ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កាសែត LE POINT បារាំង​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ នូវ​អត្ថបទ​មួយ​និយាយ​ពី​សង្គ្រាម​៤​នា​ពេល​បច្ចុប្បន្ន​នៅ​ស៊ី​រី ។

សង្គ្រាម​ទី​មួយ​គឺ​សង្គ្រាម​របស់​រុ​ស្ស៊ី ។ ដោយ​ធ្វើ​អន្តរាគមន៍​យោធា​ក្នុង​ជម្លោះ​ស៊ី​រី​ពី​ខែកញ្ញា ឆ្នាំ​២០១៥ មក លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​ផ្លាស់​ប្តូរ​ស្ថានភាព ។ ទិស​ដៅ​របស់​លោក​ច្បាស់​បំផុត​ជួយ​សង្គ្រោះ​របប​ស៊ី​រី ហើយ​តាម​រយៈ​ស៊ី​រី​រក្សា​ការ​ឈរជើង​មួយ​នៅ​តំបន់​មជ្ឈិម​បូព៌​៌ា និង​លើ​ច្រាំង​ខាងកើត​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​នៅ​ទីនោះ​ក្រុង​មូ​ស្គូ​មាន​កងកម្លាំង​នាវាចរណ៍ និង​ធ្វើ​ឱ្យ​រុ​ស្ស៊ី​មានមុខមាត់​វិញ​លើ​ឆាក​អន្តរជាតិ ក្រោយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ។

អាទិភាព​របស់​លោកពូ​ទី​ន គឺ​ជួយ​ពង្រឹង​កងទ័ព​ស៊ី​រី​ឡើង​វិញ បន្ទាប់​មក​អាច​ឱ្យ​កងទ័ព​នេះ​វាយ​ដណ្តើម​យក​វិញ បណ្តា​តំបន់​ដែល​ធ្លាក់​ក្នុង​ដៃ​ពួក​ប្រឆាំង ។ ពុំ​មែន​ជី​ហា​ដ​ជួយ​ទ្រទ្រង់​ដោយ​ពួក​អឺរ៉ុប និង​អា​េ​ម​រិ​ក ដោយ​រោយ​គ្រាប់បែក​លើ​ពួក​ប្រឆាំង​ក្នុង​ខែកុម្ភៈ​នេះ លោក​បា​ចា អាល់​អាសា​ដ ដណ្តើម​កាន់កាប់​ផ្លូវ​យុទ្ធសាស្ត្រ​រវាង​ក្រុង​ដា​ម៉ាស់ និង​ក្រុង​អា​ឡែ​ប ជាប់​ការ​ឡោម​ព័ទ្ធ ។ កងទ័ព​ស៊ី​រី​បោសសំអាត​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងជើង​ក្រុង​អា​ឡែ​ប ហើយ​វាយ​រុល​ឆ្ពោះទៅ​កាន់​ព្រំដែន​តួ​ក​គី ដើម្បី​កាត់​ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​ទាំងឡាយ ។ កងទ័ព​ស៊ី​រី​ក៏​ទើប​ធ្វើការ​វាយលុក​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស ឆ្ពោះទៅ​កាន់​ទីក្រុង DERAA ដើម្បី​ដណ្តើម​យក​តំបន់​ព្រំដែន​ជាប់​ប្រទេស​ហ្ស​ក​ដា​នី​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​មក​ដល់​នៃ​ជនភៀសខ្លួន​ថ្មី​ៗ ច្រើន​ពាន់​នាក់​ទៀត ។

សង្គ្រាម​រុ​ស្ស៊ី​នេះ​ឈាន​ទៅ​រក​ជោគជ័យ ហើយ​កំណត់​ពី​បរាជ័យ​របស់​ពួក​លោក​ខាងលិច ដែល​ហាក់ដូចជា​ខ្សោយ ហើយ​ក្បាលរឹង ព្រោះ​នៅ​តែ​ទទូច​ឱ្យ​លោក​អាសា​ដ ចាក​ចេញពី​អំណាច ។ ក៏​ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញ​ថា ពួក​ប្រឆាំង​ប្រដាប់​អាវុធ​គាំទ្រ​ដោយ​ពួក​លោក​ខាងលិច ដែល​ប្រហែល​មាន​តិច​បំផុត កំពុង​តែ​បាត់បង់​ដែនដី​កាន់កាប់ ។ ប្រមុខ​វិមាន​ក្រឹម​ឡាំង​ចំអក​ឱ្យ​អា​េ​ម​រិ​ក និង​ពួក​អឺរ៉ុប ដែល​ស្នើ​ឱ្យ​រុ​ស្ស៊ី​បញ្ឈប់​ការ​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ដែល​ខ្លួន​គាំទ្រ ហើយ​ឱ្យ​វាយប្រហារ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

