ក្រុមអ្នកឯកទេស បង្ហាញថា កំហុសកំណុំរូបភាព គឺជាមូលហេតុចម្បង ដែលបណ្តាលឲ្យគំហើញ ចុះខ្សោយ

ភ្នំពេញ៖ មន្រ្តីបច្ចេកទេស សុខាភិបាល នៃក្រសួងសុខាភិបាល កម្ពុជា បានបង្ហាញឲ្យដឹងថា នៅទូទាំងពិភពលោក អ្នកឯកទេសភ្នែក បានរកឃើញថា កំហុសកំណុំរូបភាព គឺជាមូលហេតុចម្បង ដែលបណ្តាល ឲ្យគំហើញចុះខ្សោយ ចំពោះកុមារ ដែលមានអាយុចាប់ពី ៥ឆ្នាំដល់១៥ឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស សុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងនៅ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តាមការសិក្សាជាច្រើន នៅលើបញ្ហាកំហុសកំណុំ រូបភាព ចំពោះកុមារនៅតាម សាលារៀនបង្ហាញថា ភ្នែកមីញ៉ូប (ប្រភេទផ្នែកមើលជិតច្បាស់ មើលឆ្ងាយមិនច្បាស់) ជាមូលហេតុចម្បង ដែលនាំឲ្យមានបញ្ហា គំហើញចុះខ្សោយ។

លោកស្រី វេជ្ជបណ្ឌិតបន្តថា របកគំហើញតាមការស្រាវជ្រាវ របស់កម្មវិធីជាតិ សុខភាពភ្នែក នៃក្រសួងសុខភិបាល ដែលចេញផ្សាយជា អន្តរជាតិ ក្នុងឆ្នាំ២០១០ បានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា អត្រាប្រេវ៉ាឡង់ នៃកុមារដែលមានបញ្ហា កំហុសកំណុំរូបភាព មានចំនួន ១៣,៧ភាគរយ នៅទីក្រុង និង ២,៨ភាគរយ នៅទីជនបទ ហើយមានការសន្និដ្ឋាន បន្ថែមថា អត្រានេះអាចនឹង មានចំនួនកើនឡើង នាពេលបច្ចុប្បន្ន ដោយសារការប្រើប្រាស់ នៃប្រព័ន្ធទូរស័ព្ទ ទំនើប Tablet IPad លេងហ្គេម និងការប្រើប្រាស់កុំព្យូទ័រ ជាច្រើនម៉ោង ដែលជាមូលហេតុ ចម្បងមួយអាចធ្វើឲ្យ ភ្នែកវិវឌ្ឍន៍ទៅរកភ្នែកមីញ៉ូប។

លោកស្រីបន្តទៀតថា ផលវិបាកធ្ងន់ធ្ងរ មួយរបស់បញ្ហាកំហុស កំណុំរូបភាព នៃកុមារភាព គឺការវិវឌ្ឍន៍ទៅរកជំងឺភ្នែកខ្ជិល (Lazy Eye) ជាប្រភេទភ្នែក ដែលមិនអាចមើល ឃើញឆ្ងាយបានច្បាស់ អស់មួយជីវិតទោះបីបានកែតម្រូវ និងព្យាបាល ដោយវ៉ែនតាក៏ដោយ។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ក្រៅពីនេះបញ្ហាគំហើញ ថយចុះធ្ងន់ធ្ងរក្នុង កុមារភាព បើពុំបានដោះស្រាយទាន់ ពេលវេលាអាចបង្ករ ឲ្យមានផលវិបាកជាច្រើន ដូចជា៖ ប៉ះពាល់ដល់ការសិក្សា (ពិសេសកុមារ) , ឱកាសការងារតិច , ប៉ះពាល់សេដ្ឋកិច្ចសង្គម , អ្នកបាត់បង់គំហើញ មានភាពឯការ មិនអាចចូលរួមក្នុង សកម្មភាពសង្គម និងជម្រុញឲ្យមាន បញ្ហាសុខភាពផ្សេងៗជាដើម៕

ក្រុមអ្នកឯកទេស បង្ហាញថា កំហុសកំណុំរូបភាព គឺជាមូលហេតុចម្បង ដែលបណ្តាលឲ្យគំហើញ ចុះខ្សោយ

ក្រុមអ្នកឯកទេស បង្ហាញថា កំហុសកំណុំរូបភាព គឺជាមូលហេតុចម្បង ដែលបណ្តាលឲ្យគំហើញ ចុះខ្សោយ