ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​ទៅលើ​មេ​ឈ្មួញ​ធំៗ​ដែល​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

ចាប់តាំងពី​ចុងខែ​មករា ឆ្នាំ​២០១៦​រហូតមក គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បើក​ប្រតិបត្តិ​ការឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល នៅ​ស្រុក​មេមត់ ព្រមទាំង​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ផងដែរ​។ ជាមួយគ្នានេះ​ឃ្លាំង​ស្តុក​ឈើ​និង​នៅតាម​ការដ្ឋាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង​ស្ទឹងត្រែង​ជាដើម ក៏​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ធ្វើការ​ឆែកឆេរ​រកឃើញ​ឈើ​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចេញផ្សាយ​របាយការណ៍​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​នៅឡើយ​ទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ធនធានធម្មជាតិ​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​វាយតម្លៃ​ទុកជាមុន​ថា ឧកញ៉ា​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ និង​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​អាច​គេច​ផុតពី​វិធានការ​ច្បាប់​។ ក្នុង​នោះគេ​វាយតម្លៃថា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល សុទ្ធតែជា​ឈ្មួញ​ដែលមាន​អំណាច​ខ្លាំង​មាន​ខ្នងបង្អែក​រឹងមាំ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​ឡើយ​។ ចំណែក​ឧកញ៉ា ទ្រី ភាព ដែលជា​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ធំជាងគេ​ក្នុងស្រុក​ខ្មែរ ក៏​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់​ដែរ​ព្រោះ​មេ​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន​។

ប្រជាពលរដ្ឋ​ទូទៅ​រង់​ចាំមើល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​លើ​ឈ្មួញ​ធំៗ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នាពេល​កន្លងមក​។ មានការ​វាយតម្លៃថា ប្រសិនបើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល ឧកញ៉ា វ័ន ប៊ុន​ថៃ ជាដើម អាច​គេច​ផុតពី​វិធានការ​ច្បាប់​នោះ គឺ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​នឹង​ក្លាយទៅជា​ឥតន័យ​ទាំងស្រុង​។ អ្វីដែល​ធ្វើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​ព្រៃឈើ ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ននេះ គឺ​ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុងបើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស ស្រាប់តែ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​៕

lim-bun-na2ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា VOC-17-Jan-2016-1ឧកញ៉ា សឹង សំអុល