នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល លោក វុ​ទ្ធា រិ​ទ្ធ រំលោភ​យក​ដី​បឹង​សាធារណៈ​

បឹង​អ៊ួ​ក ដែលមាន​ទំហំ​១៨​ហិកតា ស្ថិតក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល គឺជា​បឹង​ប្រវត្តិសាស្ត្រ និង ជា​អាង​ស្តុក​ទឹក​សម្រាប់​អ្នកភូមិ​ប្រើប្រាស់ ប៉ុន្តែ​ពេលនេះ​កំពុងស្ថិត​ក្នុង​គម្រោង​ហ៊ុំព័ទ្ធ​យក​ដោយ​លោក វុ​ទ្ធា រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល​។ មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​សាលាខេត្ត​កណ្តាល​បាន​បង្ហើប​ថា សកម្មភាព​របស់លោក វុ​ទ្ធា រិ​ទ្ធ គឺជា​អំពើ​បំពាន​ច្បាប់​សុទ្ធសាធ ហើយ​កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្អាង​ផងដែរ​។​

សកម្មភាព​របស់លោក វុ​ទ្ធា រិ​ទ្ធ បានធ្វើ​ឲ្យ​ប្រជា​ពល​ដ្ឋ​ស្រុក​ស្អាង ផ្ទុះ​ការតវ៉ា​ប្រឆាំង​ជា​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​មិនគួរណា​មន្ត្រី​ជំនាញ​មិនបាន​ការពារ​ផលប្រយោជន៍​សាធារណៈ និង​ផលប្រយោជន៍​របស់​ប្រជា​ពល​ដ្ឋ តែ​បែរជាយក​សិទ្ធិអំណាច​របស់ខ្លួន​ទៅធ្វើ​អំពើ​ល្មើសច្បាប់​ទៅវិញ​។ ការតវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល​ដែលមាន​បំណង​ការពារ​បឹង​អ៊ួ​ក ទុក​សម្រាប់​យក​ទឹក​ដាំ​ដំណាំ និង ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ ត្រូវគេ​សង្កេតឃើញថា​ក៏មាន​ការគាំទ្រ​ពី​សំណាក់​មន្ត្រី​ស្អាតស្អំ​មួយចំនួន​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោក ហ៊ឹម ចាន់គិរី អភិបាលស្រុក​ស្អាង​កាលពី​ម្សិលមិញ បាន​ហៅ​ការ​ច្បាម​យក​ដី​បឹង​ពី​សំណាក់​លោក វុ​ទ្ធា រិ​ទ្ធ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ខឹងសម្បា ថា ជា​ទង្វើ​ខុសច្បាប់ ។ លោក ហ៊ឹម ចាន់គិរី បាន​សង្កត់ធ្ងន់ថា​ក្នុងនាម​ជា​អាជ្ញាធរ លោក​នឹង​ឈរ​ខាង​ប្រជាពលរដ្ឋ ដើម្បី​បន្ត​រក្សា​បឹង​នោះ ជា​អាង​ស្ដុក​ទឹក​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណាម្នាក់​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​បានឡើយ​។​

​លោក វុ​ទ្ធា រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល ថ្មីៗ​នេះ​បាន​ថ្លែង​ទទួលស្គាល់ថា លោក​ពិត​ជាមាន​គម្រោង​យក​បឹង​នោះ​មែន​តាមរយៈ​ការទិញ និង ជួល​ដី​គេ​នៅ​ជុំវិញ​បឹង​នោះ​អស់ហើយ​។ ការឆ្លើយ​ការពារ​ខ្លួន​របស់លោក វុ​ទ្ធា រិ​ទ្ធ ត្រូវបាន​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល​បង្ហើប​ថា​មិនមែនជា​ការពិត ព្រោះ​បឹង​អ៊ួ​ក​ជា​បឹង​សាធារណៈ​របស់​រដ្ឋ​ច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​គ្មាន​អ្នកណា​មាន​សិទ្ធិ​លក់ ឬ​ជួល​ឡើយ​៕

Pic16