សង្គ្រាម​ទី​២ គឺ​សង្គ្រាម​របស់​តួ​ក​គី​ប្រឆាំង​ពួក​ឃើ​ត ។ នៅ​ស៊ី​រី ប្រធានាធិបតី​តួ​ក​គី​លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន មាន​ទិស​ដៅ​២ គឺ​កម្ចាត់​លោក​បា​ចា អាល់​អាសា​ដ ពី​អំណាច​តាម​រយៈ​ការ​បិទ​បាំង​ពី​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​គឺ​សង្គ្រាម​មិន​ប្រណី​ដៃ​មួយ ប្រឆាំង​ពួក​ឃើ​តតួ​ក គី​នៃ​ក្រុម PKK ។ ពេល​ក្រុង​អង់កា​រ៉ា​ប្រកាស​ថា បណ្តា​យន្តហោះ​របស់​ខ្លួន​នឹង​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​ជា​អាទិភាព ទម្លាក់​លើ​បណ្តា​ទីតាំង​របស់​ពួក PKK ។ ថ្ងៃ​ទី​១៣ កុម្ភៈ ជា​លើក​ដំបូង ដែល​តួ​ក​គី​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​លើ​ដែនដី​ស៊ី​រី ។ កងកាំភ្លើងធំ​តួ​ក​គី​បាញ់​ផ្លោង​ដាក់​ភាគ​ខាងជើង​ស៊ី​រី​សំដៅ​បណ្តា​ទីតាំង​ពួក​ឃើ​ត​ស៊ី​រី ក្រុម PYD ជា​ក្រុម​ដែល​តួ​ក​គី​ថា​ជា​សម្ព័ន្ធមិត្ត PKK ។ តួ​ក​គី​បដិសេធ​ដាច់អហង្កា​មិន​ឱ្យ​ពួក​ជីវពល​ក្រុម PYD មា​នទី​តាំងនៅ​ភាគ​ខាងជើង​ស៊ី​រី តាម​បណ្តោយ​ព្រំដែន​តួ​ក​គី ព្រោះ​ខ្លាច​តំបន់​នេះ​ត្រូវ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្រោយ​របស់​ពួក​យុទ្ធ​ជន PKK ។

ដោយ​វាយប្រហារ​លើ​ពួក​ឃើ​ត​ស៊ី​រី​នៃ​ក្រុម PYD តួ​ក​គី​ជា​សមាជិក​អូតង់​កំពុង​តែ​ប្រព្រឹត្ត​រំលង​សម្ព័ន្ធមិត្ត​អា​េ​ម​រិ​ក​ដែល​ជា​អ្នក​ផ្តល់​អាវុធ និង​ជួយ​ខាង​លុយកាក់​ដល់​ក្រុម​នេះ​ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ក្រុង​វ៉ា​ស៊ី​ន​តោន ក្រុង​ព្រុ​ច​សែ​ល ក្រុងប៉ារីស និង​ក្រុង​គែរ ស្នើ​ដល់​តួ​ក​គី​ឱ្យ​បញ្ឈប់​ការ​បាញ់​ផ្លោង​ដាក់​ពួក​ឃើ​ត​ស៊ី​រី តែ​តួ​ក​គី​មិន​ស្តាប់​ដោយ​ថា​នេះ​ជា​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន ។ តួ​ក​គី​ធ្វើសង្គ្រាម​ផ្ទាល់​របស់​ខ្លួន​នៅ​ស៊ិ​រី ហើយ​ចង់ឱ្យ​មាន​អន្តរាគមន៍​តាម​ជើងគោ​កមួយ​រួម​ជាមួយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

