សហភាព​អន្តរ​សភា​បានដឹង​យ៉ាងច្បាស់​ពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​

ថ្មីៗ​នេះ​ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា​(IPU) បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​បាន​មើលឃើញ​យ៉ាងច្បាស់​អំពី​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ ស្ថាប័ន​នីតិបញ្ញត្តិ​ទន់ខ្សោយ ព្រមទាំង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ផងដែរ​។ ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​គណបក្ស​ធំៗ​ទាំង​២​ដែលមាន​អស្ស​នៈ​នៅក្នុង​រដ្ឋសភា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះហើយ​ដែល​ធ្វើ​ឲ្យ​សហភាព​អន្តរ​សភា​អាច​វាយតម្លៃ​បាន​យ៉ាងច្បាស់​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក៏ដូចជា​បញ្ហានយោបាយ​ដែល​កំពុងមាន​ភាព​តានតឹង​នៅឡើយ​។

សូមបញ្ជាក់ថា ប្រធានបទ​សំខាន់​ដែល​ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា​លើក​យកមក​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន មាន​៤​ចំណុច​សំខាន់ៗ​។ ក្នុងនោះ​ទី​១-​ការសួរនាំ​អំពី​ការចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី លោក ហុង សុខ​ហួរ ទី​២-​ការវាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដោយ​បាតុករ​គាំទ្រ​គណបក្សកាន់អំណាច ព្រមទាំង​ការ​តាម​ចាប់ខ្លួន លោក សម រង្ស៊ី​។ ទី​៣-​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅឡើយ ក្នុងនោះ​៧​រូប​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹទ្ធ​ការណ៍​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤ និង​១​រូប​ទៀត គឺ​លោក ចាន់ ចេង ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្ដល់​មធ្យោបាយ​ឲ្យ​អ្នកទោស​កាលពី​ឆ្នាំ​២០១១​។ ទី​៤-​ការអនុវត្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​បច្ចុប្បន្ន​។

ក្រុម​អ្នកសង្កេតការណ៍​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​វាយតម្លៃថា បេសកកម្ម​របស់​ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរ​សភា បាន​មើលឃើញ​យ៉ាងច្បាស់​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​និង​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ក្រុមអ្នកវិភាគ​បានលើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ស្ដារ​ស្ថានភាព​នយោបាយ​ឲ្យ​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​ទេនោះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ប្រឈម​នឹង​ការរិះគន់​កាន់តែខ្លាំង​ជាមិនខាន​។ សូមបញ្ជាក់ថា សហភាព​អន្តរ​សភា​គឺជា​ស្ថាប័ន​សភា​អន្តរជាតិ​ដ៏​មាន​ឥទ្ធិពល​ដែលមាន​សមាជិក​មកពី​ប្រទេស​ចំនួន​១៦២​ចូលរួម ក្នុងនោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ តួនាទី​សំខាន់​របស់​សហភាព​អន្តរ​សភា គឺ​ការសន្ទនា​រវាង​សភា​នៅ​ទូទាំង​ពិភពលោក ហើយ​ធ្វើការ​សម្រាប់​សន្តិភាព កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រជាពលរដ្ឋ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​សិទ្ធិមនុស្ស​ឲ្យ​កាន់តែ​រឹងមាំ​៕

cnrp-mps620តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលរងការវាយដំយ៉ាងកំរោល Hong-0080លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ត្រូវជាប់ទោស