​ម៉ូតូ​២​គ្រឿង ព្រលះ​គ្នា រងរបួស​ធ្ងន់​ស្រាល​៤​នាក់ នៅ​ក្រុង​បាវិត​

ស្វាយរៀង: ម៉ូតូ​ពីរ​គ្រឿង បាន​បុក​គ្នា ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល ចំនួន​៤​នាក់ កាលពី​ម៉ោង ជាង​១ រំលងអធ្រាត្រ ចូល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បាវិត​កណ្ដាល សង្កាត់​-​ក្រុង​បាវិត ខេត្តស្វាយរៀង​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក HONDA C-125 ពាក់​ស្លាក​លេខ សៀមរាប 1M-2601 ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ឡឹ​ក សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​-​ក្រុង​បាវិត បើក​ឆ្លងកាត់​ថ្នល់ ពី​ជើង​ទៅ​ត្បូង (​របួសស្រាល​) និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ ឆោម មករា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ខ្សែ​ត ឃុំ​ខ្សែ​ត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (​របួសធ្ងន់​)​។ លុះ​មកដល់​ចំណុច​កើត ហេតុ​ខាងលើ ក៏មាន​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក ZUSUKI SMART VERO គ្មាន​ស្លាក​លេខ ពណ៌​ខ្មៅ  បើកបរ​ដោយ​ឈ្មោះ អៀង កក្កដា ភេទ​ប្រុស  អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​-​ឃុំ​ប្រាសាទ ស្រុក​ព្រះស្ដេច  ខេត្តព្រៃវែង បានមក​បុក​ប៉ះចំ​កណ្តាល​ម៉ូតូ​ម៉ាក HONDA C-125 ពាក់​ស្លាក​លេខ សៀមរាប 1M-2601​។ អ្នកបើកបរ​ម៉ូតូ ZUSUKI SMART VERO មាន​ឌុប​គ្នា ២​នាក់ គឺ​ឈ្មោះ អឹម សង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​កោះ​ក្បាន ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង (​រងរបួស​ធ្ងន់​) និង​ឈ្មោះ ហង់ ធារ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​ត្រពាំង​ចំបក់ ឃុំ​រំដួល ស្រុក​រំដួល ខេត្តស្វាយរៀង (​រងរបួស​ស្រាល​)​។​

​អ្នករងរបួស​ធ្ងន់ បាន​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ខេត្តស្វាយរៀង​។ ដោយឡែក អ្នករបួស​ស្រាល ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ផាសុខភាព ២ បាវិត​។ រីឯ​វត្ថុតាង ម៉ូតូ​ទាំង​២​គ្រឿង រក្សាទុក​នៅ​ប៉ុស្ដិ៍​សង្កាត់​បាវិត ដើម្បី​បំពេញ​សំណុំរឿង តាម​នីតិវិធី​ច្បាប់​។​
 
​ប៉ូលិស​និយាយថា មូលហេតុ អ្នកបើកបរ​ម៉ូតូ ម៉ាក HONDA C-125 បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​៕V​/S

​ម៉ូតូ​២​គ្រឿង ព្រលះ​គ្នា រងរបួស​ធ្ងន់​ស្រាល​៤​នាក់ នៅ​ក្រុង​បាវិត​

​ម៉ូតូ​២​គ្រឿង ព្រលះ​គ្នា រងរបួស​ធ្ងន់​ស្រាល​៤​នាក់ នៅ​ក្រុង​បាវិត​