គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​គ្រោង​អញ្ជើញ​អគ្គនាយក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឲ្យ​ចូល​បំភ្លឺ

មន្ត្រី​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​អញ្ជើញ​អគ្គនាយក​រដ្ឋ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​បំភ្លឺ​សកម្មភាព​ដឹក​ដី​ចាក់​លុប​បំផ្លាញ​ព្រៃ​លិច​ទឹក ឬ​ដើម​កោងកាង​ជា​ជម្រក​មច្ឆា ឬ​ត្រី​សមុទ្រ បន្ត​ពូជ​រាប់​រយ​ហិកតារ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

បញ្ហា​នេះ ត្រូវ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឆ្លើយ​បំភ្លឺ​ថា ការ​ចាក់​ដី​នៅ​មូលដ្ឋាន​ភូមិ​គគីរ ត្រង់​ចំណុច​ចំការ​ដូង​ចេងហេង គឺ​ស្ថិត​ក្នុង​គម្រោង​ពង្រីក​ទីតាំង​កំពង់ផែ​នេះ​ឲ្យ​បាន​ទូលំទូលាយ ឈាន​ដល់​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

មន្ត្រី​នាំ​ពាក្យ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ ថា មាន​គម្រោង​អញ្ជើញ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ឲ្យ​មក​បំភ្លឺ​លើ​ករណី​បំផ្លាញ​ព្រៃ​លិច​ទឹក ឬ​ដើម​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នា​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ។

​បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដែល​គ្រប់គ្រង​លើ​ផ្នែក​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក ក៏​នឹង​ត្រៀម​ចុះ​ជួប​ជាមួយ​អគ្គនាយក​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ  លោក លូ គឹមឈុន ដើម្បី​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ បំភ្លឺ​លើ​គម្រោង​ពង្រីក​ទីតាំង​កំពង់ផែ​នេះ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដី​ព្រៃ​លិច​ទឹក ឬ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​អស់​រាប់​រយ​ហិកតារ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

ទោះ​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មិន​ទាន់​បញ្ជាក់​កាលបរិច្ឆេទ​ថា​នឹង​ចុះ​ជួប​លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ណា​ឲ្យ​ពិតប្រាកដ​នៅ​ឡើយ​ទេ ដោយ​និយាយ​ថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «»។

​ឆ្លើយ​តប​បញ្ហា​នេះ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ លោក លូ គឹមឈុន បាន​បំភ្លឺ​ថា សកម្មភាព​ចាក់​ដី​ជាង ១០០​ហិកតារ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង គឺ​មិន​មែន​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​របស់​លោក​ទេ ប៉ុន្តែ​ជា​គម្រោង​ផែនការ​ពង្រីក​កំពង់ផែ​ស្វយ័ត​ឲ្យ​បាន​ទូលំទូលាយ​នៅ​គ្រា​មាន​ក្រុមហ៊ុន​ជា​ច្រើន បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា តាម​កំពង់ផែ​នេះ កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​បន្ត​ថា ទីតាំង​ដែល​កំពង់ផែ​ចាក់​ដី​លុប នា​ភូមិ​គគីរ ឃុំ​បិតត្រាំង គឺ​ខាង​កំពង់ផែ បាន​ទិញ​បន្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​តែមួយ​គត់ គឺ​ពង្រីក​កំពង់ផែ​នេះ​ឲ្យ​បាន​ទូលំទូលាយ ឈាន​ដល់​បង្កើន​ប្រាក់​ចំណូល​ជូន​សង្គម​ជាតិ៖ «»។

​ទោះជា​បែប​នេះ​ក្ដី លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) សាខា ខេត្ត​ព្រះសីហនុ ដែល​ចុះ​ដល់​មូលដ្ឋាន​ភូមិ​គគីរ ឃុំ​បិតត្រាំង នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ បាន​អះអាង​ថា ទីតាំង​ចាក់​ដី​លុប​របស់​គម្រោង​ពង្រីក​ទីតាំង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​បំផ្លាញ​ព្រៃ​លិច​ទឹក ឬ​ដើម​កោងកាង​ជា​ជម្រក​ត្រី​ពង​កូន។

ជាង​នេះ​ទៀត កាល​ពី​​សប្ដាហ៍​មុន ក្រុម​ការងារ ឬ​មេការ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ក៏​បាន​ដឹក​ដី​រំលោភ​ចូល​មាត់​សមុទ្រ និង​បំផ្លាញ​ព្រៃ​កោងកាង​ថែម​ទៀត ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ​តម្រូវ​ឲ្យ​កាយ​យក​អាចម៍​ដី​ចេញ​ពី​មាត់​ឆ្នេរ មាន​ទីតាំង​នៅ​ចំណុច​ចំការ​ដូង​ចេងហេង នោះ​វិញ។

ត្រង់​ចំណុច​នេះ លោក សុខ សុខុម បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​បាក់​ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ​មើល​ផែនការ​ពង្រីក​ទីតាំង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​បាន​ប៉ះពាល់​ដល់​ជម្រក​ត្រី​សមុទ្រ នា​មូលដ្ឋាន​ភូមិ​គគីរ ឃុំ​បិតត្រាំង ធ្ងន់ធ្ងរ៖ «»។

​ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី​ថា ចំពោះ​សកម្មភាព​ខុស​ឆ្គង​របស់​មេការ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដែល​ចាក់​ដី​រំលោភ​ដល់​ឆ្នេរ​សមុទ្រ នៅ​ភូមិ​គគីរ ត្រង់​ចំណុច​ចំការ​ដូង​ចេងហេង ត្រូវ​ថ្នាក់ដឹកនាំ​កំពង់ផែ​នេះ សុំ​អភ័យទោស និង​បាន​កាយ​យក​អាចម៍​ដី​ឲ្យ​មក​សភាព​ដើម​ជា​ស្ថាពរ​វិញ​ហើយ ហើយ​ថ្នាក់ដឹកនាំ​កំពង់ផែ​នេះ មិន​ជំទាស់​ផែនការ​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។