ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជធានីភ្នំពេញ ៖ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ លោក​គង់ វិបុល បាន​នាំ​ដឹកនាំ​មន្ត្រី​ពន្ធ​ដារ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចំនួន​៥៣២​នាក់​ ចូល​សច្ចាប្រណិធាន​នៅ​សាលា​ឧទ្ទ​រណ៍ ​កាលពី​រសៀល​ថ្ងៃ​ទី១៨ កុម្ភៈ ២០១៦ ដើម្បី​ទទួល​​បាន​នីតិ​សម្បទា​​​ ជា​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​ ។

នៅ​ក្នុង​ឱកាស​សច្ចាប្រណិធាន​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​គង់ វិបុល ​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ពិធី​សម្បថ​​នេះ​ ដោយ​មន្ត្រី​ពន្ធដារ​ទាំងអស់​​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​រដ្ឋសភា​នីតិប្បញ្ញត្តិ​​នៅ​ក្នុង​ច្បាប់​ថវិកា​​ឆ្នាំ​២០១៥​ និង​ការ​អនុម័តរបស់​រដ្ឋសភា ​បាន​ផ្តល់​នូវ​នីតិ​សម្បា​ទា​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​ដល់​មន្ត្រី​ពន្ធដារ​ទាំង​អស់ ។

លោកថា មន្ត្រី​នគរបាល​យុត្តិធម៌​នេះ ​បាន​ផ្តល់​លទ្ធភាព​ដល់​មន្ត្រី​ពន្ធដារ​ទាំងអស់​អនុវត្ត​កសាង​សំណុំរឿង​ ចំពោះ​បទល្មើស​ពន្ធដារ​ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ៗ​ថែម​ទៀត ។ អ៊ីចឹង​មិនមែន​មន្ត្រី​ទើបតែ​ជាប់​នេះ​ទេ មន្ត្រី​ពន្ធដារ​ខ្លះ​ចូល​ម្ភៃ​ឆ្នាំ ដប់​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​​នៅ​ក្នុង​ច្បាប់​មិន​ទាន់​មា​ន​​ដែល​គេ​ហៅ​ថា នីតិសម្បទា​មន្ត្រី​នគរបាល​យុត្តិធម៌​នៅឡើយ ។

ទើបតែ​យើង​បាន​​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​​​​មានចែង​​​​នៅ​ក្នុង​ច្បាប់​ថវិកា​ឆ្នាំ​២០១៥ដែល​​ថា មន្ត្រី​នគរបាល​ ត្រូវ​តែ​ក្លាយជា​មន្ត្រី​នគរបាល​យុត្តិធម៌​មន្ត្រី​ពន្ធដារ ។ លោក​​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​ មន្ត្រី​ពន្ធដារ​ចំនួន​៥៣២​នាក់ ​ដែល​មាន​ឋា​នៈ​​ចាប់ពី​អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន​នាយកដ្ឋាន ប្រធាន អនុ​សាខា ប្រធាន អនុប្រធាន​ការិយាល័យ​ថ្នាក់​កណ្តាល ប្រធាន អនុប្រធាន​ការិយាល័យ​នៃ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ។