ជំនឿប្រពៃណី ជនជាតិព្នង តឹងតែងពេក សត្វដំរីអាចឈាន ទៅរកការផុតពូជ

មណ្ឌលគិរីៈ សត្វដំរីស្រុក របស់បងប្អូនជនជាតិព្នង ចិញ្ចឹមនៅមណ្ឌលគិរី អាចឈានទៅរក ដំណាក់កាលស្លាប់ ដាច់ពូជអស់ គ្រាដែលប្រពៃណីមួយនេះ បានធ្វើការហាមប្រាម យ៉ាងតឹងរ៉ឹងបំផុត ទៅលើការបង្កាត់ពូជ (ពាក់គ្នា) មិនឲ្យមានកូនឡើយ ដោយសារជំនឿប្រពៃណី របស់បងប្អូនព្នងជឿថា បើដំរីពាក់គ្នា ឬមានកូនចង្រៃ ដល់បងប្អូនអ្នកស្រុកអ្នកភូមិ។

លោក ទាន់ វន្នី ភេទប្រុស អាយុ31ឆ្នាំ ជនជាតិព្នងរស់ នៅភូមិពូតាំង សង្កាត់ រមនា ក្រុងសែនមនោរម្យ ជាមគ្គុទេសទេសចរណ៍ លោកប្រាប់ថា ក្នុងនាមលោកផ្ទាល់ ក៏ជាជនជាតិព្នងម្នាក់ដែរ សព្វថ្ងៃលោកកំពុងមានការព្រួយបារម្ភ លើបញ្ហានេះណាស់ ដោយសារបច្ចុប្បន្ននេះ ដំរីរបស់បងប្អូនជនជាតិព្នង នៅមណ្ឌលគិរី ចេះតែមានចំនួនតិចទៅៗ ពេលខាងមុខអាចឈាន ទៅរកការផុតពូជមិនខាន។

មគ្គុទេស ទេសចរណ៍រូបនោះ បានលើកឡើងថា មិនមែនរូបលោកជា ជនជាតិព្នងដែរ ហើយមិនជឿនូវប្រពៃណី ទំនៀមទំលាប់របស់ខ្លួននោះទេ តែការជឿជាក់ខ្លាំងពេក ធ្វើឱ្យសេដ្ឋកិច្ចមិនល្អប្រសើរនោះដែរ ជាពិសេសដូចជាបញ្ហ សត្វដំរី នេះជាដើម។ លោកបានបន្តថា ជាក់ស្តែងសព្វថ្ងៃនេះ បងប្អូនព្នងរស់នៅមណ្ឌលគិរី រស់នៅតាមបណ្តាស្រុកភូមិមួយចំនួន គឺពឹងផ្អែកទៅលើ របរចញ្ចឹមដំរី ធ្វើជាមធ្យោបាយយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀទេសចរ ក្នុងនិងក្រៅស្រុក ទៅកំសានព្រៃ ហើយនៅពេលប្រពៃណីរបស់ គាត់តឹងតែងពេកមិនឱ្យ សត្វដំរីមានកូនបែបនេះ គឺចំនួននេះ គឺចេះតែមានថយចុះទៅៗ បើគិតទូរលេខជាក់ស្តែង សព្វថ្ងៃនេះដំរីស្រុក របស់បងប្អូនជនជាតិ ព្នងមណ្ឌលគិរីមានត្រឹមតែ ៤៥ក្បាលប៉ុណ្ណោះ ដែលកាលពីមុនដំរី ស្រុកមានចំនួនច្រើន ជាងពេលនេះ។

លោកបានប្រាប់បន្ថែម ពីតំណមមួយចំនួនពាក់ពន្ធ និងការចញ្ចឹមដំរីរបស់ បងប្អូនព្នង តំណមមិនឱ្យដំរីដោយ ញីឈ្មោលក្នុងភូមិ បើដំរីទាំងនោះ ដោយញីឈ្មោលនៅក្នុងព្រៃ រហូតដល់មានកូនម្ចាស់ដំរីញី ត្រូវតែធ្វើ ការសែនព្រេន ជូនអ្នកស្រុកអ្នកភូមិ កុំឱ្យអ្នកស្រុកចោទប្រកាន់ ម្ចាស់ដំរីញីនេះ បានបង្កឱ្យមានគ្រោះចង្រៃផ្សេងៗ កើតមានដល់ពួកគេ ហើយការសែនព្រេននោះ គឺតម្រូវអោយម្ចាស់ដំរីញី កាប់គោចំនួន ២ក្បាល ក្របីចំនួន ២ក្បាល និងកាប់ជ្រូកចាប់ពី ១០ទៅ ២០ក្បាល។

