ស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយ គោលការណ៍ ណែនាំ អនុវត្តការវាស់ គំហើញសិស្ស នៅតាមសាលារៀន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួង សុខាភិបាល  និងអង្គការដៃគូ ផ្សព្វផ្សាយ ពីគោលការណ៍ ណែនាំអនុវត្ត ស្តីពីការវាស់គំហើញ សិស្សនៅតាមសាលារៀន ដើម្បីពង្រឹងសេវាសុខភាព និងពង្រឹងធនធានមនុស្ស សំដៅអភិវឌ្ឍកុមារ ឲ្យកាន់តែមានលក្ខណៈ សម្បត្តិវិជ្ជមាន  រួមចំណែក អភិវឌ្ឍគ្រួសារ សង្គមជាតិ និង ពិភពលោក។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុជននិងកីឡា បានថ្លែងនៅក្នុងសិក្ខា សាលាផ្សព្វផ្សាយគោលការណ៍ ណែនាំអនុវត្ត ស្តីពីការវាស់គំហើញ សិស្សនៅតាមសាលារៀន ដែលបានធ្វើនៅ ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៦នៅសណ្ឋាគារ អ៊ីមភើរៀថា  “រាជរដ្ឋាភិបាលមាន ចក្ខុវិស័យរយៈពេលវែង ដោយប្រមូល ផ្តុំកម្លាំងគ្រប់មជ្ឈដ្ឋាន នៅក្នុងសង្គមជាតិ  សំដៅរួមចំណែក អភិឌ្ឍធនធាន មនុស្សនៅកម្ពុជា ដោយផ្តើមពីកុមារ នៅតាមសាលារៀន និងផ្តល់ឱកាសឲ្យ ពួកគេអភិវឌ្ឍខ្លួន លើការអប់រំ ការងារសុខភាព និងការធ្វើសេចក្តីសំរេចចិត្ត”។

លោករដ្ឋមន្រ្តីបន្តថា ដើម្បីសម្រេចចក្ខុវិស័យនេះ ចាំបាច់ត្រូវមាន ការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានបុគ្គលិកលក្ខណៈ ពេញលេញលើផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និងបំណិត ដើម្បីឲ្យពួកគេក្លាយទៅជា ពលរដ្ឋល្អក្នុងសង្គម ស្របតាមសរសរស្តម្ភទាំង៤ របស់វិស័យអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីឲ្យក្លាយជាពលរដ្ឋល្អ និងរៀន ដើម្បីរួមរស់ជាមួយគ្នា។ លើសពីនេះទាមទារឲ្យមានការសម្របសម្រួល និងការចូលរួមសហការយ៉ាងសកម្មដោយការទទួលខុសត្រូវវរវាងក្រសួងអប់រំយុវជននិងកីឡា ជាមួយក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ដៃគូអភិវឌ្ឍ និងអង្គកានានាដែលធ្វើការលើវិស័យនេះ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “កន្លងមកយើងបានបញ្រ្ជាបចំណេះដឹងទៅក្នុងកម្មវិធីសិក្សាដែលមានស្រាប់ដូចជា ការលាងសម្អាតដៃ ដុសសម្អាតធ្មេញ បរិភោគចំណីអាហារ មានសុវត្ថិភាព និងបានធ្វើការអប់រំពីសុខភាពភ្នែក ដល់សិស្សនៅតាម សាលាបឋមសិក្សា នៅតាមខេត្តគោលដៅមួយចំនួនផងដែរ”។ កម្មវិធីសុខភាពសិក្សា សុខភាពភ្នែក និងគំហើញសម្រាប់សិស្សានុសិស្ស ត្រូវបានវវាយតម្លៃខ្ពស់ថា រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពនិងទទួលបានជោគជ័យក្នុងការសិក្សា ធ្វើឲ្យគុណភាពជីវិតមានភាពប្រសើរ។

លោកហង់ ជួនណារ៉ុន បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ប្រសិនបើរកឃើញថា កូនឬសិស្សានុសិស្ស មានបញ្ហាគំហើញខ្សោយ ឬភ្នែកមានបញ្ហា ត្រូវទៅពិនិត្យ និងទទួលយកសេវាសុខភាពភ្នែក ឲ្យបានទាន់ពេលវេលា ព្រោះសេវាកម្មនេះ មិនត្រូវបានបង់ប្រាក់នោះទេ៕

ស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយ គោលការណ៍ ណែនាំ អនុវត្តការវាស់ គំហើញសិស្ស នៅតាមសាលារៀន

ស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយ គោលការណ៍ ណែនាំ អនុវត្តការវាស់ គំហើញសិស្ស នៅតាមសាលារៀន