ជនសង្ស័យ ចាប់ជំរិត ក្មួយប្រុស មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម ប្រឈមជាប់ ពន្ធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ

កណ្ដាល: ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាព ចាប់ជំរិតក្មេងប្រុសអាយុ១០ឆ្នាំ ត្រូវជាក្មួយរបស់ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម ត្រូវបានចៅក្រម ស៊ើបសួរសាលាដំបូង ខេត្តកណ្ដាល សម្រេចកាលពីរ សៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើប អង្កេតបន្តទៀត ។

មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យរូបនេះ ត្រូវបានលោកព្រះរាជអាជ្ញារង ទេព មុនិន្ទ ចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថាន ទម្ងន់ទោស តាមមាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ ។  បទល្មើសនេះ កំណត់ការផ្តន្ទា ទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ ។

ជនសង្ស័យរូបនេះឈ្មោះ សួស រ៉ាណូ អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិសង្វរ ឃុំកពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាលត្រូវបានកម្លាំងអាវុធ ហត្ថខេត្តកណ្តាល សហការជាមួយ កម្លាំងអាវុធហត្ថ ជំនាញលើផ្ទៃប្រទេស អាវុធហត្ថខេត្ត កំពង់ចាម អាវុធហត្ថខេត្តតាកែវ និងនគរបាលប៉ុស្តិ៍ ព្រែកកំពិសខណ្ឌដង្កោ ឃាត់ខ្លួន កាលរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចវាលស្រែ មុខការ៉ាសាំងPTT ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ក្រោយចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានដកហូតយក វត្ថុតាងរួមមាន ម៉ូតូ C125ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF4254 ប្រាក់42500រៀល ហើយលុយ២លានរៀល របស់ឪពុកម្តាយជន រងគ្រោះបានបាត់ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានជំរិតទារប្រាក់ពីឪពុកក្មេងប្រុសជនរងគ្រោះ បានចំនួន២លានរៀល ម្តងរួចមកហើយ តែពុំបានធ្វើការដោះលែង ក្មេងប្រុសរងគ្រោះនោះទេ ។  ក្រោយមក ជនសង្ស័យបានជំរិត ទារប្រាក់២លានរៀល បន្ថែមទៀត ។  ប៉ុន្ដែលើកនេះ សមត្ថកិច្ចបានពង្រាយកម្លាំង តាមដងផ្លូវផ្ទះសេវាវេរប្រាក់វីង ចាប់តាំងពីស្រុកបាទី ខេត្តតាកែវ រហូតដល់ស្រុកកណ្ដាលស្ទឹង និង ក្រុងតាខ្មៅ និង តាមផ្លូវជាតិលេខ២ ខេត្តតាកែវ ក៏ជួបជនសង្ស័យនៅកន្លែងវេរប្រាក់វីង ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនតែម្ដង ៕

ជនសង្ស័យ ចាប់ជំរិត ក្មួយប្រុស មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម ប្រឈមជាប់ ពន្ធនាគារពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