ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ ៖​ ក្រុមទម្លាក់យោងប្រុសស្រីពីរនាក់​ បានត្រូវកងកម្លំាងល្បាតខណ្ឌពោធិសែនជ័យឃាត់ចាប់ខ្លួនភ្លាមៗ ​នៅផ្លូវវេងស្រេង ​ចំណុចលូ៥​ ក្នុងសង្កាត់ស្ទឹង​មាន​ជ័យ បន្ទាប់ពីធ្វើសកម្មភាព​បានសម្រេចយកកងដៃផ្លាទីនពី​នារីរងគ្រោះម្នាក់នៅផ្សារត្រពំាងថ្លឹង​ ហៅផ្សារយាយម៉េវ ​ស្ថិតក្នុងសង្កាត់ចោមចៅ ​ខណ្ឌពោធិសែនជ័យ កាលពី​វេលាម៉ោង៩និង៣០នាទី​ព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១៦ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា​ ជនសង្ស័យទំាងពីរនាក់ ម្នាក់ឈ្មោះ ឈិន បូរ៉ា ​ភេទប្រុស អាយុ២៩ឆ្នាំ ​រស់នៅក្នុងភូមិអង្កាម​ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ​បច្ចុប្បន្នស្នាក់នៅក្នុងភូមិច្រេស​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​ឯដៃគូជានារីម្នាក់ទៀតឈ្មោះ ជុំ ​ណូន អាយុ៣០ឆ្នាំ ​រស់នៅភូមិពោធិចិនតុង ​ឃុំពងទឹក ខេត្តព្រៃវែង ។ ​ចំណែកនារីរងគ្រោះឈ្មោះ ​ពៅ មល្លិកា អាយុ១៩ឆ្នាំ​ ស្នាក់នៅក្នុងភូមិត្រពំាងថ្លឹង សង្កាត់ចោមចៅ ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ​មុនពេលកើតហេតុ ​នារីរងគ្រោះបានចេញពីផ្ទះសំ​ដៅមកផ្សារត្រពំាងថ្លឹង ​ស្រាប់តែមានលេច​មុខបុរសសង្ស័យ(ឈិន បូរ៉ា) បានមក​​សួរថា​ "មិញហ្នឹងមានរើសបានកាបូបលុយមួយអត់?"​ ពេលនោះនារីគ្រោះឆ្លើយថា ​"​ អត់ផង "ក៍ដើរចេញបានបន្តិច ស្រាប់តែជន​សង្ស័យជាស្រ្តី ( ជុំ ណូន) បានដើរមក​កៀករួចនិយាយថា​ ​"មិញហ្នឹងខ្ញុំរើសបានកាបូបមួយ​ ​កុំបា្រប់គេណា​" ​រួចជនសង្ស័យក៍បើកកាបូបបង្ហាញនារីរង​គ្រោះ​ដោយឃើញមាសក្រហមងំាង​​ពេលនោះ​ឈ្មោះ ជុំ ណូន បាននិយាយទៅ​កាន់នារីរងគ្រោះឲ្យដោះកងដៃភ្លាមៗ​ ចំាចែកមាសគ្នាតាមក្រោយ ។​ ពេលនារីរងគ្រោះដោះកងដៃប្រគល់​ឲ្យជនសង្ស័យហើយ នារីរង​គ្រោះគិតថា​ចាញ់បោកជនសង្ស័យក៍បានស្រែកភ្លាមៗ ​បង្កឲ្យមានការភ្ញាក់ផ្អើលឮដល់ក្រុម​កម្លំាងល្បាតរបស់ខណ្ឌពោធិសែនជ័យ ​ក៍ដេញតាមរហូតដល់ចំណុច​លូ៥​ខាងលើ ក៍ឃាត់​ចាប់ខ្លួន​ជនទំាងពីរនាក់តែម្តង ។

សេចក្តីរាយការណ៍បានបន្តថា​ ក្រុមជនទម្លាក់យោងនេះមានគ្នាច្រើននាក់ទៀត​ ហើយបច្ចុប្បន្នជនសង្ស័យប្រុសស្រីទំាងពីរ​កំពុងសួរនំានៅអធិការនគរបាល​ខណ្ឌពោធិ​សែនជ័យ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់​ ចំណែកកងដៃរង់ចំាប្រគល់​ឲ្យជនរងគ្រោះវិញ ៕