ក្រសួង​សុខាភិបាល​លើក​ទឹក​ចិត្ត​ឱ្យ​វេជ្ជបណ្ឌិត​ជំនាញ​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ រៀបចំ​សិក្ខាសាលា​អំពី​ការ​ផ្សព្វផ្សាយ​ជំងឺ​ហ្ស៊ីកា (ZIKA) សម្រាប់​អ្នក​កាសែត។ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លើក​ឡើង​ថា ការ​ផ្សាយ​ព័ត៌មាន​ពី​ជំងឺ​ហ្ស៊ីកា​ជា​សាធារណៈ ដោយ​គ្មាន​ការ​ពន្យល់​ពី​គ្រូពេទ្យ​ជំនាញ​ជាមុន គឺ​អាច​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ និង​គិត​ថា ជំងឺ​ហ្ស៊ីកា ជា​ជំងឺ​កាច​សាហាវ។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លើក​ឡើង​ថា ដើម្បី​ឱ្យ​ការ​ផ្សាយ​ព័ត៌មាន​ស្ដីពី​សុខភាព​មាន​ភាព​ត្រឹមត្រូវ​តាម​បែប​វេជ្ជសាស្ត្រ ចាំបាច់​គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​គ្រប់រូប ត្រូវ​ហ៊ាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នក​កាសែត។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា កន្លង​មក​មាន​ការ​ផ្សព្វផ្សាយ​ពី​ជំងឺ​ហ្ស៊ីកា មិន​ត្រឹមត្រូវ ដូចជា​ព័ត៌មាន​ខ្លះ​សរសេរ​ថា ជំងឺ​ហ្ស៊ីកា បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ និង​អាច​បណ្ដាល​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ មាន​កូន​ក្បាល​តូច​ខុស​ធម្មតា។ លោក​បន្ថែម​ថា អង្គការ​ពិភពលោក កំពុង​សិក្សា​ស្រាវជ្រាវ​ពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទារក​មាន​ក្បាល​តូច​ខុស​ធម្មតា​នោះ ប៉ុន្តែ​មិន​មាន​វត្ថុ​វិភាគ​ណា​មួយ​ដែល​បញ្ជាក់​ថា ជំងឺ​ហ្ស៊ីកា បណ្ដាល​ឱ្យ​ទារក​ពិត​ជា​មាន​ក្បាល​តូច​នោះ​ទេ៖ «»។

​ទោះបីជា​យ៉ាង​ណា​ក៏ដោយ ជំងឺ​ហ្ស៊ីកា ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ក្រសួង​សុខាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់ និង​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ដើម្បី​បង្កើត​យន្តការ​ការពារ​កុំ​ឱ្យ​ជំងឺ​នេះ​ផ្ទុះ​ឡើង​នៅ​កម្ពុជា។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ក្រសួង​សុខាភិបាល​រៀបចំ​ឱ្យ​មាន​គ្រូពេទ្យ​បង្គោល​តាម​ច្រក​ព្រំដែន​នានា ដើម្បី​ត្រួត​ពិនិត្យ​នូវ​ជំងឺ​ឆ្លង​ផ្សេងៗ​របស់​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ខ្មែរ និង​បរទេស​ដែល​មក​ពី​ទ្វីប​អាហ្វ្រិក អាមេរិក អាស៊ី​ខាងត្បូង និង​ប៉ាស៊ីហ្វិក​ខាង​លិច។

​ទន្ទឹម​នឹង​ដែរ ក្រសួង​សុខាភិបាល​សហការ​ជាមួយ​មន្ទីរពេទ្យ​នានា ក្នុង​ប្រទេស​កម្ពុជា និង​បណ្ដុះបណ្ដាល​គ្រូពេទ្យ​បង្គោល​ដើម្បី​ត្រៀម​ការ​ព្យាបាល និង​ធ្វើ​រោគ​វិនិច្ឆ័យ​ស្វែង​រក​មេរោគ​ហ្ស៊ីកា ចំពោះ​អ្នក​ជំងឺ​ទាំង​ឡាយ​ណា​ដែល​មាន​រោគ​សញ្ញា​គ្រុនក្ដៅ មាន​កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក ឈឺ​ចាច់​ដុំ និង​ឈឺ​សន្លាក់ មាន​ស្ថានភាព​ល្ហិតល្ហៃ និង​ឈឺ​ក្បាល​ខុស​ធម្មតា។

