អាជីវកម្ម​បូម​ខ្សាច់​របស់​ឈ្មោះ ចាន់ ណា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ឲ្យ​ដឹងថា​ឈ្មោះ ចាន់ ណា បានធ្វើ​សកម្មភាព​បូម​ខ្សាច់​ពី​ទន្លេសាប​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មួយចំនួន​យ៉ាង​ពេញបន្ទុក​។ ឈ្មោះ ចាន់ ណា ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ ឲ្យ​ដឹងថា​ជា​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​ប្រើ​អំណាច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​។ រថយន្ត​ដឹក​ខ្សាច់​របស់​ឈ្មោះ ចាន់ ណា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវករ​លក់​បាយ​សម្ល​ម្ហូបអាហារ​នៅតាម​ផ្លូវជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ និង​ផ្លូវលំ​តាម​សង្កាត់​នានា​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​រថយន្ត​ដឹក​ខ្សាច់​ទាំង​តូច​ទាំង​ធំ​របស់​ឈ្មោះ ចាន់ ណា បានធ្វើ​ឲ្យ​ដី​ហុយ​ទ្រលោម​នៅតាម​ផ្លូវ ហើយ​ពេលខ្លះ​ពួកគាត់​ស្ទើរតែ​មិនអាច​ហូបបាយ​កើត​។ រថយន្ត​ដឹក​ខ្សាច់​របស់​ឈ្មោះ ចាន់ ណា មិនបាន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ប​ចេ្ច​ក​ទេស​ឡើយ គឺ​គ្មាន​គ្រប​តង់​នោះទេ​ធ្វើ​ឲ្យ​ខ្សាច់​ធ្លាក់​ពេញ​ផ្លូវ​ក្លាយជា​ធូលី​ហុយ​សំពោង​ពេល​រថយន្ត​តូចធំ​បើក​លើផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​លេខ​៥៩៨ និង​ផ្លូវលំ​តាម​សង្កាត់​នានា​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។ ប្រជាពលរដ្ឋ​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ទើប​ឈ្មោះ ចាន់ ណា អាចធ្វើ​សកម្មភាព​បូម​ខ្សាច់​និង​ដឹកជញ្ជូន​ខ្សាច់​តាម​អំពើ​ចិត្ត​។

​មន្ត្រី​អាជ្ញាធរ​តូចតាច​បាន​សម្ដែង​ការសង្ស័យថា​ឈ្មោះ ចាន់ ណា ប្រហែលជា​មានការ​ឃុបឃិត​ជាមួយ លោក ធុ​យ សុខន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ទើប​អាច​បន្តសកម្មភាព​បូម​ខ្សាច់​និង​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​លើកឡើងថា នៅពេល​រថយន្ត​ដឹក​ខ្សាច់​ឆ្លងកាត់​ផ្លូវ​មុខផ្ទះ​ពួកគាត់​ម្តងៗ​ធ្វើ​ឲ្យ​ធូលី​ហុយ​ស្ទើរ​ដកដង្ហើម​មិន​រួច ហើយ​បច្ចុប្បន្ន​ពួកគាត់​កើត​ជំងឺ​ផ្លូវដង្ហើម​ស្ទើរ​គ្រប់គ្នា​ទៅហើយ​។ ដូច្នេះ​មន្ត្រី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ឈ្មោះ ចាន់ ណា ធ្វើ​សកម្មភាព​បូម​ខ្សាច់​និង​ដឹកជញ្ជូន​ខ្សាច់​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក​តទៅទៀត​៕

rueseikeo