សង្គ្រាម​ទី​៣​គឺ​សង្គ្រាម​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រឆាំង​អុ​ី​រ៉​ង់ ។ ជម្លោះ​ប្រពៃណី​រវាង​មហា​ប្រទេស​ទាំង​២​ក្នុង​តំបន់​ពិត​ណាស់​មានការ​រីក​ខ្លាំង​នៅ​ទីលាន​ស៊ី​រី ។ ក្រុង​តេ​ហេ​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​ដំបូង​ទី​នៃ​របប​ស៊ី​រី​ដោយ​ប្រទេស​ទាំង​២ ផ្សារ​ភ្ជាប់​គ្នា​តាម​រយៈ​កិច្ចព្រមព្រៀង​ការពារ​រួម​មួយ​កាលពី​ទស​វត្ស​ឆ្នាំ​១៩៩០ អាច​ឱ្យ​អុ​ី​រ៉​ង់​ទទួល​បាន​ទី​តាំ​ា​ង​មួយ​នៅ​មាត់សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ នេះ​ក៏​ជា​វិធី​ដែល​ឱ្យ​អុ​ី​រ៉​ង់​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ ដែល​ក្រុង​តេ​ហេ​រ៉​ង់​ផ្តល់​អាវុធ និង​ជួយ​ខាង​ហិរញ្ញវត្ថុ ។

ចំណែក​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ចង់ឱ្យ​លោក​អាសា​ដ ចាក​ចេញពី​អំណាច ហើយ​ចង់ឱ្យ​ស៊ី​រី​ដឹកនាំ​ដោយ​ពួក​ស៊ុន​នី​ត​មាន​ភាគច្រើន ។ ចាប់តាំងពី​សង្គ្រាម​មក អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​យោធា​ដល់​ពួក​ប្រឆាំង ក្នុង​នោះ​រួម​ទាំង​បណ្តា​ក្រុម​ជី​ហា​ដ​ផង ។ ប្រទេស​នេះ​បាន​គៀងគរ​ប្រទេស​ប្រមាណ​ជា​៣០ ចាប់ពី​ម៉ា​រ៉ុ​ក ដល់​ម៉ា​ឡេ​ស៊ី ហើយ​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ជាមួយ​ប្រទេស​ទាំងនេះ​ជាមួយ​ទិស​ដៅ​ផ្លូវការ​រៀបចំ​អន្តរាគមន៍​យោធា​មួយ​នៅ​ស៊ី​រី ដែល​អាច​ធ្វើ​រួម​ជាមួយ​តួ​ក​គី ។ ទន្ទឹម​នឹង​នេះ បណ្តា​យន្តហោះ​ចម្បាំង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បាន​មក​ដល់​មូលដ្ឋាន​អាកាសចរណ៍​តួ​ក​គី INCIRLICK ។

សង្គ្រាម​ទី​៤ គឺ​អាច​ជា​សង្គ្រាម​រុ​ស្ស៊ី​ប្រឆាំង​តួ​ក​គី ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង បន្ទាប់​ពី​ក្រុង​អង់កា​រ៉ា​បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី​មួយ​គ្រឿង កាលពី​ខែវិច្ឆិកា ។ ការ​ប្រកាន់​ជំហរ​រឹង​ដូច​គ្នា​កើត​មាន​រវាង​លោកពូ​ទី​ន និង​លោក​អ័​រ​ដូ​ហ្គា​ន ។ ទិស​ដៅ​នយោបាយ​របស់​អ្នក​ទាំង​២ គឺ​ផ្ទុយ​គ្នា​ស្រឡះ​លើ​បញ្ហា​ស៊ី​រី ពិសេស​លើ​វាសនា​របស់​លោក​អាសា​ដ ។ ថ្ងៃ​ទី​១៣ កុម្ភៈ ក្រុង​មូ​ស្គូ បាន​បញ្ជូន​នាវា​បាញ់​មី​ស៊ី​ល​មួយ​មក​កាន់​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ បន្ទាប់​ពី​រៀបចំ​ធ្វើ​សមយុទ្ធ​ធំ​ៗ​នៅ​សមុទ្រ​ខ្មៅ សមុទ្រ​កា​ស្ពី​យែ​ន និង​ភាគ​ខាងត្បូង​រុ​ស្ស៊ី ។ តាម​ពួក​អ្នក​សង្កេតការណ៍​ថា ក្រុង​មូ​ស្គូ​ចង់​បង្ហាញ​សាច់ដុំ​ចំពោះ​តួ​ក​គី ដែល​ហាក់​ពុំ​បារម្ភ ហើយ​បន្ត​បាញ់កាំភ្លើង​ធំ​ដាក់​ពួក​ឃើ​ត​ស៊ី​រី ដែល​ពុំ​ត្រឹម​ទទួល​ការ​ទ្រទ្រង់​ដោយ​សហព័ន្ធ​អា​េ​ម​រិ​ក តែ​ដោយ​រុ​ស្ស៊ី​ផង​ដែរ ៕