ថៃ​ជាប់​ជា​ប្រទេស​ដែល​មាន​អត្រា​ស្លាប់​ដោយ​ផ្ទុះ​អាវុធ​ច្រើន​ជាង​គេ​នៅ​អាស៊ី

ប្រទេសថៃបានជាប់ជាប្រទេសមាន អត្រាស្លាប់ពាក់ព័ន្ធការផ្ទុះអាវុធ ច្រើនបំផុត ក្នុងចំណោមប្រទេសទាំង១០ នៅអាស៊ី។នេះបើយោងតាម ទិន្នន័យចុងក្រោយពី សាកលវិទ្យាល័យ Washington។

ប្រទេស ជាប់ព្រំដែនកម្ពុជាមួយនេះ មានអត្រាស្លាប់ច្រើនជាងប្រទេសហ្វីលីពីន ដែលមានជាប់ចំណាត់ថ្នាក់លេខពីរ ដល់ទៅ៥០ភាគរយ។

យោងតាមរបាយការណ៍ ពីក្រសួងមហាផ្ទៃថៃ មនុស្សជាមធ្យមម្នាក់ក្នុងចំណោម១០នាក់ ក្នុងប្រទេសថៃមានកាំភ្លើង ក្នុងដៃ។ ក្នុងនោះមាន កាំភ្លើងច្រើន ជាង៦លានដើមត្រូវបានចុះបញ្ជី ខណៈចំនួនប្រជាជនសរុបមានចំនួន ៦៧លាននាក់។

ទោះយ៉ាងណាទិន្នន័យពី gunpolicy.org របស់សាលាសុខភាពសាធារណ ទីក្រុងស៊ីដនី បានបង្ហាញថាបើរាប់ទាំង កាំភ្លើងនាំចូលខុសច្បាប់ទៀត ចំនួនកើនឡើងដល់ជិត ១០លានដើម។

នៅឆ្នាំ២០១៣ អត្រាអ្នកស្លាប់ដោយការផ្ទុះអាវុធ ក្នុងប្រទេសថៃ មានចំនួន ៧,៤៨ ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ ដែលខ្ពស់ជាងពីរដង បើប្រៀបធៀប នឹងករណីនៅសហរដ្ឋអាមេរិក។ ប៉ូលិសថៃបាននិយាយថា ករណីភាគច្រើនគឺជាករណីប្លន់ បទឧក្រិដ្ឋដោយកំហឹង និងបទល្មើសដោយការគ្រោងទុក។ ការប្រើកាំភ្លើងដើម្ បីការពារខ្លួនក៏មាន ចំណែកក្នុងចំនួននេះដែរ ប៉ុន្តែមិនត្រូវបានចាត់ទុកជា បទឧក្រិដ្ឋឡើយក្នុងប្រទេសថៃ។

ការមានកាំភ្លើងផ្ទាល់ខ្លួនត្រូវ បានចាត់ជារឿងស្របច្បាប់នៅប្រទេស ថៃតាំងពីឆ្នាំ១៩៤៧ ដោយច្បាប់បានបញ្ជាក់ថាប័ណ្ណ បញ្ជាក់កម្មសិទ្ធិ អាចចេញជូនសាធារណជន បានសម្រាប់មូលហេតុការពារ សន្តិសុខផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ កីឡា និងការបរបាញ់ ៕

ថៃ​ជាប់​ជា​ប្រទេស​ដែល​មាន​អត្រា​ស្លាប់​ដោយ​ផ្ទុះ​អាវុធ​ច្រើន​ជាង​គេ​នៅ​អាស៊ី

ដោយ៖sabay