​មេ​ប៉េអឹម​៖ សមត្ថកិច្ច​មួយចំនួន ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ត្រូវ​រក​ឲ្យ​ឃើញ មិន​ឲ្យ​រួចខ្លួន​ទេ​

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បានបញ្ជាក់​ថាៈ "​រឿង​បទល្មើស​ព្រៃឈើ​មួយ អត់​មាន​អ្នក​ណាមួយ ចេញមុខ​មក​ទ​ទួ​ស​ខុសត្រូវ​ទេ ហេតុនេះ សមត្ថកិច្ច ត្រូវ​រក​ឲ្យ​ឃើញ អ្នក​ដែល​ពាក់ព័ន្ធ​ផ្សំគំនិត ដែល​នាំអោយមាន បទល្មើស​ព្រៃឈើ​។ ហើយ​អ្នកផ្សំគំនិត​ក៏មាន​ការពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ផ្សេងៗ​ផងដែរ គឺ​ត្រូវ​រក​ឲ្យ​ឃើញ អត់​មាន​ឲ្យ​រួចខ្លួន​ទេ​"​។​

​ការបញ្ជាក់​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានធ្វើ​ឡើង នៅក្នុងពេល​ចុះ​ពិនិត្យ ទីតាំង​ស្តុក​ឈើ​មួយ នៅ​ខេត្ត​ភាគ​ឦ​សាន្ត កាលពីពេល​ថ្មីៗ កន្លងមកនេះ​។​

​ទាក់ទង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា រឿង​បទល្មើស​ព្រៃឈើ​មួយ អត់​មាន​អ្នក​ណាមួយ​ចេញមុខ មក​ទ​ទួ​ស​ខុសត្រូវ​ទេ ហេតុនេះ​សមត្ថកិច្ច ត្រូវ​រក​ឲ្យ​ឃើញ​អ្នក​ដែល ពាក់ព័ន្ធ​ផ្សំគំនិត ដែល​នាំអោយមាន បទល្មើស​ព្រៃឈើ ហើយ​អ្នកផ្សំគំនិត ក៏មាន​ការពាក់ព័ន្ធ ជាមួយ​សមត្ថកិច្ច​ផ្សេងៗ​ផងដែរ គឺ​ត្រូវ​រក​ឲ្យ​ឃើញ អត់​មាន​ឲ្យ​រួចខ្លួន​ទេ​។​

​លោក​បាន​បញ្ជាក់ថា “​ពាក់ព័ន្ធ​ការ​ផ្សំគំនិត អាចជា​អាជ្ញាធរ​របស់​យើង​។ អ្នកផ្សំគំនិត គឺ​អ្នក​ដែលមាន​ការ ពាក់ព័ន្ធ​ពី​សមត្ថកិច្ច​ផ្សេងៗ របស់​យើង ត្រូវតែ​ស្រាវជ្រាវរ​កទៀត​។ អ្នក​ឆ្លៀតឱកាស ខ្ញុំ​មិន​ថា អ្នកណា​ទេ មិន​ហ៊ាន​ចោទ​គេ​ទេ ប៉ុន្តែ​កុំភ្លេចថា រឿង​បទល្មើស​ព្រៃឈើ​មួយ អត់​មាន​អ្នកណា​មួយ​ចេញ មុខមក​ទ​ទួ​ស​ខុសត្រូវ​ទេ​។ អ្នក​យកលុយ ក៏​តែងតែ​ចោទ​គេ​ដែរ ហើយ​ក្នុង​នឹង​យើង​ដឹង​ហើយ គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ រួមទាំង​សារព័ត៌មាន​ផង ដាក់​ខែ​ដាក់​ថ្ងៃ ដាក់​ឆ្នាំ​គេ ពីព្រោះ​កន្លងមក ក៏មាន​ព័ត៌មាន​ថា អ្នកព័ត៌មាន​មួយចំនួន ក៏បាន​ទទួលផល​ពី អ្នករកស៊ី​ឈើ​ខុសច្បាប់​ដែរ​... អត់​ទេ អត់​រួចខ្លួន​ទេ ស្រាវជ្រាវ​ទាំងអស់ ហើយ​មើល​ច្បាប់​ព្រៃឈើ អ្នកប្រព្រឹត្ត អ្នកផ្សំគំនិត និង​មន្ត្រី​ធ្វេសប្រហែស នៅក្នុង​ការបំពេញ​តួនាទី របស់ខ្លួន បើ​ច្បាប់​នឹង​ឡើងវិញ​ទៅ ជាប់គុក​អតិបរមា ពីរ​ឆ្នាំ ទៅ​១០​ឆ្នាំ ពិន័យ​ប្រាក់ ១០០​លាន​រៀល ទោស​ទាប​បំផុត​ពីមួយ​ខែ ទៅមួយ​ឆ្នាំ​"​។​

​មន្ត្រីជាន់ខ្ពស់ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​បង្ហើប​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ករណី បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​ភាគ​ឦ​សាន្ត ប្រទេស​កម្ពុជា គឺមាន​ការជាប់​ទាក់ទិន ជាមួយ​ក្រុម​ឈ្មួញ និង​ឧកញ៉ា​មួយចំនួន ហើយ​តុលាការ កំពុងតែធ្វើការ​ចោទប្រកាន់ នឹង​អាចឈាន​ទៅដល់ ការចាប់ខ្លួន​មនុស្ស​មួយចំនួន​។​

​គេ​នៅ​មិនទាន់​ដឹងថា តើ​ក្រុម​ឈ្មួញ​ឈើ និង​ឧកញ៉ា​មួយចំនួន ដែល​ជាប់​ពាក់ព័ន្ធ ក្នុង​បទល្មើស​ព្រៃឈើ​នោះ ជា​អ្នកណាខ្លះ​ទេ​?​។ ប៉ុន្តែ​នៅពេល​តុលាការ ធ្វើការ​ចោទប្រកាន់ រួចរាល់​ហើយ​នោះ នឹង​បាន​ច្បាស់​៕V​/S