​ក្រៅ​ពី​យន្តការ​ការពារ​ទាំង​នេះ មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ជាតិ នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​យក​សំណាក​មួយ​ចំនួន​របស់​អ្នក​ជំងឺ​ទៅ​រក​មេរោគ​ហ្ស៊ីកា​ដែរ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គឺ​មិន​មាន​មេរោគ​នេះ​នៅ​កម្ពុជា ទេ។

​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ លោក ជិន សាវុធ និយាយ​ថា មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​មាន​តួនាទី​យ៉ាង​សំខាន់​ដើម្បី​តាមដាន និង​ធ្វើ​វត្ថុ​វិភាគ​ផ្សេងៗ​រក​មេរោគ​ហ្ស៊ីកា​នៅ​កម្ពុជា។ លោក​បន្ត​ថា គ្រូពេទ្យ​នៅ​ពេល​សង្ស័យ​ថា អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា គ្រូពេទ្យ​នោះ​ត្រូវ​តែ​បូម​ឈាម​របស់​អ្នក​ជំងឺ​យក​ទៅ​មន្ទីរ​ពិសោធន៍​ជាតិ ដើម្បី​វិភាគ​អោយ​បាន​ត្រឹមត្រូវ៖ «»។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺ​ឆ្លង​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា មិន​គួរ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ពេក​ទេ​អំពី​ជំងឺ​ហ្ស៊ីកា​នេះ។ ការ​ការពារ​កុំ​ឱ្យ​មូស​ខ្លា​ញី​ខាំ​គឺ​ជា​មធ្យោបាយ​ល្អ​ដែល​អាច​ការពារ​ជំងឺ​ហ្ស៊ីកា​បាន។ មូស​ខ្លា​ញី​ជា​ធម្មតា​ខាំ​នៅ​ពេល​ព្រឹក រសៀល ពេល​ល្ងាច និង​កន្លែង​ដែល​មាន​ព្រៃ​ស៊ុបទ្រុប។  លោក​អ្នក​ត្រូវ​បំផ្លាញ​ជម្រក​មូស​ខ្លា​ចោល មាន​ដូចជា ទឹក​ថ្លុក កំប៉ុង​ទឹក​គោះ សំបក​កង់ឡាន​ជាដើម ដែល​ងាយ​ដក​ទឹក​ឱ្យ​អស់​ដើម្បី​ការពារ​កុំ​ឱ្យ​កើត​មូស​ខ្លា​ញី។ លោក​បន្ត​ថា មុន​ផ្សាយ​ព័ត៌មាន​ស្ដីពី​ជំងឺ​ហ្ស៊ីកា អ្នក​កាសែត​ត្រូវ​តែ​សម្ភាសន៍​វេជ្ជបណ្ឌិត​ជំនាញ ហើយ​គ្រូពេទ្យ​គ្រប់​រូប​គួរ​បើក​ចិត្ត​ឱ្យ​ទូលាយ​ចំពោះ​ការ​សម្ភាស​របស់​អ្នក​សារព័ត៌មាន។

​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ជំងឺ​ហ្ស៊ីកា មិន​សាហាវ ដូច​ជំងឺ​គ្រុន​ឈាម​នោះ​ទេ។ អ្នក​ផ្ទុក​ជំងឺ​ហ្ស៊ីកា ២០% មាន​ស្ដែង​ចេញ​រោគ​សញ្ញា ហើយ​អាច​ជា​ដោយ​ឯងៗ និង ៨០% ផ្សេង​ទៀត​មិន​ចេញ​រោគ​ឡើយ។  រហូត​មក​ទល់​នឹង​ពេល​នេះ ពុំ​មាន​អ្នក​ជំនាញ​ផ្នែក​សុខភាព​ណា​ម្នាក់ ឬ​ទិន្នន័យ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា អ្នក​កើត​ជំងឺ​ហ្ស៊ីកា បាន​ស្លាប់​​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។