ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖ ​លោក​ជំទាវ មាន សំ​អាន ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា និងជា​អនុប្រធាន​គណៈកម្មាធិការ សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍ​ បាន​​ជំរុញ​​ឲ្យ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ ត្រូវ​តែ​បង្កើន​សមត្ថភាព​ចូលរួម​អភិវឌ្ឍសង្គម​ជាតិ ព្រោះ​នារី​ជា​ឆ្អឹងខ្នង​​នៃ​សេដ្ឋកិច្ច និង ជា​កម្លាំង​ច​លករដ៏​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​រួមចំណែកអភិវឌ្ឍ​សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយ​និរន្ត​ភាព ស្រប​តាម​គោលនយោបាយរបស់​រាជរដ្ឋាភិបាល​កម្ពុជា ។

​លោក​ជំទាវ មាន សំ​អាន បាន​លើក​ឡើង​បែប​នេះ ​ក្នុង​ពិធី​សន្និបាតប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ២០១៥ និងលើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ២០១៦ របស់​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍខេត្ត​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។ លោក​ជំទាវ បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ទុក​ស្ត្រី ​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ ក្នុង​នោះ​ សម្តេច​តេ​ជោ បាន​គាំទ្រ និងលើកកម្ពស់​តួនាទី​ស្ត្រីឲ្យ​កាន់តែ​មាន​តម្លៃ​ទាំង​ការងារ​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដោយ​យល់​ឃើញ​ថា ស្ត្រី​កំពុង​ត្រូវ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ជាតិ និងជា​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ។

​លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ ​ស្ត្រី​បម្រើ​ការងារ​លើ​គ្រប់​វិស័យ​ទូ​ទាំង​ខេត្ត មាន​ចំនួន៥៥៥​នាក់ ពង្រីក​សមាជិក​ថ្មី​ថ្នាក់​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ បាន​ចំនួន៧៨៣​នាក់ និងបាន​ប្រកាស​សមាសភាព សមាជិក​កិត្តិយស បាន​ចំនួន២៥៧​នាក់ និងសមាជិក​សកម្ម បាន​ចំនួន៩១៩​នាក់ ។

​លោកស្រី ឈឹ​ម ស៊ី​ណា ប្រធាន​សាខាសមាគម​នារីកម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍ​ខេត្ត បាន​លើក​ឡើង​ថា សមាគមនារី​បាន​​និ​ង​កំពុង​ត្រូវ​បាន​រៀបចំ​បង្កើន និងពង្រីក​សមាជិក​ថ្មី ក្នុង​គោលបំណង​រួមចំណែក ធ្វើ​ឲ្យ​នារី​នៅ​មូលដ្ឋានបាន​យល់​ដឹង​អំពី​សិទ្ធិ និងតួនាទី​ភារកិច្ច​នៅ​ក្នុង​សង្គម ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ចោលនូវ​ទស្សនៈ​ការ​មើល​​ស្រាល ខ្វះ​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ខិតខំ​បង្កើន​សមត្ថភាព និង​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ និងសម្រេច​​ផែនការ​ទាំងឡាយ ស្រប​ទៅ​តាម​គោលការណ៍របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕ ​