លួច​រថយន្ត​ពី​សៀមរាប មក​អស់លក្ខណ៍​នៅ​ខណ្ឌចំការមន​

Doliprane TVC

​កម្លាំង​នគរបាល​ខណ្ឌចំការមន បានធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់ ក្រោយពី​រូបគេ បានធ្វើ​សកម្ម ភាព​លួច​យក​រថយន្ត​ម៉ាក NISSAN NAVARA មួយគ្រឿង​ពី​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ១០ ខែកុម្ភៈ កន្លងមកនេះ ហើយ​យកមក​ជិះ​នៅតាម​ផ្លូវ ក៏ត្រូវ​ម្ចាស់​តាមរក​ឃើញ និង ស្រែក​ឱ្យកម្លាំង​មាន​សម្ថ​កិច្ច​តាម​ជួយ​ស្ទាក់ចាប់​រហូត​ឈានទៅដល់​ការផ្ទុះអាវុធ​មួយ​គ្រាប់​ផង​នោះ ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នៅខាងមុខ​ផ្ទះមួយ​កន្លែង នៅ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

លួច​រថយន្ត​ពី​សៀមរាប មក​អស់លក្ខណ៍​នៅ​ខណ្ឌចំការមន​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល បាន​ប្រាប់​ឱ្យដឹងថា​បុរស​ជា​ជនសង្ស័យ មានឈ្មោះ ស៊ឹម សារុន អាយុ ៤៦ ឆ្នាំ មុខ​បរជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុង ភូមិ​លេខ​១ ឃុំ​គង​ជ័យ ស្រុក​អ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ឃាត់ខ្លួន​នៅពេលដែល​ម្ចាស់​តាមរក​ឃើញ កំពុងតែ​បើករថយន្ត​នៅតាម​ផ្លូវ ហើយ​ស្រែក​ឱ្យកម្លាំង​មាន​សម្ថ​កិច្ច​ដេញតាម​ទាន់ ។

ជនរងគ្រោះ​មានឈ្មោះ សុខ គឹម​សុង អាយុ ៦៧ ឆ្នាំមាន​ទីលំនៅ​ក្នុង ភូមិស្រ​យូ​ង ឃុំ​ស្រ​យូ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវបាន​បុរស​ជា​ជនសង្ស័យ​ខាងលើ ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក NISSAN NAVARA ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-៧៥២៣ មួយគ្រឿង​កាលពី​ថ្ងៃទី ១០ ខែកុម្ភៈ កន្លងមកនេះ នៅពេលដែល​បុរស​ជា​ម្ចាស់​ជិះ​យកទៅ​ចត​ទុក​នៅខាងមុខ​កន្លែង​លក់​គ្រឿងបន្លាស់​រថយន្ត​មួយគ្រឿង​នៅឯ​ខេត្តសៀមរាប ។

លួច​រថយន្ត​ពី​សៀមរាប មក​អស់លក្ខណ៍​នៅ​ខណ្ឌចំការមន​

តាម​ប្រភព​ដដែល បាន​ប្រាប់​បន្តទៀតថា​មុនពេល​កើតហេតុ​បុរស​ជា​ម្ចាស់ បាន​កំពុងតែ​ជិះ​ម៉ូតូ​តាមផ្លូវ​ពីរ​នាក់ និង ក្មួយប្រុស​ម្នាក់​នៅ​ម្តុំ​ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក៏បាន​ប្រទះឃើញ​រថយន្ត​របស់ខ្លួន​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ក៏បាន​ហៅ​ឱ្យ​ឈប់​តែ​មិន​ព្រម​ឈប់​ឡើយ ។

ភ្លាមនោះ​រូបគាត់ និង ក្មួយប្រុស​ម្នាក់​នោះ បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម និង ស្រែក​ឆោឡោឡើង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទៅដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន ធ្វើការ​ដេញតាម​រហូត​ទៅដល់​មានការ​ផ្ទុះអាវុធ​មួយ​គ្រាប់ ទើប​ឈានទៅដល់​ការឃាត់ខ្លួន​បាន ក្រោយពី​បាន​ចត​រថយន្ត​ទុកចោល​ហើយ​រត់​ចូលទៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ។

ក្រោយពេល​កើតហេតុ បុរស​ជា​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ចំណែកឯ​រថយន្ត ត្រូវបាន​ប្រគល់ជូន​ដល់​បុរស​ជា​ម្ចាស់​វិញ​ផងដែរ ៕ ភី ផល