មន្ត្រី​មូលដ្ឋាន​នៅ​រតនគិរី​រង​ការ​ចោទ​ថា​មិន​សហការ​ឲ្យ​ពលរដ្ឋ​ចូលរួម​វគ្គ​អប់រំ​ពី​សិទ្ធិមនុស្ស

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ពីរ​ភូមិ​ក្នុង​ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ ថា​មិន​សហការ​ល្អ​ក្នុង​ការ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​របស់​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ដែល​រៀបចំ​ដោយ​សមាគម​នេះ។ ចំណែក​មន្ត្រី​មូលដ្ឋាន​បដិសេធ​ថា ការ​ចោទ​ប្រកាន់​នេះ​ថា មិន​ត្រឹមត្រូវ​ទេ។

ការ​ចោទ​ប្រកាន់​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក សង្កេត​​ឃើញ​ថា មន្ត្រី​មូលដ្ឋាន​ភូមិ​ដីឡូត៍ និង​ភូមិ​ថ្មី ព្យាយាម​គេចវេះ​មិន​ចូលរួម​វគ្គ​ផ្សព្វផ្សាយ​ដែល​រៀបចំ​ដោយ​សមាគម​អាដហុក បើ​ទោះ​បី​មន្ត្រី​ទាំង​នោះ​បាន​ទទួល​លិខិត​ជូន​ដំណឹង និង​អញ្ជើញ​ចូលរួម​កម្មវិធី​នេះ​រួច​ហើយ​ក្តី។ រី​ឯ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំង​ពីរ​ភាគ​តិច​អះអាង​ថា មេ​ភូមិ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​អ្នក​ភូមិ​នោះ​ឡើយ។

សមាគម​អាដហុក ខេត្ត​រតនគិរី បាន​រៀបចំ​វគ្គ​ផ្សព្វផ្សាយ​សហគមន៍​ភូមិ​ថ្មី​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ និង​ភូមិ​ដីឡូត៍ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ស្តីពី​ការ​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន។ ជា​គោលការណ៍ សមាគម​​នេះ​បាន​ធ្វើ​លិខិត​ជម្រាប​ជូន​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ រួម​ទាំង​ស្នើ​សុំ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ និង​ភូមិ ជូន​ដំណឹង និង​អញ្ជើញ​អ្នក​ភូមិ​ឲ្យ​ចូលរួម​កម្មវិធី​នេះ​ក្នុង​នាម​ជា​អាជ្ញាធរ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ផ្ទាល់។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា មេ​ភូមិ​ទាំង​ពីរ​គេចវេះ​នៅ​ពេល​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ និង​មិន​មាន​ចាត់​មន្ត្រី​ផ្សេង​មក​ជំនួស។ ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ភាគ​ច្រើន​បដិសេធ​ថា មិន​បាន​ដឹង​ពី​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ទើប​មិន​​មក​ចូលរួម។ លោក​ថា ការ​បណ្ដុះបណ្ដាល​នៅ​ភូមិ​ដីឡូត៍ ត្រូវ​អាក់ខាន​ដោយសារតែ​ការ​មិន​ទទួល​​ខុស​ត្រូវ​របស់​មន្ត្រី​មូលដ្ឋាន​នេះ។ ដោយ​ឡែក​នៅ​ភូមិ​ថ្មី សហគមន៍​បាន​ប្រមូល​គ្នា​មក​ទទួល​ការ​ផ្សព្វផ្សាយ​បន្ទាប់​ពី​មន្ត្រី​រៀបចំ​កម្មវិធី​បាន​ទៅ​ដល់​ភូមិ៖ «ខ្ញុំ​ទូរស័ព្ទ​សួរ​មេ​ភូមិ​បញ្ជាក់​ទៀត​ល្ងាច​មិញ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ សមាគម​អាដហុក បាន​បើក​វគ្គ​ដូច​គ្នា​នេះ​នៅ​ភូមិ​ស្រែ​ឈូក ក្នុង​ឃុំ​ជ័យឧត្ដម។ វគ្គ​ផ្សព្វផ្សាយ​នៅ​ភូមិ​នេះ​មាន​មេ​ភូមិ និង​សហគមន៍​ចូលរួម​ដោយសារ​មន្ត្រី​មូលដ្ឋាន​ចូលរួម​សហការ​អញ្ជើញ​អ្នក​ភូមិ​ចូល​រួម​វគ្គ​ផ្សព្វផ្សាយ​នេះ​ដូច​ការ​គ្រោង​ទុក។

