវ​សាធារណៈ​​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​​ធ្វើ​ដំណើរ​​ដោយ​ថ្មើ​រជើង ឬ​បើកបរ​ម៉ូតូ ឬ​រថយន្ត​ឆ្លងកាត់​ចេញចូល​ទៅ​មកដោយ​សេរី គ្មាន​ការ​រំ​ខាន​ពី​បុគ្គល​ណា​ម្នាក់​ឡើយ តែបើ​គេ​សង្កេត​មើល​រាល់ថ្ងៃ​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃ​លិន ខណៈ​មានកម្ម​វិធី​ធ្វើបុណ្យ​ទាន ឬ​រៀប​ការកូន​ប្រុស​ស្រី​របស់​ខ្លួន​ម្តង​ៗ ប្រជាពលរដ្ឋ​មួយចំនួន​តែងតែ​​​បំពាន​ច្បាប់​ចរាចរណ៍​ដោយ​សង់​រោង​បិទផ្លូវ​អស់​មួយ​ចំហៀង ឬ​បិទ​ទាំងស្រុង​ក៏​មាន​ដែរ ដោយ​អ្នកខ្លះ​ដាក់​ស្លាកសញ្ញាច​រា​ចរណ៍​ត្រឹមត្រូវ រីឯ​អ្នកខ្លះ​ទៀត​គ្មាន​ដាក់​អ្វី​សម្គាល់​​នោះ​ទេ ។ ដូច​ជា​រោងការ​ខាងលើ​គ្មាន​ដាក់​សញ្ញា​អ្វី​សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ ​។

ប្រជាពលរដ្ឋ​​បាន​បន្ត​​​ថា ​បើ​អាជ្ញាធរ​​មូល​ដ្ឋាន​ ​និង​សមត្ថកិច្ច​នៅ​តែ​បណ្តែតបណ្តោយ​ឱ្យ​​​គេ​​សង់​រោងការ​អនាធិបតេយ្យ​បែប​នេះ​ទៀត នៅ​ថ្ងៃ​ណាមួយ​នឹង​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ជាក់​ជា​មិន​ខាន ​​ហើយ​តើ​អ្នក​ណា​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់​អាយុជីវិត​ភ្ញៀ​ង​ដែល​​ចូលរួម​ក្នុង​​​​ពិធី​​នោះ? ម្យ៉ាងវិញទៀត ការ​សង់​រោងការ​នៅ​លើ​ផ្លូវ​សាធារណៈ​ ​​នាំ​ឱ្យ​បាត់បង់​សោភ័ណ​ភាព និង​សណ្តាប់ធ្នាប់​ផ្លូវ​សាធារណៈ​ថែម​ទៀត​ផង ។

​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក អ៊ុ​ក គា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​​​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​អត់​បាន​អនុញ្ញាតច្បាប់​ណាមួយ​ឱ្យ​​​ម្ចាស់​កម្ម​វិធី​សាងសង់​រោងកា រ​នៅ​លើ​ផ្លូវ​សាធារណៈ​ឡើយ ប្រហែលជា​ខាង​ស្នងការ​ដ្ឋាន​​ជា​អ្នក​ចេញ​ច្បាប់ ។

ចំណែក​លោកឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ បានឱ្យ​ដឹង​ថា ការ​សង់រោង​ការ​បិទផ្លូវ​ខាងលើ គឺ​ខាង​លោក​ជា​អ្នក​អនុញ្ញាត​ច្បាប់ ​​លោក​ក៏​​សូម​ឱ្យ​​​អ្នក​ដំណើរ​ទាំង​ឡាយ​មានការ​យោគយល់ ព្រោះ​ម្ចាស់​កម្មវិធី​អត់​មាន​កន្លែង​ណាមួយ​សមរម្យ​សម្រាប់​រៀបចំ​ពិធី​នេះ​ទេ ៕ ​