ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ប៉ៃលិន ៖ ​បុរស​​ម្ចាស់​ផ្ទះ​ម្នាក់​​​​បើក​​សង្វៀន​បញ្ជល់​មាន់​​​​​​ ត្រូវ​​នគរ​បាល​ស្រុក​សាលា​ក្រៅ​ ចាប់​​ឃាត់​​ខ្លួន​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​ ​​​​​កាល​ពី​វេលា​ម៉ោង​៤​និង​៣០នាទី​រសៀល​ថ្ងៃទី​១៨ កុម្ភៈ ស្ថិត​នៅ​ខាងក្រោយ​ផ្សាយ​ឃៀ ​ក្នុង​ភូមិ​អូរ​ដូន​តា​ក្រោម ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។​

​​លោក​ ​ញឹក​ ថុល អធិការ​នគរ​បាល​ស្រុក​សាលាក្រៅ​ បាន​ឱ្យ​ដឹ​ង​ថា ​ជន​សង្ស័យ​​​​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​ខាង​លើ​ឈ្មោះ ​យ៉ាន សាក់ ​អាយុ​៣៧​ឆ្នាំ ​រស់​នៅ​​ភូមិ​ឃុំ​ខាង​លើ ​បាន​បើក​​លេងល្បែង​​​ស៊ី​សង​បញ្ជល់មាន់​​នៅ​ទី​តាំង​ខាង​លើ​ជា​មួយ​មកហើយ ​​​​។​

​លោក​អធិការ​​បាន​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​​ចុះ​បង្ក្រាប​​​សង្វៀន​បញ្ជល់​មាន់​ខាង​លើ សមត្ថកិច្ច​​រឹប​អូស​​​​​បាន​មាន់​​​គក​ចំនួន​១៥​ក្បាល​ ស៊ុម​ក្រុង​មាន់​១៥ ​​។ ចំណែក​​អ្នក​ចូល​ទៅ​​​លេង​​ គ្រាន់​តែ​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​​បាន​​​នាំ​គ្នា​រត់​​​​បាត​ជើង​ស​ព្រាត​គេច​ខ្លួន​បាត់​អស់ ។​ ​លោក​បាន​បន្ត​ថា ​​លោក​​​​​​ក៏​​​ហៅ​​មេប៉ុស្តិ៍​​មក​​​ណែនាំ ​និង​ឱ្យ​តាម​ដាន​មើល​សកម្មភាព​​បទ​ល្មើស​ផ្សេង​ៗ ដើម្បី​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មានសុវត្ថិភាព​​​ទាំង​៩​ចំណុច ។​

ការ​ចុះ​បង្ក្រាប​​នេះ ដឹក​នាំ​ដោយ​​លោក ជុំ សែន​សទ្ធា ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​​ច្បាស់​ការណ៍​ពី​ភ្នាក់​ងារ​សម្ងាត់ ។ ​ជន​សង្ស័យ​ដែល​ជា​ម្ចាស់ផ្ទះ​ខាង​លើ​​ សមត្ថកិច្ច​​​បាន​​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​​​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ នេះ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

ចំណែក​ម្ចាស់ផ្ទះ​​ដែល​សមត្ថកិច្ច​ឃាត់​​ខ្លួន​បាន​និយាយ​ថា ​រូប​គេ​មិន​បាន​បើក​សង្វៀន​បញ្ជល់​មាន់​​ទេ ​​ដោយ​គ្រាន់​តែ​​​បើក​​​ជល់​​លេង​ប៉ុណ្ណោះ ​មិន​មាន​ដាក់​លុយ​ទេ ​​​ស្រាប់​តែ​សមត្ថកិច្ច​​ចុះ​​​បង្ក្រាប​តែ​ម្តង ​​​ហើយ​​មាន់​ជល់​ទាំង​​អស់​ខាង​លើ​ គាត់​ចិញ្ចឹម​ទុក​លក់​ទេ ​។​

ជន​សង្ស័យ​ខាង​លើ​ ត្រូវ​​សមត្ថកិច្ច​​ដាក់​ខ្នោះ និង​ឃុំ​ខ្លួន​​​អស់​១យប់​នៅ​ក្នុង​អធិ​ការដ្ឋាន​នគរ​បាល​ស្រុក ដោយ​​ឱ្យ​​​​ផាក​ពិន័យ​ចំនួន​៥០០​ដុល្លារ ។ ​ចំណែក​​មាន់​​ទាំង​១៥​ក្បាល​​និងសម្ភារ​មួយ​ចំនួន​​ត្រូវ​សមត្ថកិច្ច​​បញ្ជូន​ទៅ​​​រក្សា​ទុក​​នៅ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៕