គួរពិនិត្យមើល​ករណី​ក្រុមហ៊ុន​ជួល​ដី​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ទៅ​ឲ្យ​យួន​

​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចូលរួម​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ នៅ​ខេត្តកណ្ដាល​ថា «​ករណី​ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេសជិតខាង​នោះ អាច​បង្ក​ផល​លំបាកទៅ​ថ្ងៃក្រោយ​ទាំង​រដ្ឋាភិបាល​និង​មនុស្ស​ជំនាន់​ក្រោយ​។ ហេតុនេះ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ទប់​ស្កាត់​ករណីនេះ​មិន​ឲ្យ​កើតមាន​ជាដាច់ខាត​»​។ លើស​នេះ​ទៅទៀត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្តកណ្ដាល ត្រូវ​ពង្រឹង​ការអនុវត្ត​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​និង​បង្កើន​ការចាត់វិធានការ​ហាម​ប្រាម​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ជួល​ដី លក់​ដីធ្លី​ស្រែចម្ការ ឬ​លំនៅដ្ឋាន​របស់ខ្លួន​នៅតាម​តំបន់​ព្រំដែន​ទៅ​ឲ្យ​ប្រជាជន​ប្រទេស​ជាប់​ព្រំដែន​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះដែរ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​កិច្ចការ​ព្រំដែន ពិនិត្យឡើងវិញ​អំពី​ករណី​ក្រុមហ៊ុន​មួយចំនួន​ជួល​ដី​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ឲ្យ​ជនជាតិ​យួន​ដាំ​អំពៅ ដំឡូង​មី និង​ដំណាំ​ផ្សេងៗ​នោះ​ជាបន្ទាន់​។ ដោយហេតុថា តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ជាពិសេស​នៅ​ភូមិ​ជើង ឃុំ​ជាំ ភាគី​យួន​នៅតែ​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន ហើយ​បំផ្លាញ​ផលដំណាំ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​តំបន់​ព្រំដែន​យ៉ាង​កំរោល​ទៀតផង​។ ជាងនេះទៅទៀត​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ទាហាន​យួន​តែងតែ​បំពាន​ចូលមកក្នុង​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់ ហើយ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើស្រែ​ចម្ការ​លើដី​កេរ​ដូនតា​របស់ខ្លួន​តាម​ព្រំដែន​ទៀតផង​។

ជុំវិញ​បញ្ហា​ទឹកដី​តាម​ព្រំដែន​នេះដែរ ថ្មីៗ​នេះ​មាន​សេចក្ដីរាយការណ៍​រឿង​ភាគី​យួន​បំពាន​លើទឹក​ដី​ខ្មែរ​តាម​ព្រំដែន​ក្នុងស្រុក​រំដួល និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​បើទោះបី​តំបន់​ខ្លះ​មានការ​បោះបង្គោល​ព្រំដែន​គោក​រួចរាល់​យ៉ាងណាក៏ដោយ​។ ដូច្នេះ​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​កម្ពុជា គួរ​ពិនិត្យឡើងវិញ​ចំពោះ​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន ទន្ទឹមនឹង​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ជួល​ដីស្រែ​ចម្ការ​របស់ខ្លួន​ឲ្យ​ប្រជាជន​ប្រទេសជិតខាង​តទៅទៀត​។ សកម្មជន​ព្រំដែន​ក៏បាន​លើកឡើង​ដែរ​ថា យួន​នៅតែមាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ដូចជា តំបន់​ដាក់​ដាំ ដាក់​ហ៊ូ​ត ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ជាដើម ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា គួរ​មាន​វិធានការ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ប្រកបដោយ​ប្រសិទ្ធភាព​៕

យួនចូលឃុំត្នោត khada0016