ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម​តុល្យការ​មួយ​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF កាលពី​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ ថា ពួក​ជនប្រដាប់អាវុធ​បាន​បាញ់ប្រហារ​លើ​បណ្តាជន​ស៊ី​វិល​ដែល​រត់​ភៀសខ្លួន​ចូល​ក្នុង​មូលដ្ឋាន​មួយ​របស់ អ​.​ស​.​ប នៅ​ស៊ូ​ដង់​ខាងត្បូង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៨​នាក់ ។

អ​.​ស​.​ប បាន​បរិហារ​អំពើ​ហិង្សា​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​ដែល​ហែកហួ​ដោយ​សង្គ្រាមស៊ីវិល​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​នេះ ។ ការ​បាញ់​តតាំង​គ្នា​រវាង​ពួក​យុវជន​ជនជាតិភាគតិច​ដែល​ប្រឆាំង​គ្នា​ចាប់ផ្តើម​នា​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ក្នុង​ទីក្រុង MALAKAL រដ្ឋធានី​នៃ​រដ្ឋ​ប្រេង HAUT NIL ភាគ​ឦសាន​ប្រទេស ។ ការ​ប្រយុទ្ធ​គ្នា​នៅ​បន្ត​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ។

ក្នុង​សេចក្តី​ប្រកាស​មួយ MSF និយាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ជនជាតិ​ស៊ូ​ដង់​ខាងត្បូង​២​នាក់​ដែល​ធ្វើការ​ឱ្យ MSF ហើយ​មនុស្ស​៤០​នាក់​ទៀត​រង​របួស ។

អគ្គលេខាធិការ អ​.​ស​.​ប លោក​បាន គី​មូ​ន គូសបញ្ជាក់​ថា រាល់​ការ​វាយប្រហារ​សំដៅលើ​ជន​ស៊ី​វិល បណ្តា​ទីតាំង អ​.​ស​.​ប និង​កង​ទាហាន​មួក​ខៀវ អ​.​ស​.​ប អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មួយ ។

មនុស្ស​ជាង​៤៧.៥០០​នាក់​រស់នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្រុង MALAKAL ពោល​ប្រមាណ​ជា​១​ភាគ​៤​នៃ​ជនភៀសខ្លួន​ស៊ី​វិល​២០០.០០០​នាក់ ក្នុង​មូលដ្ឋាន​៦​កន្លែង​របស់ អ​.​ស​.​ប នៅ​ស៊ូ​ដង់​ខាងត្បូង ។

បេសកកម្ម អ​.​ស​.​ប នៅ​ស៊ូ​ដង់​ខាងត្បូង UNMISS បាន​ផ្តល់​តុល្យការ​ដំបូង​ថា មាន​មនុស្ស​ស្លាប់​៥​នាក់ និង​របួស​៣០​នាក់ ហើយ​អះអាង​ថា កង​ទាហាន​មួក​ខៀវ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកពួក​អ្នក​ប៉ះទង្គិច​គ្នា​ក្នុង​ជំរំ​ដែល​មាន​មនុស្ស​ច្រើន​ហួស​ចំណុះ ។ អ​.​ស​.​ប បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​ដែល​ប្រើ​កាំភ្លើង​ធុន​ស្រាល ដាវ និង​អាវុធ​ឯទៀត​ៗ​ផ្ទុះ​ឡើង​រវាង​ពួក​យុវជន​នៃ​សហគមន៍​២​គឺ​សហគមន៍ DINKA និង​សហគមន៍ SHILLUK ៕