តាមរយៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ខេត្តស្ទឹងត្រែង​សុំ​សាងសង់​មន្ទីរពេទ្យបង្អែក​នៅ​ស្រុក​សៀង​ប៉ាង​

ភ្នំពេញ: បន្ទាប់ពី​បាន​ដឹកនាំ​សមាជិក​សមាជិកា ចុះ​សិក្សា​ស្វែងយល់​ការងារ ពាក់ព័ន្ធ​ក្នុង​វិស័យ​ទទួលខុសត្រូវ របស់​គណៈកម្មការ​នៅ​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី រួចមក នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ លោកស្រី កែ សុវណ្ណ​រតន៍ ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​បំពេញបេសកកម្ម នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​នៅក្នុង​ខេត្តស្ទឹងត្រែង មិន​ខុសពី​ខេត្ត​មុនៗ​នោះទេ គណៈប្រតិភូ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​នេះ  បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ ស្ថាប័ន​ជំនាញ ជុំវិញ​ខេត្ត ដើម្បី​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ច្បាប់ និង​ស្ថានភាព​ទូទៅ​នៃ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ដែល​ធ្វើឡើង​នៅ​សាលាខេត្ត​ស្ទឹងត្រែង លោក យង់ សុ​វ​ឌ្ឍ​នា អភិបាលរង​ខេត្ត ក៏ដូចជា លោក​ប្រធាន​មន្ទី រ​សុខាភិបាល​ខេត្ត បានស្នើ​សុំ​គណៈកម្មការ​ជំនាញ រដ្ឋសភា​ជួយ​ជំរុញ​ដល់​រាជរដ្ឋាភិបាល សាងសង់​នូវ​មន្ទីរពេទ្យបង្អែក​មួយកន្លែង នៅក្នុង​ស្រុក សៀង​ប៉ាង និង​ស្នើសុំ​រថយន្ត​សង្គ្រោះបន្ទាន់​មួយគ្រឿង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ទៅរក​សេវា​ព្យាបាល​ជំងឺ នៅក្នុង​ទី​រួម​ខេត្ត ដែលមាន​ចម្ងាយ​ឆ្ងាយ​។​

​ក្រៅពី​បានលើកឡើង​នូវ​សំណើ​ខាងលើ ថ្នាក់ដឹកនាំ​ខេត្ត ក៏បាន​ជម្រាបជូន គណៈប្រតិភូ​នៃ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ពី​វិស័យ​សង្គមកិច្ច​ផងដែរ​។ លោក​អភិបាលរង​ខេត្ត បានលើកឡើង​ពី​ការបណ្តុះបណ្តាល​ជំនាញ​ខ្លីៗ​ដល់​ប្រជាពលរដ្ឋ ដើម្បី ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ជំនាញ​ពិតប្រាកដ សម្រាប់​ទទួលបាន​ការ​ងារ​ចិញ្ចឹមជីវិត​។​

​លោក យង់ សុ​វ​ឌ្ឍ​នា បាន​គូសបញ្ជាក់ថា នៅ​ខេត្តស្ទឹងត្រែង មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រដ្ឋ ឯកជន និង​អង្គការ​សង្គម​ស៊ីវិល កំពុង​បំពេញបេសកកម្ម​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ខ្លី​ដល់​ប្រជាពលរដ្ឋ ពិសេស​ដល់​យុវជន​។ ជំនាញ​ដែល​មជ្ឈមណ្ឌល​ទាំងនោះ បើក​បង្រៀន មានដូចជា កាត់ដេរ ជួសជុល​ម៉ូតូ ម៉ាញ៉េ ទូរ​ទស្ស​ន៏ ជំនាញ​កុំព្យូទ័រ ជំនាញ​សំណង់ អគ្គីសនី និង​កសិកម្ម មានការ​ច​ញ្ចឹ​ម​សត្វ ជាដើម​។​

​នៅ​ខេត្តស្ទឹងត្រែង​មាន​គ្រឹះ​សា្ថ​ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សាធារណៈ​ចំនួន​៤ គ្រឹះស្ថាន​ឯកជន​ចំនួន​១ និង​គ្រឹះស្ថាន​ដែល​គ្រប់គ្រង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៣​កន្លែង នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរខេត្ត​។​

​ក្រោយពី​បាន​ស្តាប់​នូវ​របាយ​ការ​ណ៏ និង​សំណូមពរ របស់​អាជ្ញាធរខេត្ត​រួចមក លោកស្រី ប្រធាន​គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ លោកស្រី កែ សុវណ្ណ​រតន៍ មានប្រសាសន៍ថា ក្រោ​ពី​បញ្ចប់​បេសកកម្ម​នេះ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា នឹង​ពាំនាំ​សំណូម របស់​អាជ្ញាធរ​នៅពេលនេះ ទៅ​ជជែក​ជាមួយ​ក្រសួង​ជំនាញ ដើម្បី​ធ្វើការ​ដោះស្រាយ​។ ក្រោយពី​បាន​ជួបពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង អាជ្ញាធរ​រួម​មក គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ផងដែរ​៕

តាមរយៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ខេត្តស្ទឹងត្រែង​សុំ​សាងសង់​មន្ទីរពេទ្យបង្អែក​នៅ​ស្រុក​សៀង​ប៉ាង​

តាមរយៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ខេត្តស្ទឹងត្រែង​សុំ​សាងសង់​មន្ទីរពេទ្យបង្អែក​នៅ​ស្រុក​សៀង​ប៉ាង​

តាមរយៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា ខេត្តស្ទឹងត្រែង​សុំ​សាងសង់​មន្ទីរពេទ្យបង្អែក​នៅ​ស្រុក​សៀង​ប៉ាង​