ដោយឡែក បើដំរីដោយឈ្មោល ក្នុងភូមិវិញម្ចាស់ដំរីទាំងឈ្មោល ញី ត្រូវបានអ្នកស្រុកបង្គាប់ ឱ្យធ្វើការសែន ព្រេនជាពិធីយ៉ាងធំទៀតផង។ មានបញ្ហាយ៉ាងស្មុគស្មាញ បែបនេះហើយរូបលោកចេះ តែមានការព្រួយបារម្ភ ពីការបាត់បង់សត្វដំរី តែទោះជាយ៉ាងណាក្តី រូបលោកនៅតែ ធ្វើការព្យាយាម ណែនាំដល់ពួកគាត់ឱ្យ បានយល់ពីបញ្ហាប្រឈមនេះ តាមរយៈ ការធ្វើបទបង្ហាញល្អៗ ដល់ពួកគាត់ឱ្យបានយល់ ដើម្បីអោយសត្វដំរី មានការកើតកូនកើតចៅ សម្រាប់ក្មេងជំនាន់ក្រោយធ្វើការ អភិរ័ក្សបន្តថែរក្សាសត្វដំរី សម្រាប់ជាយានជំនិះ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ រកកម្រៃមកផ្គត់ផ្គង់ ជីវភាពក្នុងគ្រួសារ។

ចុងក្រោយ លោក វន្នី បានប្រាប់ថារាល់ការផ្តល់ ចំណីអាហារសម្រាប់សត្វដំរី (ប្រភេទរុក្ខជាតិគ្រប់មុខ)មួយក្បាលក្នុងមួយថ្ងៃចាប់ពី ២០០គីឡូ ទៅ ៣០០គីឡូក្រាម។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តបានលើកឡើងថា យើងត្រូវរួមគ្នា រកវិធីសាស្រ្តណាល្អៗ ធ្វើការ ណែនាំដល់បងប្អូនជនជាតិ អោយគាត់បានយល់ពីបញ្ហានេះ អោយដំរីរបស់គាត់មាន កូនដូចប្រទេសជិខាងយើង។

លោក កែវ សុភគ៌ អនុប្រធានព្រៃ ការពារមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ចំពោះការតំណម ជំនឿប្រពៃណី របស់បងប្អូនជនជាតិព្នងនៅ ខេត្តមណ្ឌលគិរី ក្នុងការចិញ្ចឹមដំរីនេះ គឺមានការជឿទំនៀមទំលាប់ នេះវាអាចហួសហេតុពេកហើយ ចឹងដំរីរបស់ពួកគាត់មិន អាចលើសពី ១០ឆ្នាំទៀតឡើយ វានិងផុតពូជ។

លោកបន្តថា ជនជាតិព្នងដូចគ្នា ដែលកំពុងរស់នៅប្រទេសវៀតណាម គេកំពុងខិតខំធ្វើការបង្កាត់ពូជ ដំរី ឱ្យមានកូនបានច្រើន ព្រោះដំរីចាប់ពីរយៈពេល មានកូនវាពពោះរហូតដល់ទៅ ១៨ខែ ទើបកើតកូន៕

ជំនឿប្រពៃណី ជនជាតិព្នង តឹងតែងពេក សត្វដំរីអាចឈាន ទៅរកការផុតពូជ

ជំនឿប្រពៃណី ជនជាតិព្នង តឹងតែងពេក សត្វដំរីអាចឈាន ទៅរកការផុតពូជ

ជំនឿប្រពៃណី ជនជាតិព្នង តឹងតែងពេក សត្វដំរីអាចឈាន ទៅរកការផុតពូជ

ជំនឿប្រពៃណី ជនជាតិព្នង តឹងតែងពេក សត្វដំរីអាចឈាន ទៅរកការផុតពូជ