ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ គិត​មក​ដល់​ពេល​នេះ​​ ខេត្តពោធិ៍សាត់​មាន​វត្ត​ចំនួន​១៨៥​វត្ត ​​(មហានិកាយ​១៧៨​វត្ត​ ធម្មយុត្តិកនិកាយ​៧​វត្ត​) ​ព្រះសង្ឃ​១.៩២០​អង្គ​, ភិក្ខុ​៥៩៣​អង្គ​,​គណៈកម្មការ​៧៤០​នាក់​, ​អាចារ្យ​៥៥៥​នាក់​ ក្នុង​នោះ​បាន​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​តួនាទី​ភារកិច្ច​ និង​ក្រម​សីល​ធម៌​អាចារ្យ​ខ្មែរ​ចំនួន​២០០​នាក់​ ។​

នេះ​បើ​តាម​របាយការណ៍​របស់​លោក ​រុន សុភា​រិ​ន ​ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​ ក្នុង​ពិធី​បិទ​ការ​ផ្សព្វផ្សាយ​សង្ឃប្រកាស​នៃ​អនុ​ស​វច្ច​រៈមហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​២៤ ​ដែល​មន្ទីរ​​​បាន​រៀបចំ​ធ្វើ​នៅ​វត្ត​សូ​រិ​យា​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​១៨ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ​ក្រោម​អធិបតីភាព​លោក ​ម៉ៅ ធនិន​អភិបាល​​ខេត្ត​ និង​ព្រះសង្ឃ​កិច្ច​កោសល យ៉ែ​ម ហន ព្រះ​មេគណ​ខេត្ត​ ​និង​​មានការ​ចូលរួម​ពី​បរិស័ទ​អ៊ិ​ស្លា​ម​សាសនា គ្រឹ​ស្ត​សាសនា និង​គ្រប់​និកាយ​សាសនា​នៅ​ក្នុង​ខេត្ត​ផង​ដែរ ​។

​ការ​ប្រារ​ព្វ​ពិធី​នេះ​ឡើង​ដើម្បី​បូក​សរុប​ និង​​​ពិនិត្យ​​លទ្ធផល​នៃ​ការ​អនុវត្ត​សង្ឃប្រកាស​របស់​អនុ​ស​វច្ច​រៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ ដោយ​មាន​កិច្ច​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​លើ​ការងារ​វប្បធម៌ សាសនា ដើម្បី​ពង្រឹង​ការ​អនុវត្ត​​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង​ធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា​មានការ​រីក​ចម្រើន​​ស័​ក្កិ​ស​ម​ជាទី​គោរព​បូជា​របស់​ពុទ្ធបរិស័ទ​ និង​ពង្រឹងគុណភាព​ពុទ្ធិកសិក្សា​ដើម្បី​អភិ​វ​ឌ្ឍ​ធនធាន​បុព្វ​ជិត​ឲ្យ​កាន់តែ​មាន​សុ​ក្រិ​ត្យ​ភាព​និង​គុណភាព​ខ្ពស់​ ។

បទដ្ឋាន​ដែល​មាន​ស្រាប់​ស្រប​តាម​អនុសាសន៍​ណែនាំ​​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ជា​បន្តបន្ទាប់​កន្លង​មក ​រួម​មាន​​ ​ខិតខំ​ពង្រឹង​ការ​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​មាន​ស្រាប់​ ពង្រឹង​និង​ពង្រីក​កម្ម​វិ​ធី​ប​ញ្ច្រា​ប​គុណធម៌​សីលធម៌​ ជំរុញ​និង​លើកកម្ពស់​ការ​បង្កើត​សាល​ពុទ្ធិកសិក្សា​ឲ្យ​ដល់​មូលដ្ឋាន​ភូមិ​ឃុំ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​សាម​ណ​សិស្ស​ចូលរួម​សិក្សា​រៀនសូត្រ​ អនុ​ស​វច្ច​រៈមហាសន្និបាត​លើក​ទី​២៤​នេះ ​ក៍បាន​ដាក់​ចេញ​​​សង្ឃប្រកាស​ចំនួន​២​ច្បាប់​ គឺ​សង្ឃប្រកាស​របស់​គ​ណៈមហា​ក​និកាយ​និង​គ​ណៈ​ធម្មយុត្តិកនិកាយ​ដែល​បាន​ដាក់​ចេញ​ក្នុង​ទិស​ដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាទី​គោរព​សក្កា​រៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

​លោក ​ម៉ៅ ធនិន​ អភិបាល​​​ខេត្ត​​បាន​ថ្លែង​ថា ការ​រៀបចំ​ពិធី​នេះ​ឡើង​ក្រោម​បរិយាកាស​មហា​សាមគ្គី​ភាពល្អ​ដើម្បី​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ​ឲ្យ​បាន​រីក​​ចម្រើន​ ​និង​​គង់​វ​ង្យ​ជា​រៀង​រហូត ​។ ​វិស័យ​ពុទ្ធិកសិក្សា​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ដោយ​យើង​បាន​បណ្ដុះបណ្ដាល​ព្រះសង្ឃ​តាំងពី​ថ្នាក់​ធម្ម​វិន័យ ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា​ ។​ ស្រប​នឹង​ការ​រីក​ចម្រើន​​នេះ​ក៍​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ឈរ​លើ​ទស្ស​នៈព្រះពុទ្ធ​សាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ​។

​ការពិគ្រោះ​ពិភាក្សា​លើ​បញ្ហា​បច្ចុប្បន្នភាព​ដែល​មហាសន្និបាត​បាន​លើក​ឡើង​ គឺជា​ប្រការ​សម​ស្រប ​និង​ចាំបាច់​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ​ ។​ លោក​អភិបាលខេត្ត​បន្ត​ទៀត​ថា ការ​ព្រឹ​ង​គុណភាព​លើ​អភិបាលកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​ជួរ​មន្ត្រី​សង្ឃ​ ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ឲ្យ​កិច្ចការ​ព្រះពុទ្ធ​សាសនា​មាន​សណ្ដាប់ធ្នាប់​ល្អ​ធានា​បាន​នូវ​សាមគ្គីភាព​ក្នុង​ជួរ​ពុទ្ធសាសនិក​ជា​ប្រការ​សំខាន់​បំផុត​ ។​ តាម​រយៈពុទ្ធិកសិក្សា​ប្រទេស​ជាតិ​​ ​ទទួល​បាន​នូវ​អ្នកមាន​ចំណេះដឹង​ជា​ច្រើន​ជា​ពហុ​សូត្រ​ដែល​ជា​សសរ​ទ្រូង​ដ៍​រឹង​មាំ​រួមចំណែក​ថែរក្សា​ការពារ​វប្បធម៌​ប្រពៃណី​ជាតិ អរិយធម៌ តាម​គន្លង​ព្រះធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា​​ ​។

​ក្នុង​​ឱកាស​​​នេះ​ដែរ ​លោក​ ម៉ៅ ធនិន ​បាន​ធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ​ប្រគេន​ព្រះ​មេគណ​ខេត្ត​ និង​បាន​ចែក​ប័ណ្ណ​អាចារ្យ​ផង​ដែរ ​៕