​ទាក់ទិន​ករណី​នេះ មេ​ឃុំ​ជ័យឧត្ដម លោក ជឹម ផាក់ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ការ​ជូន​ដំណឹង​របស់​មន្ត្រី​អាដហុក និង​បាន​ជូនដំណឹង​បន្ត​ទៅ​មេ​ភូមិ​ឲ្យ​សហការ​ផ្ដល់​ដំណឹង​ដល់​អ្នក​ភូមិ​ឲ្យ​ចូលរួម​វគ្គ​ផ្សព្វផ្សាយ​នេះ ក៏​ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា មេ​ភូមិ​បាន​ផ្ដល់​ដំណឹង​ដល់​អ្នកភូមិ ឬ​យ៉ាង​ណា​ទេ។ លោក​ថា អាជ្ញាធរ​ឃុំ​ផ្ដល់​កិច្ច​សហការ​ត្រឹមត្រូវ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​បើក​វគ្គ​ផ្សព្វផ្សាយ និង​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​ដឹង​ពី​ច្បាប់ និង​សិទ្ធិមនុស្ស៖ «យើង​ជូន​ដំណឹង​ដល់​មេ​ភូមិ​ហើយ ស្រេច​តែ​មេ​ភូមិ​ទៅ​អា​ហ្នឹង។ មេ​ភូមិ​អ្នក​ប្រមូល​ប្រជាជន ជួនកាល​ប្រជាពលរដ្ឋ​ខែ​នេះ​គាត់​ប្រមូល​ផល​ដំឡូង​ពេញ​ចម្ការ។ ម្សិលមិញ​ខាង​រាជរដ្ឋាភិបាល​ប្រជុំ​ផង បាន​តែ​ពីរ​បី​នាក់»

​ចំណែក​មេភូមិ​ដីឡូត៍ លោក កង ខៀវ ថ្លែង​បញ្ជាក់​ដូច្នេះ​ថា លោក​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នក​ភូមិ​​ចូល​រួម​រួច​ហើយ ក៏​ប៉ុន្តែ​ទំនង​អ្នក​ភូមិ​ជាប់​រវល់​ការងារ​ទើប​ខក​ខាន​ទៅ​ចូលរួម​វគ្គ​ផ្សព្វផ្សាយ។ ដោយ​ឡែក​រូប​លោក​ផ្ទាល់ និង​អនុ​ប្រធាន​ភូមិ មាន​ភារៈ​ផ្ទាល់​ខ្លួន​ទើប​មិន​បាន​ទៅ​ចូលរួម​កម្មវិធី​នេះ៖ «ថា​អត់​សហការ​ម៉េច? សួរ​មើល​នៅ​ផ្ទះ​លោក គុល ម្សិលមិញ បង​ប្អូន​បួន​ដប់​នាក់​នៅ​កន្លែង​ហ្នឹង។ខ្ញុំ​ប្រាប់​ហូរហែ​តាម​ហ្នឹង រហូត​ថ្នាក់​លើ​ក៏​ប្រាប់​ខ្ញុំ​ដែរ»

អភិបាល​ខេត្ត​រតនគិរី លោក ថង សាវុន កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ខេត្ត​មាន​ប្រសាសន៍​គាំទ្រ​កម្មវិធី​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​អំពី​ច្បាប់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​​របស់​សមាគម​អាដហុក​ថា បាន​ជួយ​ឲ្យ​ពង្រឹង​ស្មារតី​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​បាន​ច្រើន។ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​សមាគម​នេះ បន្ត​រៀបចំ​វគ្គ​អប់រំ ប្រជាពលរដ្ឋ​បន្ថែម​ទៀត។

​ក្នុង​ឆ្នាំ​២០១៦​នេះ សមាគម​អាដហុក មាន​គម្រោង​បើក​វគ្គ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៅ​ឃុំ​ចំនួន​៤ ដែល​មាន​ភូមិ​សរុប ១២​ភូមិ និង​ធ្វើការ​បណ្ដុះបណ្ដាល​វគ្គ​ដូច​គ្នា​នេះ​ទៅ​ឲ្យ​សហគមន៍​ចំនួន​បី​ឃុំ មាន​ភូមិ​សរុប​ចំនួន​៦។ វគ្គ​ផ្សព្វផ្សាយ​នេះ​ក៏​មាន​ការ​ជ្រើសរើស​តំណាង​សហគមន៍​ចំនួន ១០​នាក់​ក្នុង​មួយ​ភូមិៗ​ដើម្បី​ចូលរួម​​វគ្គ​បណ្ដុះបណ្ដាល​ពី​ការ​តស៊ូ​មតិ ចងក្រង​សហគមន៍ សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។

យ៉ាង​ណា​ក៏ដោយ លោក ឆាយ ធី មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​របាយការណ៍​ទាក់ទិន​ករណី​នេះ​ជូន​អាជ្ញាធរ​ខេត្ត​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ល្អ​រវាង​មន្ត្រី​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ខាង​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។