​ចាប់ខ្លួន​ប៉ូលិស​ម្នាក់ ពីបទ​វាយ​ធ្វើបាប​ប្រពន្ធចុង​

​កំពង់ឆ្នាំង: មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល​គោក​បន្ទាយ ស្រុក​រលាប្អៀរ​ម្នាក់ ត្រូវបាន​លោកស្នងការ បញ្ជារ​អោយ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃទី​១៨  ខែកុម្ភៈ ឆ្នាំ​២០១៦ ពីបទ​ប្រើ​អំពើហិង្សា ក្នុង​គ្រួសារ ។  ជនសង្ស័យ ឈ្មោះ មិត្ត សុធា ក្រោយពេល​ឃាត់ខ្លួន ត្រូវបាន​គេ​បញ្ជូន​ភ្លាមៗ មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង ។  
​    ​
​លោកស្នងការ បញ្ជា​អោយ​ចាប់ខ្លួន​មន្ត្រី នគរបាល​រូបនេះ ដោយសារ​មាន ការសុំ​អន្តរាគមន៍ ពី​មន្ត្រី​សិទ្ធិមនុស្ស ប្រចាំខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​ស្ត្រី​រងគ្រោះ មក​ដាក់​ពាក្យបណ្តឹង កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ។ នៅពេលនេះ ជនសង្ស័យ​កំពុង​សាកសួរ យក​ចម្លើយ នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា លោកស្នងការ សម្រេច​ធ្វើការ​អប់រំ ឬ បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ឬ​យ៉ាងណា​នោះ នៅឡើយ​ទេ ។
​    ​
​គួរ​រំ​ឮ​កថា ស្ត្រី​ម្នាក់​ឈ្មោះ សែន រី អាយុ​៣៨​ឆ្នាំ មកកាន់​ទីស្នាក់ការ របស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ការអន្តរាគមន៍ ពី​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ទីនោះ បន្ទាប់ពី​រូបគាត់ ត្រូវ​ប្តី​ជា​មន្ត្រីនគរបាល​ប៉ុស្តិ វាយ​ធ្វើបាប ជាច្រើនលើក ។
​    ​
​ស្ត្រី​ខាងលើនេះ បាន​រៀបរាប់ថា គាត់​មាន​ប្តី និង​មានកូន​៥​នាក់ ប៉ុន្តែ​បាន​លែងលះគ្នា​ហើយ ។ កាលពី​ជាង ៣ ខែ​មុននេះ គាត់​បាន​ស្គាល់ មន្ត្រីនគរបាល ប៉ុស្តិ​គោក​បន្ទាយ ស្រុក​រលាប្អៀរ  ខេត្តកំពង់ឆ្នាំង ម្នាក់​ឈ្មោះ មិត្ត សុធា  និង​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ ដោយ​មិនបាន​រៀបការ​ឡើយ ។​
​    ​
​ក្នុង​រយៈពេល​បី​ខែ កន្លងទៅ ដែល​គាត់​បានរស់នៅ ជាមួយ​ប្តី ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ​នេះ គេ​តែងតែ​វាយ​ធ្វើបាប​គាត់ ជា​ញឹកញាប់ ដោយសារ​រឿង​ប្រច័ណ្ឌ ។ លើកចុងក្រោយ គឺ​នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ គាត់​បាន​ទៅ​បេះ​ឈូក នៅ​ខាងក្រោយ​ភូមិ ស្រាប់តែ​ប្តី​ប៉ូលិស​ចិត្តកំណាច​នោះ ចោទ​គាត់​ថា មាន​ប្រុស សា​ហាយ និង​បាន​វាយ​ធ្វើបាប​គាត់​យ៉ាងខ្លាំង និង​បាន​ចាប់​កាត់សក់​គាត់ ចោល​ទៀត ហើយ​ពន្យុះ​គាត់ អោយទៅ​ប្តឹង​គាត់​ទៀតផង ។
​    ​
​ស្ត្រី​រូបនេះ បានបញ្ជាក់​ទៀតថា ដោយសារ​ទ្រាំ និង​ការ​វាយ​ធ្វើបាប របស់​ប្តី​ប៉ូលិស​នេះ មិនបាន​ទើប​គាត់​មកប្តឹង អង្គការសិទ្ធិមនុស្ស អោយមក​ជួយ​អន្តរាគមន៍​តែម្តង​៕V/S

​    ​
​ចាប់ខ្លួន​ប៉ូលិស​ម្នាក់ ពីបទ​វាយ​ធ្វើបាប​ប្រពន្ធចុង​

​ចាប់ខ្លួន​ប៉ូលិស​ម្នាក់ ពីបទ​វាយ​ធ្វើបាប​ប្រពន្ធចុង​

​ចាប់ខ្លួន​ប៉ូលិស​ម្នាក់ ពីបទ​វាយ​ធ្វើបាប​ប្រពន្ធចុង​

​    ​