អង្គរ​សង្ក្រាន្ត​ក្រុង​ពាលី​នៅ​សៀមរាប​ថ្ងៃ​អាទិត្យ​នេះ


អង្គរ​សង្ក្រាន្ត​ក្រុង​ពាលី​នៅ​សៀមរាប​ថ្ងៃ​អាទិត្យ​នេះ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) នឹង​រៀប​ចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សម្រាប់​ពិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៦ នៅ​លាន​ជល់​ដំរី នៃ​បរិវេណ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប ថ្ងៃ​អាទិត្យ​ទី ២១ ខែ​កុម្ភៈ ខាងមុខ។

 

លោក សោម រតនា ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​សាធារណៈ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ​បាន​ប្រាប់​ Sabay ថា ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បួងសួង​ម្ចាស់​ទឹក​​ម្ចាស់​ដី ទសបារមី ដើម្បី​សុំ​សេចក្ដី​សុខ​សម្រាប់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៦ ខាង​មុខ​នេះ ដោយ​ពិធី​បួង​សួង​នេះ​រួមមាន៖ ពិធី​ថ្វាយ​គ្រឿង​សក្ការ​ទិស​ទាំង​ ១០ ពិធី​ថ្វាយ​គ្រឿង​សក្ការ​ទិស​ធំ ពិធី​ប្រកាស​ឧទ្ទិស​បួងសួង និង ពិធី​ប្រគំ​តន្រ្តី​ថ្វាយ​ទសបារមី។

 

នៅ​ពេល​សួរ​ថា តើ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ នឹង​មាន​កម្មវិធី​ដូច ឬ ពិសេស​ជាង​ឆ្នាំ​មុន​ដែរ​ទេ? លោក សោម រតនា បាន​បដិសេធ​មិន​ធ្វើ​ការ​ឆ្លើយ​តប​ ដោយ​ស្នើ​ឲ្យ​​រង់ចាំ​ការ​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ២០១៦ ខាង​មុខ​នេះ។ “ខ្ញុំ​មិន​អាច​ជម្រាប​ឥឡូវ​បាន​ទេ ចាំ​សន្និសីទ​កាសែត​ឆាប់​ៗ​នេះ”។

 

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​រៀប​ចំ​ ៣​ឆ្នាំ ​កន្លង​មក​ហើយ ដែល​បាន​ស្រូប​យក​ភ្ញៀវ​ជាតិ និង អន្តរជាតិ​​ជាច្រើន ទៅ​កម្សាន្ត​សប្បាយ​នៅ​ខេត្ត​សៀមរាប ជា​ទី​សម្បូរ​ប្រាង្គ​ប្រាសាទ ហើយ​ពិភពលោក​ស្គាល់​ច្បាស់​ជាង​គេ ​គឺ​ប្រាសាទ​អង្គរវត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ទន្ទឹម​នឹង​នេះ អង្គរ​សង្ក្រាន្ត​បាន​បំបែក​កំណត់​ត្រា​ពិភព​លោក (Guinness​ World​ Record)​ តាម​រយៈ​ធ្វើ​អន្សម​យក្ស និង ការ​រាំ​ក្បាច់​ម៉ាឌីហ្សុន កាល​ពី​ឆ្នាំ​មុន។

 

អង្គរ​សង្ក្រាន្ត​ក្រុង​ពាលី​នៅ​សៀមរាប​ថ្ងៃ​អាទិត្យ​នេះ

អន្សម​យក្ស​ខ្មែរ​ ដែល​បាន​ចូល​ក្នុង​​​កំណត់​ត្រា​ពិភព​លោក (Guinness​ World​ Record)​ កាល​ពី​ឆ្នាំ ២០១៥

អង្គរ​សង្ក្រាន្ត​ក្រុង​ពាលី​នៅ​សៀមរាប​ថ្ងៃ​អាទិត្យ​នេះ

ក្បាច់​រាំ​ម៉ាឌីហ្សុន ដែល​មាន​អ្នក​រាំ ២០១៥ នាក់ ដោយ​​​បាន​ជាប់​​​ក្នុង​​​កំណត់​ត្រា​ពិភព​លោក (Guinness​ World​ Record)​ កាល​ពី​ឆ្នាំ ២០១៥។

 

 

ចុះ​ឆ្នាំ​ទី ៤នេះ តើ​អង្គរ​សង្ក្រាន្ត​នឹង​នាំ​យក​អ្វី​ដើម្បី​បំបែក​កំណត់​ត្រា​ពិភព​លោក​ទៀត​?

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា