លោក ឆេង គឹម​សុន ពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​ខ្លះ​ផង​

ខេត្តស្ទឹងត្រែង ដែលមាន​លោក មុំ សារឿន ជា​អភិបាលខេត្ត និង​លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៅតែ​កើតមាន​បទល្មើស​កាប់​ឈើ បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ប្រការ​នេះហើយ​ដែល​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អំពាវនាវ​ឲ្យ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង​ខ្លះ​ផង ជាពិសេស​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។ ប្រសិនបើ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​ព្រៃ​សហគមន៍ ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ និង​ព្រៃ​អភិរក្ស​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​ចៀស​មិន​ផុត​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា អ្នកមានអំណាច និង​ឈ្មួញ​មាន​លុយ បាន​ជួល​កម្មករ​កាប់​រាន​ដីព្រៃ​រាប់ពាន់​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ និង​ដាំ​ដុះ​ដំណាំ​ផ្សេងៗ ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​រាយការណ៍​បែបនេះ គឺ​កើតឡើង​បន្ទាប់ពី​ឈ្មួញ​មានអំណាច​ម្នាក់​ឈ្មោះ មាស មិត្ត ជា​អតីត​ម្ចាស់​កំពង់ចម្លង​ថា​ឡា​បរិ​វ៉ា​ត់ គំរាម​ប្ដឹង​ប្រជាពលរដ្ឋ​៤២​គ្រួសារ​ប្រសិនបើ​ប្រជាពលរដ្ឋ​ទាំងនោះ​ហ៊ាន​ទម្លាយ​រឿង​គាត់​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទៅលើ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​បំផ្លាញ​ព្រៃឈើ​ក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាបន្ទាន់ ជាពិសេស​ទៅលើ​ឈ្មួញ​ឈ្មោះ មាស មិត្ត តែម្តង​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា តំបន់​ព្រៃស្រោង​ឬ​ព្រៃ​ក្រាស់​ក្នុងភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ គឺជា​ផ្នែក​មួយ​នៃ​ព្រៃ​ឡង់​ក្នុង​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងលិច​ទី​រួម​ខេ​តិ​ស្ទឹងត្រែង​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ អ្នកមានអំណាច អ្នកមាន​លុយ បាន​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រាប់ពាន់​ហិកតា​ធ្វើជា​កម្មសិទ្ធិ ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​មន្ត្រី​បរិស្ថាន​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​វាល​ដេញ ដែល​ភាគច្រើន​ជា​ជនជាតិភាគតិច​កួយ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ មាស មិត្ត បាន​ជួល​កម្មករ​ជាច្រើន​ក្រុម​ឲ្យ​សម្រុក​កាប់​ទន្ទ្រាន​ដីព្រៃ​នៅ​តំបន់ភ្នំ​ម្លូ និង​តំបន់​ផ្សេងទៀត​តាំងពី​ឆ្នាំ​២០១៣​រហូតមក​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​ឈ្មោះ មាស មិត្ត ធ្លាប់​គំរាម​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​និយាយ​ពី​រឿង​ខ្លួន​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​៕

252525លោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើVOD-M-140320-vod-meta-f-en-coorperate-between-punorng-community-01-2014-03-20