ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៦ នេះ លោក​ឧត្តមសេនីយ៍ត្រី កែវ ចំរើន ប្រធាន​ការិយាល័យ​កណ្តាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៥​នាក់ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ភូមិ​ឈូក ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ ។ ជុំវិញរឿង ជន​មិន​ស្គាល់​មុខ​​លប​បាញ់ប្រហារ​បុរស​ម្នាក់​ស្លាប់ សង្ស័យ​​គំនុំ

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​ឃុ​ត ដៀប អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ (​ជា​ជន​ដៃដល់​), ២-​ឈ្មោះ​អ៊ុំ ខ​ប អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ភ្នំពេញ ស្រុក​គូលែន​, ៣-​ឈ្មោះ លី ហ៊ី​ម អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត​, ៤-​ឈ្មោះ​ឃឹម ទូច អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បរិបូរណ៍ ឃុំ​ត្បែង​ពីរ ស្រុក​គូលែន និង​៥-​ឈ្មោះ​​ឃឹម ម៉ាង អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បរិបូរណ៍ ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ។

ទាក់ទិន​ករណី​បាញ់​សម្លាប់​បុរស​ខាងលើ​នេះ គឺ​ឈ្មោះ​ឃឹម ម៉ាង និង​ឈ្មោះ​ឃឹម ទូច បាន​ជួល​ឈ្មោះ​ឃុ​ត ដៀប និង​បក្សពួក​ខាង​លើ​ ជា​ថ្នូ​នឹង​ប្រាក់​៣​ពាន់​ដុល្លារ ដើម្បី​ឱ្យទៅ​សម្លាប់​បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ​ឃឹម នី​ន ដោយសារ​តែ​មាន​បញ្ហា​ទំនាស់​ដីធ្លី និង​គ្រួសារ​ជាមួយ​គ្នា ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​កាលពី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦​កន្លង​ទៅ​នេះ ជន​ដៃដល់ និង​បក្សពួក​២​ទៀត​ខាងលើ បាន​ធ្វើ​សកម្មភាព រួម​ជាមួយ​កាំភ្លើង​AK១​ដើម បាន​លប​ស្ទាក់​បាញ់​បុរស​ម្នាក់​ឈ្មោះ​ឃឹម នី​ន តាម​ការ​ជួល​របស់​ឈ្មោះ​ឃឹម ម៉ាង និង​ឃឹម ទូច លុះដល់​ម៉ោង​ប្រមាណ​ជា​៨​យប់ (​ថ្ងៃ​កើតហេតុ​) ឈ្មោះ​ឃឹម នី​ន បាន​ត្រឡប់​មក​ពី​ផឹក​ទឹកត្នោតជូរ​នៅ​ក្នុងភូមិ មក​ដល់​ផ្ទះ​មុន​ពេល​ដែល​ជន​ដៃដល់​គ្រោង​ធ្វើ​សកម្មភាព រហូត​ដល់​ម៉ោង​៩ និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល ក៏​ឃើញ​បុរស​ម្នាក់​ទៀត​ឈ្មោះ​គី គី​ម បាន​ដើរ​កាត់មុខ​ផ្ទះ​ឈ្មោះ​ឃឹម នី​ន ក៏​ត្រូវ​បាន​ជន​ដៃដល់​បាញ់​សម្លាប់​តែ​ម្តង ។ ដោយ​ឃើញ​ភិនភាគ​ដែល​អ្នក​ជួល​សម្លាប់​បាន​ប្រាប់ ស្មានថា ជា​ឈ្មោះ​ឃឹម នី​ន  ព្រោះ​អី​ឈ្មោះ​គី គី​ម ខណៈនោះ​បាន​ស្លៀក​ក្រ​ម៉ា​អត់​ពាក់អាវ​ដូច​ឈ្មោះ​ឃឹម នី​ន ដែរ ធ្វើ​ឲ្យ​ជន​ដៃ​ដល់​​បាញ់​ច្រឡំ​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួច​ហើយ សមត្ថកិច្ច​កំណត់​បាន​មុខសញ្ញា​បក្សពួក​សមគំនិត​២​នាក់​ទៀត មក​ដល់​ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ។